ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ សាំ‌យូ‌អែល 13 - អាល់គីតាប អាល់គីតាប
២ សាំ‌យូ‌អែល 13

សម្តេច​អាំ‌ណូន និង​នាង​តាម៉ារ

1 ក្រោយ​មក​ទៀត មាន​រឿង​កើត​ឡើង​ដូច​ត​ទៅ: សម្តេច​អាប់‌សាឡុម ជា​បុត្រ​របស់​ស្តេច​ទត មាន​ប្អូន​ស្រី​ម្នាក់ នាម​នាង​តាម៉ារ ដែល​មាន​រូប​ឆោម​ល្អ​ស្អាត។ រីឯ​សម្តេច​អាំ‌ណូន​ជា​បុត្រា​ម្នាក់​ទៀត​របស់​ស្តេច​ទត បាន​កើត​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង។

2 សម្តេច​អាំ‌ណូន​មាន​ចិត្ត​ស្រឡាញ់​នាង ជា​ប្អូន​ស្រី​ខ្លាំង​ពេក រហូត​ដល់​ធ្លាក់​ខ្លួន​ឈឺ ដ្បិត​រក​ធ្វើ​អ្វី​នាង​មិន​បាន ព្រោះ​នាង​នៅ​ក្រមុំ​ព្រហ្មចារី។

3 សម្តេច​អាំ‌ណូន​មាន​មិត្ត​ម្នាក់ ជា​មនុស្ស​មាន​ប្រាជ្ញា​ឈ្លាស​វៃ​ណាស់ ឈ្មោះ​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត។

4 លោក​យ៉ូណា‌ដាប់​សួរ​សម្តេច​អាំ‌ណូន​ថា៖ «សម្តេច ហេតុ​អ្វី​ក៏​មាន​ទឹក​មុខ​ស្រងូត​ជា​រៀង​រាល់​ព្រឹក​ដូច្នេះ? សូម​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ផង​បាន​ឬ​ទេ?»។ សម្តេច​អាំ‌ណូន​ឆ្លើយ​ថា៖ «ខ្ញុំ​កើត​ចិត្ត​ប្រតិ‌ព័ទ្ធ​លើ​រូប​នាង​តាម៉ារ ជា​ប្អូន​របស់​សម្តេច​អាប់‌សាឡុម ប្អូន​របស់​ខ្ញុំ»។

5 លោក​យ៉ូណា‌ដាប់​ពោល​ថា៖ «ដូច្នេះ សូម​ទៅ​ដេក​នៅ​លើ​គ្រែ ហើយ​ធ្វើ​ពុត​ជា​ឈឺ​ទៅ។ កាល​ឪពុក​របស់​សម្តេច​មក​សួរ​សុខ​ទុក្ខ សម្តេច​ត្រូវ​ជម្រាប​ថា “សូម​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​របស់​ខ្ញុំ យក​ម្ហូប​អាហារ​មក​ឲ្យ​ខ្ញុំ​ផង។ នាង​ត្រូវ​រៀប‌ចំ​ធ្វើ​ម្ហូប​អាហារ​នេះ​នៅ​ចំពោះ​មុខ​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ឃើញ ហើយ​ទទួល​ម្ហូប​អាហារ​ពី​ដៃ​របស់​នាង​ផ្ទាល់”»។

6 សម្តេច​អាំ‌ណូន​ក៏​ទៅ​ដេក ហើយ​ធ្វើ​ពុត​ជា​ឈឺ។ ពេល​ស្តេច​មក​សួរ​សុខ​ទុក្ខ សម្តេច​និយាយ​ថា៖ «សូម​ឪពុក​មេត្តា​អនុញ្ញាត​ឲ្យ​តាម៉ារ ជា​ប្អូន​ស្រី​ខ្ញុំ​មក​ធ្វើ​នំ​ពីរ​នៅ​មុខ​ខ្ញុំ រួច​ហើយ​នាង​លើក​នំ​នោះ មក​ឲ្យ​ខ្ញុំ​ដោយ​ផ្ទាល់​ដៃ ទើប​ខ្ញុំ​ទទួល​ទាន»។

