២ សាំយូអែល 4 - អាល់គីតាបស្តេចអ៊ីសបូសែតត្រូវគេសម្លាប់ 1 ពេលស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូលជ្រាបថា លោកអប៊ីនើរស្លាប់នៅក្រុងហេប្រូនគាត់ក៏ធ្លាក់ទឹកចិត្ត ហើយប្រជាជនអ៊ីស្រអែលទាំងមូលរន្ធត់ចិត្តយ៉ាងខ្លាំង។ 2 ស្តេចអ៊ីសបូសែតមានមេទ័ពពីរនាក់ ម្នាក់ឈ្មោះបាណា ម្នាក់ទៀតឈ្មោះរេកាប។ អ្នកទាំងពីរជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត ក្នុងកុលសម្ព័ន្ធពុនយ៉ាមីន។ គេចាត់ទុកភូមិបៀរ៉ុតនេះ ជាទឹកដីរបស់កុលសម្ព័ន្ធពុនយ៉ាមីន 3 ដ្បិតប្រជាជនដែលរស់នៅទីនោះពីមុន បានភៀសខ្លួនទៅគីថែម ហើយរស់នៅទីនោះរហូតដល់សព្វថ្ងៃ។ 4 សម្តេចយ៉ូណាថាន ជាបុត្ររបស់ស្តេចសូល មានកូនប្រុសម្នាក់ ខ្វិនជើងទាំងពីរ ឈ្មោះមេភីបូសែត។ កាលអាយុបានប្រាំឆ្នាំ នៅពេលអ្នកស្រុកយេសរាលឮដំណឹងថា ស្តេចសូល និងសម្តេចយ៉ូណាថានស្លាប់ មេដោះបានពរកុមារនោះរត់ទៅ ប៉ុន្តែ ដោយប្រញាប់ពេក នាងធ្វើឲ្យកុមារនោះធ្លាក់ ហើយទៅជាខ្វិន។ 5 លោករេកាប និងលោកបាណា ដែលជាកូនរបស់លោករីម៉ូន ជាអ្នកភូមិបៀរ៉ុត បានចូលទៅក្នុងដំណាក់របស់ស្តេចអ៊ីសបូសែតនៅពេលថ្ងៃត្រង់ ពេលនោះស្តេចកំពុងតែដេក។ 6 ពួកគេនាំគ្នាចូលទៅក្នុងដំណាក់ស្តេច ធ្វើហាក់ដូចជាទៅយកស្រូវ ហើយចាក់មួយកាំបិតត្រង់ពោះស្តេច។ បន្ទាប់មក លោករេកាប និងលោកបាណា ជាប្អូនក៏នាំគ្នារត់ចេញទៅ។ 7 មុនដំបូង ពួកគេចូលទៅក្នុងដំណាក់ នៅពេលដែលស្តេចអ៊ីសបូសែតកំពុងដេកលើគ្រែក្នុងបន្ទប់ដេក។ ពួកគេសម្លាប់ស្តេច ហើយកាត់យកក្បាល រួចនាំគ្នាចេញទៅ។ ពួកគេដើរអស់មួយយប់ កាត់តាមតំបន់អារ៉ាបា។ 8 ពួកគេយកក្បាលរបស់ស្តេចអ៊ីសបូសែត ទៅជូនស្តេចទត នៅក្រុងហេប្រូន ហើយជម្រាបថា៖ «នេះជាក្បាលរបស់ស្តេចអ៊ីសបូសែត ជាបុត្ររបស់ស្តេចសូល ដែលជាខ្មាំងសត្រូវរបស់ស្តេច។ ស្តេចសូលតែងតែប៉ុនប៉ងសម្លាប់ស្តេច ថ្ងៃនេះ អុលឡោះតាអាឡាបានសងសឹកស្តេចសូល និងរាជវង្ស ជូនស្តេចហើយ!»។ 9 ស្តេចទតមានប្រសាសន៍ទៅកាន់លោករេកាប និងលោកបាណា ជាកូនរបស់លោករីម៉ូន អ្នកភូមិបៀរ៉ុតថា៖ «ខ្ញុំសុំប្រាប់អ្នកទាំងពីរ ក្នុងនាមអុលឡោះតាអាឡាដែលនៅអស់កល្ប ហើយជាម្ចាស់ដែលបានរំដោះខ្ញុំ នៅគ្រប់គ្រាមានអាសន្នថា 10 ពេលបុរសម្នាក់មកប្រាប់ខ្ញុំអំពីស្តេចសូលស្លាប់នោះ គេនឹកស្មានថា ខ្លួននាំដំណឹងល្អមកប្រាប់ខ្ញុំ។ ប៉ុន្តែ ខ្ញុំបានចេញបញ្ជាឲ្យចាប់អ្នកនោះ សម្លាប់នៅក្រុងស៊ីគឡាក់ ដើម្បីតបស្នងនឹងដំណឹងល្អរបស់គេ! 11 ឥឡូវនេះ ពេលមនុស្សអាក្រក់ធ្វើឃាតមនុស្សសុចរិតដែលកំពុងតែដេកលក់នៅក្នុងផ្ទះរបស់ខ្លួន តើខ្ញុំគួរយកអ្វីទៅតបស្នងវិញ ក្រៅពីលុបបំបាត់ឃាតកចេញពីផែនដី?»។ 12 ស្តេចទតបានបញ្ជាឲ្យពួកទាហានយកលោករេកាប និងលោកបាណាទៅសម្លាប់។ គេកាត់ដៃកាត់ជើងអ្នកទាំងពីរ យកទៅចងព្យួរជិតបឹងនៅក្រុងហេប្រូន។ រីឯក្បាលរបស់ស្តេចអ៊ីសបូសែតវិញ គេយកទៅបញ្ចុះក្នុងផ្នូររបស់លោកអប៊ីនើរ នៅក្រុងហេប្រូន។ |
© 2014 United Bible Societies, UK.
United Bible Societies