ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ណាហ៊ុម 1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦
ណាហ៊ុម 1

1 នេះ​ជា​សេចក្ដី​ទំនាយ​យ៉ាង​ធ្ងន់​ចំពោះ​ក្រុង​នីនីវេ គឺ​ជា​សៀវភៅ​សម្ដែង​ពី​និមិត្ត​របស់​ហោរា​ណាហ៊ុម ជា​អ្នក​ស្រុក​អែលកូស។

ការ​ទទួល​សេចក្ដី​ក្រោធ​របស់​ព្រះ

2 ព្រះ‌យេហូវ៉ា​ជា​ព្រះ​ប្រចណ្ឌ ព្រះ‌អង្គ​ក៏​សង‌សឹក ព្រះ‌យេហូវ៉ា​សង‌សឹក ហើយ​ក៏​មាន​ពេញ​ដោយ​សេចក្ដី​ក្រោធ ព្រះ‌យេហូវ៉ា​សង‌សឹក ដល់​ពួក​អ្នក​តតាំង​នឹង​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​រក្សា​សេចក្ដី​ក្រោធ សម្រាប់​ពួក​ខ្មាំង​សត្រូវ។

3 ព្រះ‌យេហូវ៉ា​យឺត​នឹង​ខ្ញាល់ ហើយ​មាន​ព្រះ‌ចេស្តា​យ៉ាង​ខ្លាំង ព្រះ‌អង្គ​មិន​លើក‌លែង​ទោស​ដល់​មនុស្ស​ឡើយ។ ផ្លូវ​របស់​ព្រះ‌យេហូវ៉ា នៅ​ក្នុង​ខ្យល់​កួច ហើយ​ក្នុង​ព្យុះ​សង្ឃរា ពពក​ទាំង‌ឡាយ​ជា​ធូលី​ហុយ​ពី​ព្រះ‌បាទ​របស់​ព្រះ‌អង្គ។

4 ព្រះ‌អង្គ​ស្ដី​បន្ទោស​សមុទ្រ ក៏​ធ្វើ​ឲ្យ​គោក​ទៅ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទន្លេ​ទាំង​ប៉ុន្មាន​រីង​ស្ងួត​ដែរ ចំណែក​ស្រុក​បាសាន ក៏​ហួត​ហែង ព្រម​ទាំង​ស្រុក​កើមែល​ដែរ ឯ​ផ្កា​ព្រៃ​ល្បាណូន​ក៏​ស្រពោន។

5 ភ្នំ​ធំៗ​ទាំង‌ឡាយ​កក្រើក​នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ភ្នំ​តូច​ទាំង​ប៉ុន្មាន​ក៏​រលាយ ផែន​ដី ពិភព​‌លោក​ទាំង​មូល និង​អ្វីៗ​ទាំង​អស់​នៅ​ក្នុង​លោក​នេះ រំពើក​ចុះ​ឡើង​នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ។

6 តើ​មាន​អ្នក​ណា​អាច​នឹង​ឈរ​នៅ​មុខ សេចក្ដី​គ្នាន់‌ក្នាញ់​របស់​ព្រះ‌អង្គ​បាន? តើ​អ្នក​ណា​នឹង​ធន់​នៅ​បានក្នុង​ពេល​ដែល សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ឆួល​ឡើង? ឯ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ​ក៏​ចាក់​ចេញ​ដូច​ជា​ភ្លើង ហើយ​ថ្ម​ទាំង​ប៉ុន្មាន​ក៏​ត្រូវ​បែក​ខ្ចាយ ដោយ‌សារ​ព្រះ‌អង្គ។

7 ព្រះ‌យេហូវ៉ា​ល្អ ព្រះ‌អង្គ​ជា​ទី​ពឹង​មាំ‌មួន​នៅ​គ្រា​លំបាក ក៏​ស្គាល់​អស់​អ្នក​ដែល​យក​ព្រះ‌អង្គ​ជា​ទី​ពឹង។