7 ស្តេច​ទត​ចាត់​គេ​ឲ្យ​ទៅ​ប្រាប់​នាង​តាម៉ារ នៅ​ឯ​ដំណាក់​របស់​នាង​ថា៖ «ចូរ​ទៅ​ដំណាក់​អាំ‌ណូន ជា​បង​របស់​នាង ហើយ​រៀប‌ចំ​ធ្វើ​ម្ហូប​អាហារ​ឲ្យ​បង​ពិសា​ផង»។

8 នាង​តាម៉ារ​ទៅ​ដល់​ដំណាក់​របស់​សម្តេច​អាំ‌ណូន ជា​បង​ដែល​កំពុង​ដេក​លើ​គ្រែ។ នាង​យក​ម្សៅ​មក​ច្របាច់​ធ្វើ​នំ ហើយ​ដុត​នៅ​មុខ​បង។

9 នាង​យក​ខ្ទះ​មក​ចៀន​នំ រួច​យក​ទៅ​ជូន​សម្តេច​អាំ‌ណូន ប៉ុន្តែ សម្តេច​មិន​ព្រម​ពិសា​ទេ។ សម្តេច​បញ្ជា​ឲ្យ​អ្នក​ឯ​ទៀតៗ​ចេញ​ពី​បន្ទប់​ទាំង​អស់​គ្នា ពួក​គេ​ក៏​ចេញ​ទៅ។

10 សម្តេច​អាំ‌ណូន​ប្រាប់​នាង​តាម៉ារ​ថា៖ «ចូរ​យក​នំ​មក​ឲ្យ​បង​ដល់​គ្រែ​ផង ដើម្បី​ឲ្យ​បង​ទទួល​ទាន​នំ​ពី​ដៃ​របស់​ប្អូន​ផ្ទាល់»។ នាង​តាម៉ារ​យក​នំ​ដែល​ខ្លួន​បាន​ធ្វើ​នោះ ទៅ​ជូន​សម្តេច​អាំ‌ណូន​ដល់​គ្រែ។

11 ពេល​នាង​កំពុង​លើក​នំ​មក​ជូន​នោះ សម្តេច​ចាប់​នាង​ទាំង​ពោល​ថា៖ «អូន​អើយ! ចូរ​មក​រួម​ដំណេក​ជា​មួយ​បង!»។

12 នាង​តាម៉ារ​ប្រកែក​ថា៖ «ទេ ម្ចាស់​បង សូម​កុំ​ធ្វើ​បាប​ខ្ញុំ​បែប​នេះ! នៅ​ស្រុក​អ៊ីស្រ‌អែល គេ​មិន​ប្រព្រឹត្ត​ដូច្នេះ​ទេ។ សូម​ម្ចាស់​បង​កុំ​ប្រព្រឹត្ត​អំពើ​ថោក​ទាប​យ៉ាង​នេះ​ឲ្យ​សោះ។

13 បើ​ធ្វើ​ដូច្នេះ តើ​ឲ្យ​ខ្ញុំ​យក​មុខ​ទៅ​ទុក​នៅ​ឯ​ណា? ចំពោះ​ម្ចាស់​បង​វិញ គេ​នឹង​ចាត់​ទុក​ម្ចាស់​បង​ជា​មនុស្ស​ទុយ៌ស​នៅ​ស្រុក​អ៊ីស្រ‌អែល។ សូម​ម្ចាស់​បង​ជម្រាប​ឪពុក​ទៅ គាត់​នឹង​មិន​បដិសេធ​លើក​ខ្ញុំ​ឲ្យ​ម្ចាស់​បង​ឡើយ»។

