ណាពីទតគ្រងរាជ្យលើអ៊ីស្រអែលទាំងមូល1 កុលសម្ព័ន្ធទាំងអស់នៃជនជាតិអ៊ីស្រអែល នាំគ្នាមកជួបស្តេចទត នៅក្រុងហេប្រូន ហើយប្រាប់ថា៖ «ខ្ញុំទាំងអស់គ្នា ក៏ជាសាច់សាលោហិតរបស់ស្តេចដែរ។ 2 កាលពីមុន នៅគ្រាដែលស្តេចសូលគ្រងរាជ្យលើពួកខ្ញុំ ស្តេចធ្លាប់ដឹកនាំកងទ័ពអ៊ីស្រអែលចេញទៅធ្វើសឹក ហើយអុលឡោះតាអាឡាមានបន្ទូលមកកាន់ស្តេចថា “អ្នកនឹងគ្រប់គ្រងលើជនជាតិអ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង អ្នកនឹងដឹកនាំពួកគេ”»។ 3 ដូច្នេះ អះលីជំអះទាំងអស់របស់ជនជាតិអ៊ីស្រអែល ចូលមកជួបស្តេចនៅក្រុងហេប្រូន។ ស្តេចទតបានចងសម្ពន្ធមេត្រីជាមួយអះលីជំអះទាំងនោះ ចំពោះអុលឡោះតាអាឡានៅក្រុងហេប្រូន រួចហើយពួកគេតែងតាំងទត ជាស្តេចរបស់ជនជាតិអ៊ីស្រអែល។ 4 នៅពេលឡើងគ្រងរាជ្យ ស្តេចទតមានអាយុសាមសិបឆ្នាំ ហើយសោយរាជ្យបានសែសិបឆ្នាំ។ 5 នៅក្រុងហេប្រូន គាត់សោយរាជ្យលើស្រុកយូដាបានប្រាំពីរឆ្នាំកន្លះ បន្ទាប់មក នៅក្រុងយេរូសាឡឹម គាត់សោយរាជ្យបានសាមសិបបីឆ្នាំ លើស្រុកយូដា និងស្រុកអ៊ីស្រអែលទាំងមូល។ ណាពីទតលើករាជធានីមកនៅក្រុងយេរូសាឡឹម6 ស្តេចទត ព្រមទាំងកងទ័ពនាំគ្នាចេញទៅវាយយកក្រុងយេរូសាឡឹម។ ជនជាតិយេប៊ូសដែលរស់នៅតំបន់នោះ និយាយប្រមាថស្តេចទតថា៖ «អ្នកឯងចូលក្នុងទីក្រុងរបស់យើងមិនបានទេ ទោះបីមនុស្សខ្វាក់ ឬមនុស្សខ្វិន ក៏អាចរុញច្រានអ្នកឲ្យថយក្រោយវិញបានដែរ»។ គេពោលដូច្នេះ មកពីគេគិតថា ទតមិនអាចដណ្តើមយកទីក្រុងបានឡើយ។ 7 ស្តេចទតវាយយកបានបន្ទាយនៅភ្នំស៊ីយ៉ូន ដែលក្រោយមកហៅថា “បុរីស្តេចទត”។ 8 នៅថ្ងៃនោះ ស្តេចទតបានបញ្ជាថា៖ «ប្រសិនបើអ្នកណាម្នាក់ចង់វាយពួកយេប៊ូស ត្រូវឡើងតាមប្រឡាយទឹក នោះនឹងទៅដល់ពួកខ្វិន និងពួកខ្វាក់ ដែលទតស្អប់នោះមិនខាន!»។ ហេតុនេះហើយបានជាមានពាក្យថា៖ «អ្នកខ្វាក់ អ្នកខ្វិន គ្មានសិទ្ធិចូលក្នុងដំណាក់ទេ!»។ 9 ស្តេចទតនៅក្នុងបន្ទាយ ដែលគាត់ហៅថា «បុរីស្តេចទត»។ បន្ទាប់មក គាត់ពង្រីកទីក្រុងចាប់តាំងពីមីឡូ រហូតដល់ដំណាក់របស់គាត់។ 10 ស្តេចទតមានអំណាចកាន់តែខ្លាំងឡើងៗ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃពិភពទាំងមូល នៅជាមួយ។ 11 ស្តេចហ៊ីរ៉ាម ជាស្តេចនៅក្រុងទីរ៉ុស ចាត់អ្នកនាំសារឲ្យចូលមកជួបស្តេចទត ដោយនាំឈើតាត្រៅ ជាងសំណង់ ជាងដាប់ថ្មមកជាមួយផង ដើម្បីសង់ដំណាក់មួយឲ្យស្តេចទត។ 12 ស្តេចទតឈ្វេងយល់ថា អុលឡោះតាអាឡាតែងតាំងគាត់ឲ្យគ្រងរាជ្យលើស្រុកអ៊ីស្រអែល ហើយទ្រង់ក៏ប្រោសប្រទានឲ្យរាជសម្បត្តិរបស់គាត់បានចំរុងចំរើនឡើង ព្រោះតែអ៊ីស្រអែល ជាប្រជារាស្ត្ររបស់ទ្រង់ដែរ។ កូនរបស់ណាពីទត ប្រសូតនៅក្រុងយេរូសាឡឹម13 ក្រោយបានចាកចេញពីក្រុងហេប្រូន មកនៅក្រុងយេរូសាឡឹម ស្តេចទតមានស្នំឯក និងប្រពន្ធផ្សេងៗទៀត ដែលប្រសូតបានបុត្រាបុត្រីជាច្រើនជូនគាត់។ 14 នេះជាបញ្ជីរាយនាមកូនរបស់ស្តេចទត ដែលប្រសូតនៅក្រុងយេរូសាឡឹម គឺសាំមួរ សូបាប់ ណាថាន ស៊ូឡៃម៉ាន 15 យីបហារ អេលីសួ នេផេក យ៉ាភា 16 អេលីសាម៉ា អេលាដា និងអេលីផាលេត។ ជ័យជំនះរបស់ណាពីទតលើជនជាតិភីលីស្ទីន17 កាលជនជាតិភីលីស្ទីនឮថា ជនជាតិអ៊ីស្រអែលបានតែងតាំងស្តេចទតជាស្តេច នោះពួកគេលើកទ័ពទាំងអស់មកតាមចាប់ស្តេចទត។ ស្តេចទតជ្រាបដំណឹងនេះ គាត់ទៅជ្រកក្នុងជំរកមួយ។ 18 ជនជាតិភីលីស្ទីនមកដល់ ហើយបោះទ័ពក្នុងជ្រលងភ្នំរេផែម។ 19 ស្តេចទតសួរអុលឡោះតាអាឡាថា៖ «តើខ្ញុំត្រូវចេញទៅច្បាំងនឹងជនជាតិភីលីស្ទីនឬទេ? តើទ្រង់ប្រគល់ពួកគេ មកក្នុងកណ្តាប់ដៃរបស់ខ្ញុំដែរឬ?»។ អុលឡោះតាអាឡាមានបន្ទូលថា៖ «ទៅចុះ យើងនឹងប្រគល់ពួកគេមកក្នុងកណ្តាប់ដៃរបស់អ្នកជាមិនខាន!»។ 20 ស្តេចទតក៏ទៅដល់បាល-ពេរ៉ាស៊ីម ហើយវាយឈ្នះពួកភីលីស្ទីននៅទីនោះ។ បន្ទាប់មក គាត់និយាយថា៖ «អុលឡោះតាអាឡាបានធ្វើឲ្យខ្មាំងសត្រូវបាក់ទ័ពនៅចំពោះមុខខ្ញុំ ដូចទឹកបាក់ទំនប់»។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា បាល-ពេរ៉ាស៊ីម។ 21 ពេលបាក់ទ័ពរត់ទៅ កងទ័ពភីលីស្ទីនបានបោះបង់ចោលរូបព្រះរបស់គេ នៅនឹងកន្លែង។ ស្តេចទត និងពលទាហានបានប្រមូលយករូបព្រះទាំងនោះ។ 22 ជនជាតិភីលីស្ទីននាំគ្នាមកបោះទ័ព នៅក្នុងជ្រលងភ្នំរេផែមសាជាថ្មី។ 23 ស្តេចទតទូរអាសួរអុលឡោះតាអាឡា ហើយទ្រង់មានបន្ទូលមកគាត់វិញថា៖ «កុំវាយគេចំពីមុខឡើយ! ចូរដើរវាងទៅពីក្រោយ ហើយវាយពួកគេពីម្តុំដើមមននោះមកវិញ។ 24 កាលណាអ្នកឮសន្ធឹកជើងនៅលើចុងមន ចូរប្រញាប់ប្រញាល់ចេញទៅដ្បិត គឺពេលនោះហើយ ដែលយើងជាអុលឡោះតាអាឡានាំមុខអ្នកវាយលុកទីតាំងទ័ពភីលីស្ទីន»។ 25 ស្តេចទតធ្វើតាមបញ្ជារបស់អុលឡោះតាអាឡា គាត់វាយឈ្នះពួកភីលីស្ទីន ហើយដេញតាមពួកគេចាប់តាំងពីក្រុងកេបា រហូតដល់ក្រុងកេស៊ើរ។ |
© 2014 United Bible Societies, UK.
United Bible Societies