8 ប៉ុន្តែ ព្រះ‌អង្គ​នឹង​បំផ្លាញ​ពួក​បច្ចា​មិត្ត ឲ្យ​វិនាស​សាប​សូន្យ ដោយ​ទឹក​ជំនន់​ជន់​លិច ហើយ​នឹង​ដេញ​ពួក​ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​ទី​ងងឹត។

9 តើ​អ្នក​រាល់​គ្នា​គិត​បង្កើត​គម្រោង​ការ​អ្វី ទាស់​នឹង​ព្រះ‌យេហូវ៉ា? ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​គេ​វិនាស​អស់​រលីង មិន​ឲ្យ​គេ​ធ្វើ​ទុក្ខ​ជា​លើក​ទី​ពីរ​ទេ។

10 ដ្បិត​គេ​នឹង​ត្រូវ​ឆេះ​អស់​រលីង​ដូច​ជា​ជញ្ជ្រាំង​ស្ងួត ក៏​ស្រវឹង​ដូច​ជា​បាន​ផឹក​ស្រា​ហើយ គេ​ស្រេះ​ប្រទាក់​គ្នា​ដូច​ជា​បន្លា។

11 មាន​ម្នាក់​ចេញ​ពី​ឯង​មក ដែល​គិត‌គូរ​ការ​អាក្រក់​ទាស់​នឹង​ព្រះ‌យេហូវ៉ា គឺ​ជា​អ្នក​ដែល​ប្រឹក្សា​សុទ្ធ​តែ​អំពើ​អាក្រក់។

ដំណឹង​ល្អសម្រាប់​ពួក​យូដា

12 ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «ទោះ​បើ​គេ​មាន​កម្លាំង ហើយ​មាន​គ្នា​ច្រើន​ក៏​ដោយ គង់​តែ​គេ​នឹង​ត្រូវ​កាត់​បន្ថយ ហើយ​កន្លង​បាត់​ទៅ យើង​បាន​ធ្វើ​ទុក្ខ​ឯង​ម្តង​ហើយ ដើម្បី​មិន​ឲ្យ​ត្រូវ​ធ្វើ​ទៀត​ឡើយ។

13 ឥឡូវ​នេះ យើង​នឹង​បំបាក់​នឹម​របស់​គេ​ចេញ​ពី​ឯង ហើយ​បណ្ដាច់​ចំណង​ឯង​ផង»។

14 ព្រះ‌យេហូវ៉ា​បាន​បង្គាប់​ឯង​ថា៖ «ឯង​នឹង​មិន​មាន​ពូជ​បន្ត​ឈ្មោះ​ទៀត​ឡើយ យើង​នឹង​កាត់​អស់​ទាំង​រូប​ឆ្លាក់ និង​រូប​សិត ចេញ​ពី​វិហារ​របស់​ព្រះ​ទាំង​ប៉ុន្មាន​ចេញ យើង​នឹង​រៀបចំ​ផ្នូរ​ឯង ដ្បិត​ឯង​គម្រក់​ណាស់»។

15 មើល៍! នៅ​លើ​ភ្នំ​ទាំង‌ឡាយ ឃើញ​ជើង​របស់​អ្នក​ដែល​នាំ​ដំណឹង​ល្អ​មក គឺ​ជា​អ្នក​ដែល​ប្រកាស​ប្រាប់​ពី​សេចក្ដី​សុខ ឱ​យូដា​អើយ ចូរ​រក្សា​ថ្ងៃ​បុណ្យ​ទាំង​ប៉ុន្មាន​របស់​ឯង ចូរ​លា​បំណន់​ឯង​ចុះ ដ្បិត​មនុស្ស​អាក្រក់​នឹង​មិន​ដែល ដើរ​កាត់​ឯង​ទៀត​ឡើយ គេ​ត្រូវ​កាត់​ចេញ​អស់​រលីង»។

© 2016 United Bible Societies

Bible Society in Cambodia