ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ របា‌ក្សត្រ 3 - អាល់គីតាប អាល់គីតាប
២ របា‌ក្សត្រ 3

ការ​សង់​ម៉ាស្ជិទ

1 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាប់​ផ្តើម​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរី‌យ៉ា ត្រង់​កន្លែង​ដែល​អុលឡោះ‌តាអាឡា​បាន​បង្ហាញ​ស្តេច​ទត​ជា​ឪពុក គឺ​កន្លែង​ដែល​ស្តេច​ទត​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។

2 ស្តេច​ស៊ូឡៃ‌ម៉ាន​ចាប់​ផ្តើម​សង់​ដំណាក់​នៅ​ខែ​ទី​ពីរ ក្នុង​ឆ្នាំ​ទី​បួន​នៃ​រជ្ជ‌កាល​របស់​គាត់។

3 ស្តេច​ស៊ូឡៃ‌ម៉ាន​សង់​ដំណាក់​របស់​អុលឡោះនៅ​លើ​គ្រឹះ​ដែល​មាន​បណ្តោយ​ហុក‌សិប​ហត្ថ និង​ទទឹង​ម្ភៃ​ហត្ថ តាម​រង្វាស់​ពី​បុរាណ។

4 បន្ទប់​ល្វែង​ខាង​មុខ​មាន​បណ្តោយ​ម្ភៃ​ហត្ថ ត្រូវ​នឹង​រង្វាស់​ទទឹង​របស់​ដំណាក់ មាន​កំពស់​មួយ​រយ​ម្ភៃ​ហត្ថ ហើយ​ស្តេច​ឲ្យ​គេ​ស្រោប​មាស​សុទ្ធ នៅ​ផ្នែក​ខាង​ក្នុង​ផង។

5 នៅ​តាម​ជញ្ជាំង​បន្ទប់​ធំ ស្តេច​បាន​ឲ្យ​គេ​ពាស​ឈើ​តាត្រៅ និង​ស្រោប​មាស​ដ៏​មាន​គុណ‌ភាព​ខ្ពស់ ព្រម​ទាំង​ឆ្លាក់​ក្បាច់​ដើម​ចាក និង​ច្រវាក់។

6 ស្តេច​ឲ្យ​គេ​តុប‌តែង​លំអ​បន្ទប់​នេះ ដោយ​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ ហើយ​មាស​ដែល​ស្រោប​នោះ សុទ្ធ​តែ​ជា​មាស​មក​ពី​ស្រុក​ផាវែម។

7 ក្នុង​ដំណាក់​នោះ ស្តេច​ឲ្យ​គេ​ស្រោប​មាស​ទាំង​ធ្នឹម ទាំង​ក្រប​ទ្វារ ទាំង​ជញ្ជាំង ទាំង​សន្លឹក​ទ្វារ ហើយ​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប នៅ​លើ​ជញ្ជាំង​ទៀត​ផង។

8 ស្តេច​បាន​សង់​បន្ទប់​មួយ ហៅ​ថា «ទី‌សក្ការៈ​បំផុត» មាន​បណ្តោយ​ម្ភៃ​ហត្ថ ស្រប​នឹង​រង្វាស់​ទទឹង​របស់​ដំណាក់ ហើយ​ទទឹង​របស់​បន្ទប់​នោះ ក៏​មាន​ម្ភៃ​ហត្ថ​ដែរ។ ផ្នែក​ខាង​ក្នុង​ស្តេច​ឲ្យ​គេ​ស្រោប​មាស ដែល​មាន​គុណ‌ភាព​ខ្ពស់ ទម្ងន់ ៦០០​ហាប។

9 រីឯ​មាស​ដែល​ប្រើ​សម្រាប់​ធ្វើ​ដែក​គោល មាន​ទម្ងន់​ហា‌សិប​តម្លឹង ហើយ​បន្ទប់​ខាង​លើ​ក៏​ស្រោប​មាស​ដែរ។

10 នៅ​ក្នុង​អាគារ​នៃ​ទី‌សក្ការៈ​បំផុត ស្តេច​ឲ្យ​គេ​ឆ្លាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​មួយ​គូ ព្រម​ទាំង​ស្រោប​មាស​ផង។

11 ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​សរុប​គ្នា​មាន​ប្រវែង​ម្ភៃ​ហត្ថ គឺ​ស្លាប​ម្ខាង​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​មួយ មាន​ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ជញ្ជាំង​ដំណាក់ ស្លាប​ម្ខាង​ទៀត ប្រវែង​ប្រាំ​ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​ពីរ

12 រីឯ​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​ពីរ​មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​ជញ្ជាំង​ដំណាក់ ហើយ​ស្លាប​ម្ខាង​ទៀត​មាន​ប្រវែង​ប្រាំ‌ហត្ថ លាត​ទៅ​ទល់​នឹង​ស្លាប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទី​មួយ។

13 ដូច្នេះ​ស្លាប​របស់​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​ដែល​ត្រដាង​នោះ មាន​ប្រវែង​ម្ភៃ​ហត្ថ។ ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប​ទាំង​ពីរ​នេះ​ឈរ​ទន្ទឹម​គ្នា បែរ​មុខ​ទៅ​រក​ច្រក​ចូល។

14 ស្តេច​បាន​ឲ្យ​គេ​ធ្វើ​វាំងនន​អំពី​ក្រណាត់​ទេស‌ឯក​ម៉ដ្ត មាន​ពណ៌​ស្វាយ ក្រហម ខៀវ ហើយ​មាន​ប៉ាក់​រូប​ម៉ាឡា‌អ៊ីកាត់​មាន​ស្លាប នៅ​លើ​ក្រណាត់​នោះ​ផង។

សសរ និង​អាសនៈ​លង្ហិន

15 ស្តេច​បាន​ឲ្យ​គេ​ធ្វើ​សសរ​ពីរ មាន​កំពស់​សាម‌សិប​ប្រាំ​ហត្ថ ដាក់​នៅ​មុខ​ដំណាក់ ហើយ​នៅ​ចុង​ខាង​លើ​សសរ​នីមួយៗ មាន​ក្បាល​សសរ​កំពស់​ប្រាំ‌ហត្ថ។

16 ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ច្រវាក់ ដូច​នៅ​ក្នុង​ទី‌សក្ការៈ ដាក់​ភ្ជាប់​ចុង​ខាង​លើ​សសរ​ដែរ។ បន្ទាប់​មក ស្តេច​ឲ្យ​គេ​ធ្វើ​ក្បាច់​ផ្លែ​ទទឹម ចំនួន​មួយ​រយ ភ្ជាប់​ទៅ​នឹង​ក្បាច់​ច្រវាក់​ផង។

17 ស្តេច​ឲ្យ​គេ​បញ្ឈរ​សសរ​ទាំង​ពីរ​នៅ​មុខ​ដំណាក់ គឺ សសរ​មួយ​នៅ​ខាង​ស្តាំ សសរ​មួយ​ទៀត​នៅ​ខាង​ឆ្វេង រួច​ដាក់​ឈ្មោះ​សសរ​ខាង​ស្តាំ​ថា យ៉ាគីន និង​សសរ​ខាង​ឆ្វេង បូអូស។

© 2014 United Bible Societies, UK.

United Bible Societies