14 សម្តេច​អាំ‌ណូន​មិន​ព្រម​ស្តាប់​នាង​ទេ សម្តេច​បាន​ចាប់​បង្ខំ ហើយ​រំលោភ​លើ​នាង។

15 បន្ទាប់​មក សម្តេច​អាំ‌ណូន​ស្អប់​នាង​យ៉ាង​ខ្លាំង ពោល​គឺ​សម្តេច​ស្អប់​ខ្ពើម​នាង​ខ្លាំង​ជាង​សេចក្តី​ស្រឡាញ់ ដែល​សម្តេច​មាន​ចំពោះ​រូប​នាង កាល​ពី​ពេល​មុន​ទៅ​ទៀត។ សម្តេច​បណ្តេញ​នាង​ថា៖ «ចេញ​ទៅ!»។

16 នាង​ប្រកែក​ថា៖ «ទេ! ម្ចាស់​បង​បណ្តេញ​ខ្ញុំ​ដូច្នេះ អាក្រក់​ជាង​អំពើ​ដែល​ម្ចាស់​បង​ទើប​នឹង​ប្រព្រឹត្ត​មក​លើ​រូប​ខ្ញុំ​នោះ​ទៅ​ទៀត!»។ ប៉ុន្តែ សម្តេច​អាំ‌ណូន​មិន​ព្រម​ស្តាប់​នាង​ទេ

17 សម្តេច​ហៅ​ក្មេង​បម្រើ​ម្នាក់​មក​បង្គាប់​ថា៖ «ចូរ​ដេញ​ស្រី​នេះ​ចេញ​ពី​មុខ​យើង​ទៅ ហើយ​ខ្ទាស់​ទ្វារ​ឲ្យ​ជិត»។

18 ក្មេង​បម្រើ​របស់​សម្តេច​អាំ‌ណូន​ក៏​ដេញ​នាង​ចេញ​ទៅ​ក្រៅ រួច​ខ្ទាស់​ទ្វារ​ជិត។ នាង​តាម៉ារ​ពាក់​អាវ​យ៉ាង​ល្អ​ប្រណីត ដូច​បុត្រី​របស់​ស្តេច​នានា​តែង​ពាក់​ពេល​នៅ​ក្រមុំ។

19 នាង​តាម៉ារ​យក​ផេះ​មក​រោយ​លើ​ក្បាល ហើយ​ហែក​អាវ​ដ៏​ល្អ​ប្រណីត​នោះ​ចោល នាង​ទូល​ដៃ​លើ​ក្បាល រួច​ចេញ​ទៅ​ទាំង​ស្រែក​ផង។

20 សម្តេច​អាប់‌សាឡុម​ជា​បង​សួរ​ថា៖ «តើ​បង​អាំ‌ណូន​បាន​រំលោភ​លើ​ប្អូន​ឬ? ចូរ​នៅ​ស្ងៀម​ទៅ ព្រោះ​គាត់​ជា​បង​ប្រុស​របស់​ឯង​ទេ​តើ កុំ​ឈឺ​ចិត្ត​នឹង​រឿង​នេះ​ខ្លាំង​ពេក»។ ចាប់​ពី​ពេល​នោះ​មក នាង​តាម៉ារ​រស់​នៅ​ជា​ស្ត្រី​ដែល​គ្មាន​នរណា​រាប់​រក ក្នុង​ដំណាក់​របស់​សម្តេច​អាប់‌សាឡុម ជា​បង។

21 ពេល​ស្តេច​ទត​ជ្រាប​រឿង​នេះ គាត់​ខឹង​យ៉ាង​ខ្លាំង។

22 សម្តេច​អាប់‌សាឡុម​មិន​និយាយ​រក​សម្តេច​អាំ‌ណូន សូម្បី​មួយ​ម៉ាត់​សោះ​ឡើយ ព្រោះ​គាត់​ស្អប់​សម្តេច​អាំ‌ណូន ដែល​បាន​ចាប់​រំលោភ​នាង​តាម៉ារ​ជា​ប្អូន​ស្រី។

សម្តេច​អាប់‌សាឡុម​សម្លាប់​សម្តេច​អាំ‌ណូន

23 ពីរ​ឆ្នាំ​ក្រោយ​មក ពួក​គង្វាល​របស់​សម្តេច​អាប់‌សាឡុម កាត់​រោម​ចៀម​នៅ​បាល-ហាសោរ ជិត​ភូមិ​អេ‌ប្រា‌អ៊ីម។ សម្តេច​អាប់‌សាឡុម​បាន​អញ្ជើញ​កូន​ទាំង​អស់​របស់​ស្តេច​ទត ឲ្យ​មក​ចូល​រួម​ដែរ។

