Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

២ សាំ‌យូ‌អែល 6 - អាល់គីតាប


ការ​ដង្ហែ​ហិប​នៃ​សម្ពន្ធ‌មេត្រី​ចូល​ក្រុង​យេរូ‌សាឡឹម

1 ស្តេច​ទត​ប្រមូល​ពល​ទាហាន​ដ៏​ចំណាន​ទាំង​ប៉ុន្មាន​នៃ​កង‌ទ័ព​អ៊ីស្រ‌អែល ចំនួន​ប្រមាណ​បី​ម៉ឺន​នាក់​សា​ជា​ថ្មី។

2 ស្តេច​ទត និង​ពល​ទាហាន​ដែល​នៅ​ជា​មួយ ក្រោក​ឡើង​ចេញ​ដំណើរ​ទៅ​ដង្ហែ​ហិប​របស់​អុលឡោះ​ពី​ក្រុង​បា‌លេ ក្នុង​ស្រុក​យូដា។ ហិប​នេះ​ជូន​ដល់​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​នៅ​កណ្តាល​ពួក​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប។

3 គេ​បាន​ដាក់​ហិប​របស់​អុលឡោះ​នៅ​លើ​រទេះ​ថ្មី​មួយ ហើយ​ដឹក​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ។ លោក​អ៊ូសា និង​លោក​អហ៊ី‌យ៉ូ ជា​កូន​របស់​លោក​អប៊ី‌ណាដាប់ ជា​អ្នក​បរ​រទេះ​ថ្មី​នោះ។

4 គេ​ដឹក​ហិប​ចេញ​ពី​ផ្ទះ​របស់​លោក​អប៊ី‌ណាដាប់ ដែល​ស្ថិត​នៅ​លើ​ភ្នំ​ដង្ហែ​មក ដោយ​មាន​លោក​អហ៊ី‌យ៉ូ​ដើរ​នៅ​ខាង​មុខ។

5 ស្តេច​ទត និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល សប្បាយ​រីក‌រាយ​យ៉ាង​ខ្លាំង នៅ​ចំពោះអុលឡោះ‌តាអាឡា គេ​នាំ​គ្នា​រាំ​តាម​ចង្វាក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ ដែល​ធ្វើ​អំពី​ឈើ​ខ្លឹម ព្រម​ទាំង​ពិណ ឃឹម ស្គរ ឃ្មោះ និង​ឈិង។

6 កាល​មក​ដល់​លាន​ស្រូវ​របស់​លោក​ណាកុន លោក​អ៊ូសា​លើក​ដៃ​ទៅ​ទប់​ហិប​របស់​អុលឡោះ ព្រោះ​គោ​បាន​ធ្វើ​ឲ្យ​ហិប​នោះ​ផ្អៀង​ចង់​ធ្លាក់។

7 ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ទ្រង់​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​អុលឡោះ។

8 ស្តេច​ទត​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។

9 នៅ​ថ្ងៃ​នោះ ស្តេច​ទត​ភ័យ​ខ្លាចអុលឡោះ‌តាអាឡា ហើយ​និយាយ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃអុលឡោះ‌តាអាឡា​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។

10 ដូច្នេះ ស្តេច​មិន​ចង់​យក​ហិប​របស់អុលឡោះ‌តាអាឡា ចូល​ទៅ​ក្នុង​ដំណាក់ នៅ​បុរី​របស់​ស្តេច​ទត តែ​គាត់​បាន​ឲ្យ​គេ​នាំ​យក​ហិប​នោះ​ទៅ​ទុក នៅ​ផ្ទះ​លោក​អូបេដ-អេដុម ជា​អ្នក​ស្រុក​កាថ។

11 ហិប​របស់អុលឡោះ‌តាអាឡា​ស្ថិត​នៅ​ផ្ទះ​របស់​លោក​អូបេដ-អេដុម ជា​អ្នក​ស្រុក​កាថ​ចំនួន​បី​ខែ។ អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​លោក​អូបេដ-អេដុម និង​ក្រុម​គ្រួសារ​របស់​គាត់​ទាំង​មូល។


ហិប​នៃ​សម្ពន្ធ‌មេត្រី​មក​ដល់​ក្រុង​យេរូ‌សាឡឹម

12 មាន​គេ​ប្រាប់​ស្តេច​ទត​ថា៖ «អុលឡោះ‌តាអាឡា​ប្រទាន​ពរ​ដល់​ក្រុម​គ្រួសារ​លោក​អូបេដ-អេដុម ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន ដោយ‌សារ​តែ​ហិប​របស់​អុលឡោះ»។ ពេល​នោះ ស្តេច​ទត​ក៏​ទៅ​ផ្ទះ​លោក​អូបេដ-អេដុម ដើម្បី​នាំ​យក​ហិប​ចូល​មក​បុរី​របស់​ស្តេច​ទត ដោយ​មាន​ក្បួន​ដង្ហែ​យ៉ាង​សប្បាយ​រីក‌រាយ​ផង។

