ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 107 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ទំនុកតម្កើង 107

ភាគ​ទី​ប្រាំ (ទំនុក​តម្កើង ១០៧-១៥០) ពាក្យ​អរ​ព្រះ​គុណ ដោយ​ព្រោះ​ព្រះ​បាន​រំដោះ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ជាច្រើន

1 ឱ​ចូរ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌យេហូវ៉ា ដ្បិត​ព្រះ‌អង្គ​ល្អ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់​កល្ប​ជានិច្ច។

2 ត្រូវ​ឲ្យ​អស់​អ្នក​ដែល​ព្រះ‌យេហូវ៉ា បាន​ប្រោស​លោះ ពោល​ដូច្នេះ គឺ​អស់​អ្នក​ដែល​ព្រះ‌អង្គ​បាន​ប្រោស​លោះ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត

3 ហើយ​បាន​ប្រមូល​មក​ពី​ស្រុក​ទាំង​ប៉ុន្មាន គឺ​ពី​ទិស​ខាង​កើត ពី​ទិស​ខាង​លិច ពី​ទិស​ខាង​ជើង និង​ពី​ទិស​ខាង​ត្បូង ។

4 ៙ អ្នក​ខ្លះ​បាន​ដើរ​សាត់​អណ្តែត​នៅ​ក្នុង ទី​រហោ‌ស្ថានដ៏​ហួត​ហែង រក​ទី​ក្រុង​ណា​នឹង​ស្នាក់​អាស្រ័យ នៅ​មិន​បាន​ឡើយ។

5 ព្រលឹង​គេ​ក៏​ហេវ​ទៅ ដោយ​ស្រេក​ឃ្លាន

6 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

7 ព្រះ‌អង្គ​បាន​នាំ​គេ​តាម​ផ្លូវ​ត្រង់ រហូត​ទាល់​តែ​គេ​ចូល​ដល់​ទី​ក្រុង ដែល​អាស្រ័យ​នៅ​បាន។

8 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ របស់​ព្រះ‌អង្គ​ដល់​មនុស្ស​ជាតិ។

9 ដ្បិត​ព្រះ‌អង្គ​ប្រោស​ព្រលឹង ដែល​ស្រេក​ឲ្យ​បាន​ស្កប់ ហើយ​ព្រះ‌អង្គ​ចម្អែត​ព្រលឹង​ដែល​ឃ្លាន ដោយ​សេចក្ដី​ល្អ។

10 ៙ អ្នក​ខ្លះ​អង្គុយ​នៅ​ក្នុង​ទី​ងងឹត និង​នៅ​ក្នុង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ជា​អ្នក​ទោស​ដែល​ជាប់​ក្នុង​សេចក្ដី​វេទនា និង​ជាប់​ច្រវាក់

11 ដ្បិត​គេ​បាន​បះ‌បោរ​ប្រឆាំង នឹង​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​បាន​មើល‌ងាយ​ដំ‌បូន្មាន របស់ព្រះ​ដ៏​ខ្ពស់​បំផុត។

12 ហេតុ​នេះ ព្រះ‌អង្គ​ក៏​បន្ទាប​ចិត្ត​គេ ដោយ​ការ​នឿយ‌ហត់ គេ​ដួល​ចុះ ហើយ​គ្មាន​អ្នក​ណា​ជួយ​បាន​ឡើយ។

13 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

14 ព្រះ‌អង្គ​បាន​នាំ​គេ​ចេញ​ពី​ទី​ងងឹត និង​ម្លប់​នៃ​សេចក្ដី​ស្លាប់ ព្រម​ទាំង​ផ្ដាច់​ចំណង​របស់​គេ​ចេញ។

15 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។

16 ដ្បិត​ព្រះ‌អង្គ​បាន​ទម្លាយ​ទ្វារ​លង្ហិន ហើយ​បំបាក់​រនុក​ដែក។

17 ៙ អ្នក​ខ្លះ​ល្ងីល្ងើ ព្រោះ​តែ​អំពើ​បាប ដែល​គេ​បាន​ប្រព្រឹត្ត ហើយ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​គេ បណ្ដាល​ឲ្យ​គេ​រង​ទុក្ខ​វេទនា។

18 គេ​ស្អប់​ខ្ពើម​អាហារ​គ្រប់​មុខ ហើយ​គេ​ចូល​ទៅ​ជិត​ទ្វារ​នៃ​សេចក្ដី​ស្លាប់។

19 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

20 ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បន្ទូល​ទៅ​ប្រោស​គេ​ឲ្យ​ជា ក៏​រំដោះ​ឲ្យ​គេ​រួច​ពី​សេចក្ដី​វិនាស។

21 ត្រូវ​ឲ្យគេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។

22 ត្រូវ​ឲ្យ​គេ​ថ្វាយ​យញ្ញបូជា​នៃ​ការ​អរ​ព្រះ‌គុណ ហើយ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ ដោយ​បទ​ចម្រៀង​យ៉ាង​អរ​សប្បាយ។

23 ៙ អ្នកខ្លះ​ចុះ​នាវា​ដើរ​ផ្លូវ​សមុទ្រ ប្រកប​មុខ​របរ​តាម​មហាសាគរ

24 ពួក‌គេ​ឃើញ​កិច្ច​ការ​របស់​ព្រះ‌យេហូវ៉ា គឺ​ការដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ​នៅ​ក្នុង​ទី​ជម្រៅ។

25 ដ្បិត​ព្រះ‌អង្គ​បាន​បញ្ជា នោះ​ក៏​កើត​មាន​ខ្យល់​ព្យុះ ដែល​បណ្ដាល​ឲ្យ​រលក​សមុទ្រ​កម្រើក​ឡើង។

26 រលក​ទាំង​នោះ​ផាត់​ឡើង​ដល់​ផ្ទៃ​មេឃ ក៏​ធ្លាក់​ចុះ​ទៅ​វិញ​ដល់​ទី​ជម្រៅ សេចក្ដី​ក្លាហាន​របស់​គេ​ក៏​រលាយ នៅ​ក្នុង​ស្ថាន​ភាព​អាក្រក់

27 គេ​ឃ្លេង‌ឃ្លោង​ចុះ​ឡើង ដើរ​ទទ្រេត‌ទទ្រោត ដូច​មនុស្ស​ស្រវឹង ហើយ​គេ​ក៏​ទាល់​ប្រាជ្ញា។

28 គ្រា​នោះ គេ​ស្រែក​រក​ព្រះ‌យេហូវ៉ា ដោយ​សេចក្ដី​វេទនា​របស់​គេ ហើយ​ព្រះ‌អង្គ​ក៏​រំដោះ​គេ​ឲ្យ​រួច​ពី​ទុក្ខ​លំបាក។

29 ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្យុះ​សង្ឃរា​នៅ​ស្ងៀម ហើយ​ធ្វើ​ឲ្យ​រលក​សមុទ្រ​ស្ងប់។

30 ពេល​នោះ គេ​មាន​ចិត្ត​រីក​រាយ ដោយ​ព្រោះ​រលក​ស្ងប់ ហើយ​ព្រះ‌អង្គ​ក៏​នាំ​គេ​ទៅ​ដល់​ជម្រក ដែល​គេ​ប្រាថ្នា​ចង់​ទៅ។

31 ត្រូវ​ឲ្យ​គេ​អរ​ព្រះ​គុណ​ដល់​ព្រះ‌យេហូវ៉ា ដោយ​ព្រោះ​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ និង​ដោយ​ព្រោះ​ការ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ជាតិ។

32 ត្រូវ​ឲ្យ​គេ​លើក​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​ក្រុម​ជំនុំ​នៃ​ប្រជាជន ហើយ​សរសើរ​តម្កើង​ព្រះ‌អង្គ នៅ​ក្នុង​អង្គ​ប្រជុំ​របស់​ពួក​ចាស់​ទុំ។

33 ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ត្រឡប់​ទៅ​ជា​ទី​រហោស្ថាន ឲ្យ​ក្បាល​ទឹក​ប្រែ​ទៅ​ជា​ដី​ខ្សោះ

34 ឲ្យស្រុក​ដែល​មាន​ផល​ផ្លែ​ទៅ​ជា​ដី​ប្រៃ ព្រោះ​តែ​អំពើ​អាក្រក់​របស់​អ្នក​ស្រុក​នោះ។

35 ព្រះ‌អង្គធ្វើ​ឲ្យ​ទី​រហោស្ថាន​ទៅ​ជា​អាង​ទឹក ហើយ​ដី​ស្ងួត​ហួត​ហែង​ទៅ​ជាប្រភព​ទឹក។

36 ព្រះ‌អង្គឲ្យ​មនុស្ស​អត់​ឃ្លាន​ទៅ​រស់​នៅ​ទី​នោះ ហើយ​គេ​សង់​ទី​ក្រុង​សម្រាប់​អាស្រ័យ​នៅ។

37 គេ​ធ្វើ​ស្រែ និង​ធ្វើ​ចម្ការ​ទំពាំង‌បាយ‌ជូរ ហើយ​មាន​ផល​ផ្លែ​ចម្រើន​ឡើង។

38 ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គេ​ចម្រើន​ឡើង​ជា​ច្រើន ហើយ​ព្រះ‌អង្គ​មិន​ឲ្យ​ហ្វូង​សត្វ របស់​គេ​ថយ​ចុះ​ឡើយ។

39 ពេល​ណា​គេ​ត្រូវ​ថយ​ចុះ​វិញ ហើយ​ត្រូវ​អាប់‌ឱន ដោយ​មាន​គេ​សង្កត់‌សង្កិន ធ្វើ​ទុក្ខ​បុក‌ម្នេញ ហើយ​ឲ្យ​មាន​ទុក្ខ​ព្រួយ

40 ព្រះ‌អង្គ​ចាក់​សេចក្ដី​មើល‌ងាយ​ទៅ​លើ​ពួក​អ្នក​ធំ ហើយ​ធ្វើ​ឲ្យ​គេ​ដើរ​សាត់‌ព្រាត់ នៅ​ក្នុង​ទី​ស្ងាត់​ឈឹង ដែល​ឥត​មាន​ផ្លូវ

41 ព្រះ‌អង្គ​លើក​មនុស្ស​កម្សត់​ទុគ៌ត​ឡើង ឲ្យ​រួច​ពី​សេចក្ដី​វេទនា ហើយ​ធ្វើ​ឲ្យ​គ្រួសារ​របស់​គេ មាន​គ្នាច្រើន​ដូច​ហ្វូង​សត្វ។

42 មនុស្ស​ទៀង​ត្រង់​ឃើញ​ដូច្នេះ គេ​មាន​ចិត្ត​ត្រេក​អរ ហើយ​គ្រប់​ទាំង​មនុស្ស​ទុច្ចរិត​នឹង​ត្រូវ​បិទ​មាត់។

43 អ្នក​ណា​ដែល​មាន​ប្រាជ្ញា ត្រូវ​ឲ្យ​អ្នក​នោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ សេចក្ដី​ទាំង​នេះ ត្រូវ​ឲ្យ​គេ​ពិចារណា​ពី​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់ ព្រះ‌យេហូវ៉ា។

© 2016 United Bible Societies

Bible Society in Cambodia