24 សម្តេច​អាប់‌សាឡុម​បាន​ចូល​ទៅ​ជួប​ស្តេច​ទត ហើយ​ជម្រាប​ថា៖ «សូម​ជម្រាប ឪពុក ពួក​គង្វាល​របស់​ខ្ញុំ​កំពុង​តែ​កាត់​រោម​ចៀម សូម​ឪពុក​មេត្តា​ទៅ​ចូល​រួម​ក្នុង​ពិធី​នោះ ជា​មួយ​ពួក​មន្ត្រី​របស់​ឪពុក​ផង»។

25 ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ទេ កូន​អើយ យើង​មិន​ទៅ​ចូល​រួម​ទាំង​អស់​គ្នា​ទេ ក្រែង​នាំ​ឲ្យ​កូន​ពិបាក»។ សម្តេច​អាប់‌សាឡុម​បាន​ទទូច​អង្វរ​ទត តែ​ទត​ប្រកែក​មិន​ព្រម​ទៅ​ទេ គឺ​គាត់​គ្រាន់​តែ​ប្រទាន​ពរ​ឲ្យ​កូន​ប៉ុណ្ណោះ។

26 សម្តេច​អាប់‌សាឡុម​និយាយ​ថា៖ «បើ​ឪពុក​មិន​ទៅ​ទេ សូម​អនុញ្ញាត​ឲ្យ​តែ​បង​អាំ‌ណូន​ទៅ​រួម​ជា​មួយ​ពួក​យើង​ក៏​បាន»។ ទត​សួរ​ថា៖ «ហេតុ​អ្វី​ចាំ‌បាច់​ឲ្យ​អាំ‌ណូន​ទៅ​ជា​មួយ?»។

27 សម្តេច​អាប់‌សាឡុម​ទទូច​អង្វរ​សា​ជា​ថ្មី ហើយ​ទត​ក៏​អនុញ្ញាត​ឲ្យ​សម្តេច​អាំ‌ណូន និង​កូន​ឯ​ទៀតៗ​ទៅ​ជា​មួយ​ដែរ។

28 សម្តេច​អាប់​សាឡុម​បាន​បញ្ជា​ទៅ​ពួក​អ្នក​បម្រើ​ថា៖ «ចូរ​ឃ្លាំ​មើល​សម្តេច​អាំ‌ណូន​ឲ្យ​ជាប់ ពេល​ណា​សម្តេច​អាំ‌ណូន​ពិសា​ស្រា​ស្រវឹង ហើយ​ពេល​ណា​យើង​បង្គាប់​ថា “ចូរ​ប្រហារ​អាំ‌ណូន!” នោះ​ចូរ​សម្លាប់​គេ​ចោល​ទៅ! កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ជា​អ្នក​ទទួល​ខុស​ត្រូវ។ ចូរ​តាំង​ចិត្ត​អង់‌អាច​ក្លាហាន​ឡើង!»។

29 ពួក​អ្នក​បម្រើ​ធ្វើ​តាម​បញ្ជា​របស់​សម្តេច​អាប់‌សាឡុម ហើយ​សម្លាប់​សម្តេច​អាំ‌ណូន។ កូន​ឯ​ទៀតៗ​របស់​ស្តេច​មើល​ឃើញ​ដូច្នោះ ក៏​នាំ​គ្នា​ក្រោក​ឡើង ហើយ​ជិះ​លា​រៀងៗ​ខ្លួន​រត់​ចេញ​ទៅ។

30 កូន​ទាំង​នោះ​កំពុង​តែ​មក​តាម​ផ្លូវ ស្តេច​ទត​ទទួល​ដំណឹង​ថា សម្តេច​អាប់‌សាឡុម​បាន​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្តេច គ្មាន​សល់​ម្នាក់​ណា​សោះ​ឡើយ។

31 ពេល​នោះ ទត​ហែក​សម្លៀក‌បំពាក់ ហើយ​ដេក​ផ្ទាល់​នឹង​ដី។ មន្ត្រី​ទាំង​អស់​នាំ​គ្នា​ឈរ​ជុំ‌វិញ​គាត់ ទាំង​ហែក​សម្លៀក‌បំពាក់​ដែរ។

32 ប៉ុន្តែ លោក​យ៉ូណា‌ដាប់ ជា​កូន​របស់​លោក​សាំម៉ា និង​ជា​ក្មួយ​របស់​ស្តេច​ទត ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច សូម​កុំ​នឹក​ស្មាន​ថា គេ​សម្លាប់​បុត្រា​ទាំង​អស់​របស់​ស្តេច​ឡើយ គឺ​មាន​តែ​សម្តេច​អាំ‌ណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់ ដ្បិត​សម្តេច​អាប់‌សាឡុម​បាន​សម្រេច​ចិត្ត​ធ្វើ​ដូច្នេះ តាំង​ពី​ថ្ងៃ​ដែល​សម្តេច​អាំ‌ណូន​បាន​រំលោភ​លើ​រូប​នាង​តាម៉ារ ជា​ប្អូន​ស្រី​ម៉្លេះ។

33 ហេតុ​នេះ សូម​ស្តេច​កុំ​នឹក​ស្មាន​ថា បុត្រា​របស់​ស្តេច​ត្រូវ​ស្លាប់​អស់​នោះ​ឡើយ គឺ​មាន​តែ​សម្តេច​អាំ‌ណូន​ម្នាក់​ប៉ុណ្ណោះ​ដែល​ស្លាប់»។

34 សម្តេច​អាប់‌សាឡុម​គេច​ខ្លួន​រត់​បាត់​ទៅ។ អ្នក​យាម​ក្រឡេក​មើល​ទៅ ឃើញ​មនុស្ស​មួយ​ក្រុម​ធំ​កំពុង​ចុះ​ពី​ចង្កេះ​ភ្នំ នៅ​ខាង​ក្រោយ​គាត់។

35 លោក​យ៉ូណា‌ដាប់​ជម្រាប​ទត​ថា៖ «សូម​ជម្រាប​ស្តេច បុត្រា​ទាំង​អស់​របស់​ស្តេច​មក​ដល់​ហើយ! ដូច​ខ្ញុំ​បាន​ជម្រាប​មែន»។

36 លោក​យ៉ូណា‌ដាប់​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង បុត្រា​របស់​ទត​ក៏​មក​ដល់។ ពួក​គេ​នាំ​គ្នា​ទ្រហោ​យំ ហើយ​ទត និង​មន្ត្រី​ទាំង​អស់​យំ​សោក​យ៉ាង​ខ្លាំង​ដែរ។

37 សម្តេច​អាប់‌សាឡុម​រត់​គេច​ខ្លួន​ទៅ​ជ្រក​នៅ​ជា​មួយ​ស្តេច​តាល‌ម៉ាយ ជា​បុត្រ​របស់​ស្តេច​អាំមី‌ហ៊ូដ និង​ជា​ស្តេច​ស្រុក​កេស៊ួ‌រី។ ក្នុង​អំឡុង​ពេល​នោះ ស្តេច​ទត​កាន់​ទុក្ខ​សម្តេច​អាំ‌ណូន​ជា​កូន។

38 សម្តេច​អាប់‌សាឡុម​បាន​គេច​ខ្លួន​ទៅ​នៅ​ស្រុក​កេស៊ួ‌រី អស់​រយៈ​ពេល​បី​ឆ្នាំ។

39 ស្តេច​ទត​ឈប់​ខឹង នឹង​សម្តេច​អាប់‌សាឡុម​ទៀត ព្រោះ​ស្តេច​លែង​ព្រួយ​ចិត្ត​អំពី​សម្តេច​អាំ‌ណូន​ស្លាប់។

© 2014 United Bible Societies, UK.

United Bible Societies