13 នៅ​ពេល​ពួក​អ្នក​សែង​ហិប​របស់អុលឡោះ‌តាអាឡា ដើរ​បាន​ប្រាំ​មួយ​ជំហាន ស្តេច​ទត​យក​គោ​ឈ្មោល​មួយ និង​កូន​គោ​ធាត់​មួយ​មក​ធ្វើ​ជា​គូរបាន។

14 ស្តេច​ទត​រាំ លោត​កព្ឆោង​ជូនអុលឡោះ‌តាអាឡា យ៉ាង​អស់​ពី​កម្លាំង​កាយ ដោយ​ស្លៀក​តែ​អេផូដ ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​ប៉ុណ្ណោះ។

15 ស្តេច​ទត និង​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​មូល​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា ឡើង​មក​ក្រុង​យេរូ‌សាឡឹម ពួក​គេ​ស្រែក​ជយ‌ឃោស និង​ផ្លុំ​ត្រែ​យ៉ាង​រំពង។

16 ពេល​ហិប​របស់អុលឡោះ‌តាអាឡា​ចូល​មក​ដល់​បុរី​ស្តេច​ទត នាង​មិកាល់​ជា​បុត្រី​ស្តេច​សូល អើត​តាម​បង្អួច ឃើញ​ស្តេច​ទត​រាំ​លោត​កព្ឆោង នៅ​ចំពោះអុលឡោះ‌តាអាឡា នាង​ក៏​មាន​ចិត្ត​មើល‌ងាយ​ស្តេច​ទត។

17 កាល​ដង្ហែ​ហិប​របស់អុលឡោះ‌តាអាឡា​ទៅ​ដល់​ហើយ គេ​តម្កល់​នៅ​ក្នុង​ជំរំ​ដែល​ស្តេច​ទត​បាន​បម្រុង​ទុក។ ស្តេច​ទត​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព។

18 លុះ​បាន​ធ្វើ​គូរបាន​ដុត និង​គូរបាន​មេត្រី‌ភាព​រួច​ហើយ ស្តេច​ទត​ក៏​ប្រទាន​ពរ​ដល់​ប្រជា‌ជន​ក្នុង​នាមអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

19 ស្តេច​ទត​ប្រទាន​ម្ហូប​អាហារ ដល់​ប្រជា‌ជន​អ៊ីស្រ‌អែល​ទាំង​អស់​ទាំង​ប្រុស ទាំង​ស្រី គឺ​ម្នាក់ៗ​ទទួល​បាន​នំបុ័ង​មួយ​ដុំ នំ​ដំណាប់​លម៉ើ​មួយ​ដុំ និង​នំ​ទំពាំង‌បាយ‌ជូរ​មួយ​ដុំ។ បន្ទាប់​មក ប្រជា‌ជន​ទាំង​អស់​នាំ​គ្នា​វិល​ត្រឡប់​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ។

20 ស្តេច​ទត​វិល​ទៅ​ដំណាក់​វិញ ដើម្បី​ប្រទាន​ពរ​ដល់​រាជ‌វង្ស។ នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល ចេញ​មក​ទទួល​ទត​ទាំង​ពោល​ថា៖ «ថ្ងៃ​នេះ ស្តេច​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​រុង‌រឿង​ណាស់! ព្រោះ​ស្តេច​បង្ហាញ​ខ្លួន​ទទេ​នៅ​មុខ​អ្នក​បម្រើ​ទាំង​ប្រុស​ទាំង​ស្រី ដូច​មនុស្ស​វិកល​ចរិត!»។

21 ស្តេច​ទត​មាន​ប្រសាសន៍​តប​ទៅ​នាង​មិកាល់​ថា៖ «យើង​ធ្វើ​ដូច្នេះ ដើម្បី​ផ្តល់​កិត្តិ‌យស​ដល់អុលឡោះ‌តាអាឡា! ទ្រង់​បាន​ជ្រើស​រើស​យើង​ឲ្យ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រ‌អែល ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ ជំនួស​ឪពុក​របស់​នាង និង​រាជ‌វង្ស។ យើង​សំដែង​សេចក្តី​សប្បាយ​នេះ ដើម្បី​ផ្តល់​កិត្តិ‌យស​ដល់អុលឡោះ‌តាអាឡា!

22 យើង​ចង់​ដាក់​ខ្លួន​ឲ្យ​រឹត​តែ​ថោក​ជាង​នេះ​ទៅ​ទៀត។ ទោះ​បី​ទាស់​ភ្នែក​នាងក៏​ដោយ យ៉ាង​ហោច​ណាស់​ក៏​មាន​ពួក​ស្រី​បម្រើ​ដែល​នាង​ពោល​នោះ​លើក​តម្កើង​យើង​ដែរ!»។

23 នាង​មិកាល់​ជា​បុត្រី​របស់​ស្តេច​សូល​គ្មាន​កូន​ឡើយ រហូត​ដល់​ស្លាប់។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម