ពាក្យអរព្រះគុណចំពោះព្រះហឫទ័យសប្បុរសរបស់ព្រះទំនុករបស់ស្ដេចដាវីឌ។ 1 ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលនៅក្នុងខ្ញុំ ចូរសរសើរតម្កើងព្រះនាម ដ៏បរិសុទ្ធរបស់ព្រះអង្គ! 2 ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ហើយកុំឲ្យភ្លេចអស់ទាំងព្រះគុណរបស់ព្រះអង្គ 3 ដែលព្រះអង្គអត់ទោស គ្រប់ទាំងអំពើទុច្ចរិតរបស់ឯង ក៏ប្រោសជំងឺទាំងប៉ុន្មានរបស់ឯងឲ្យបានជា 4 ព្រះអង្គជួយជីវិតឯងឲ្យរួចពីរណ្តៅ ហើយយកព្រះហឫទ័យសប្បុរស និងព្រះហឫទ័យមេត្តាករុណា បំពាក់ជាមកុដដល់ឯង 5 ព្រះអង្គប្រោសប្រទានឲ្យជីវិតឯង បានស្កប់ស្កល់ដោយរបស់ល្អ ដើម្បីឲ្យវ័យក្មេងរបស់ឯងបានកែឡើងជាថ្មី ដូចសត្វឥន្ទ្រី។ 6 ៙ ព្រះយេហូវ៉ាសម្រេចកិច្ចការដ៏សុចរិត និងយុត្តិធម៌ សម្រាប់អស់អ្នកដែលត្រូវគេសង្កត់សង្កិន។ 7 ព្រះអង្គបានបង្ហាញឲ្យលោកម៉ូសេ ស្គាល់ផ្លូវរបស់ព្រះអង្គ ហើយឲ្យប្រជាជនអ៊ីស្រាអែលស្គាល់កិច្ចការ របស់ព្រះអង្គ។ 8 ព្រះយេហូវ៉ាប្រកបដោយ ព្រះហឫទ័យមេត្តាករុណា និងប្រណីសន្ដោស ទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះហឫទ័យសប្បុរសដ៏បរិបូរ។ 9 ព្រះអង្គនឹងមិនបន្ទោសជានិច្ច ក៏មិនប្រកាន់រហូតដែរ។ 10 ព្រះអង្គមិនប្រព្រឹត្តនឹងយើង តាមតែអំពើបាបរបស់យើងនោះឡើយ ក៏មិនសងតាមតែអំពើទុច្ចរិតរបស់យើងដែរ។ 11 ដ្បិតផ្ទៃមេឃខ្ពស់ជាងផែនដីយ៉ាងណា ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ចំពោះអស់អ្នក ដែលកោតខ្លាចព្រះអង្គ ក៏ខ្ពស់យ៉ាងនោះដែរ។ 12 ទិសខាងកើតនៅឆ្ងាយពីទិសខាងលិចយ៉ាងណា ព្រះអង្គក៏ដកអំពើរំលងរបស់យើង ឲ្យចេញឆ្ងាយពីយើងយ៉ាងនោះដែរ។ 13 ឪពុកមានចិត្តអាសូរដល់កូនរបស់ខ្លួនយ៉ាងណា ព្រះយេហូវ៉ាក៏អាណិតអាសូរដល់អស់អ្នក ដែលកោតខ្លាចព្រះអង្គយ៉ាងនោះដែរ។ 14 ដ្បិតព្រះអង្គស្គាល់រាងកាយរបស់យើង ក៏នឹកចាំថា យើងគ្រាន់តែជាធូលីដីប៉ុណ្ណោះ។ 15 ៙ រីឯមនុស្សវិញ ថ្ងៃអាយុរបស់គេប្រៀបដូចជាស្មៅ គេរីកឡើងដូចជាផ្កានៅទីវាល 16 ដ្បិតកាលណាខ្យល់បក់មកប៉ះ នោះក៏សូន្យបាត់ទៅ ហើយកន្លែងរបស់វា លែងស្គាល់វាទៀតឡើយ។ 17 តែព្រះហឫទ័យសប្បុរសរបស់ព្រះយេហូវ៉ា ស្ថិតស្ថេរនៅតាំងពីអស់កល្ប រហូតដល់អស់កល្ប ចំពោះអស់អ្នកដែលកោតខ្លាចព្រះអង្គ ហើយសេចក្ដីសុចរិតរបស់ព្រះអង្គ ក៏នៅរហូតដល់កូនចៅរបស់គេ 18 គឺដល់អស់អ្នកដែលកាន់តាមសេចក្ដីសញ្ញា របស់ព្រះអង្គ ហើយនឹកចាំពីបទបញ្ជារបស់ព្រះអង្គ ដើម្បីប្រតិបត្តិតាម។ 19 ៙ ព្រះយេហូវ៉ាបានតាំងបល្ល័ង្ក របស់ព្រះអង្គនៅស្ថានសួគ៌ ហើយរាជ្យព្រះអង្គក៏គ្រប់គ្រងលើអ្វីៗទាំងអស់។ 20 ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱពួកទេវតារបស់ព្រះអង្គអើយ អស់លោកជាអ្នកខ្លាំងពូកែ ដែលប្រតិបត្តិតាមព្រះបន្ទូលរបស់ព្រះអង្គ ក៏ស្តាប់តាមព្រះសូរសៀង នៃព្រះបន្ទូលរបស់ព្រះអង្គជានិច្ច! 21 អស់ទាំងពួកពលបរិវាររបស់ព្រះអង្គ ពួកអ្នកបម្រើរបស់ព្រះអង្គ អ្នកដែលធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! 22 អស់ទាំងស្នាព្រះហស្តរបស់ព្រះអង្គ នៅគ្រប់ទីកន្លែងដែលព្រះអង្គគ្រប់គ្រងអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា ឱព្រលឹងខ្ញុំអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! |
© 2016 United Bible Societies
Bible Society in Cambodia