២ របាក្សត្រ 2 - អាល់គីតាបណាពីស៊ូឡៃម៉ានសង់ម៉ាស្ជិទ 1 ស្តេចស៊ូឡៃម៉ានបញ្ជាឲ្យគេសង់ដំណាក់មួយ ជូននាមអុលឡោះតាអាឡា និងដំណាក់មួយសម្រាប់ស្តេចផ្ទាល់។ 2 ស្តេចស៊ូឡៃម៉ានកេណ្ឌមនុស្សប្រាំពីរម៉ឺននាក់ សម្រាប់លីសែង និងប្រាំបីម៉ឺននាក់ សម្រាប់ដាប់ថ្មនៅលើភ្នំ ព្រមទាំងអ្នកទទួលខុសត្រូវចំនួនបីពាន់ប្រាំមួយរយនាក់។ 3 ស្តេចស៊ូឡៃម៉ានចាត់អ្នកនាំសារ ឲ្យទៅជម្រាបស្តេចហ៊ីរ៉ាម ជាស្តេចក្រុងទីរ៉ុសថា៖ «ស្តេចបានផ្តល់ឈើតាត្រៅ ជូនស្តេចទត ជាឪពុករបស់ខ្ញុំ ដើម្បីសង់ដំណាក់។ 4 ខ្ញុំចង់សង់ដំណាក់មួយជូននាមអុលឡោះតាអាឡាជាម្ចាស់របស់ខ្ញុំ ដើម្បីញែកជូនទ្រង់សម្រាប់ដុតគ្រឿងក្រអូប នៅចំពោះទ្រង់ សម្រាប់តម្កល់នំបុ័ងជូនទ្រង់ជាអចិន្ត្រៃយ៍ ព្រមទាំងធ្វើគូរបានដុតទាំងមូល នៅពេលព្រឹក នៅពេលល្ងាច នៅថ្ងៃឈប់សម្រាក នៅថ្ងៃចូលខែថ្មី និងនៅថ្ងៃបុណ្យសំខាន់ផ្សេងៗរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង ជាទំនៀមទម្លាប់ដែលអ៊ីស្រអែលត្រូវកាន់តាម រហូតតរៀងទៅ។ 5 ដំណាក់របស់អុលឡោះដែលខ្ញុំចង់សង់នោះមានទំហំធំណាស់ ដ្បិតអុលឡោះជាម្ចាស់នៃយើង ជាម្ចាស់ដ៏ឧត្តុង្គឧត្តម លើសព្រះនានា។ 6 ប៉ុន្តែ តើនរណាអាចសង់ដំណាក់ជូនទ្រង់បាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមជូនទ្រង់នៅផង។ ខ្ញុំក៏ពុំអាចសង់ដំណាក់ជូនទ្រង់បានដែរ គឺខ្ញុំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ធ្វើគូរបានចំពោះទ្រង់ប៉ុណ្ណោះ។ 7 ដូច្នេះ សូមចាត់ជាងម្នាក់ដ៏ជំនាញ ដែលចេះសិតមាស ប្រាក់ លង្ហិន ដែក ចេះជ្រលក់ក្រណាត់ពណ៌ក្រហម ខៀវ ស និងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទផង។ សូមឲ្យគាត់មកធ្វើការរួមជាមួយជាងជំនាញដែលស្ថិតនៅជាមួយខ្ញុំ នៅស្រុកយូដា និងនៅក្រុងយេរូសាឡឹម គឺអ្នកដែលឪពុករបស់ខ្ញុំបានជ្រើសរើស។ 8 សូមបញ្ជូនឈើតាត្រៅ ឈើកកោះ និងខ្លឹមច័ន្ទពីភ្នំលីបង់ មកឲ្យខ្ញុំផង ដ្បិតខ្ញុំដឹងថា ពួកអ្នកបម្រើរបស់ស្តេចប្រសប់កាប់ឈើនៅភ្នំលីបង់ណាស់។ រីឯអ្នកបម្រើរបស់ខ្ញុំ នឹងទៅធ្វើការរួមជាមួយពួកគេ 9 ដើម្បីកាប់ឈើឲ្យបានច្រើនសម្រាប់ខ្ញុំ ដ្បិតដំណាក់ដែលខ្ញុំត្រូវសង់នោះធំ ហើយស្កឹមស្កៃណាស់។ 10 ខ្ញុំនឹងផ្តល់ស្បៀងជាស្រូវប្រាំមួយពាន់តោន ពោតប្រាំមួយពាន់តោន ស្រាទំពាំងបាយជូរប្រាំបីពាន់លីត្រ និងប្រេងឆាប្រាំបីពាន់លីត្រ សម្រាប់ផ្គត់ផ្គង់អ្នកបម្រើរបស់ស្តេចដែលកាប់ឈើនេះ»។ 11 ស្តេចហ៊ីរ៉ាមជាស្តេចស្រុកទីរ៉ុស ផ្ញើសារមួយឆ្លើយទៅស្តេចស៊ូឡៃម៉ានវិញថា៖ «អុលឡោះតាអាឡាពិតជាស្រឡាញ់ប្រជារាស្ត្ររបស់ទ្រង់ បានជាទ្រង់តែងតាំងស្តេច ឲ្យឡើងគ្រងរាជ្យលើពួកគេ»។ 12 ស្តេចហ៊ីរ៉ាមមានប្រសាសន៍ថា៖ «សូមលើកតម្កើងអុលឡោះតាអាឡា ជាម្ចាស់នៃជនជាតិអ៊ីស្រអែល ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ហើយប្រោសប្រទានឲ្យស្តេចទតមានកូនមួយ ប្រកបដោយតម្រិះប្រាជ្ញាឈ្លាសវៃ អាចសង់ដំណាក់ជូនអុលឡោះតាអាឡា និងរាជវាំងសម្រាប់ស្តេចផ្ទាល់។ 13 ឥឡូវនេះ ខ្ញុំសូមចាត់ជាងដ៏ជំនាញម្នាក់ ដែលមានប្រាជ្ញាឈ្លាសវៃ គឺលោកហ៊ីរ៉ាម 14 ជាកូនរបស់ស្ត្រីម្នាក់ក្នុងកុលសម្ព័ន្ធដាន់ ហើយឪពុកជាអ្នកក្រុងទីរ៉ុស។ គាត់ស្ទាត់ជំនាញក្នុងការសិតមាសប្រាក់ លង្ហិន ដែក ឆ្លាក់ថ្ម ឈើ ជ្រលក់ក្រណាត់ ពណ៌ក្រហម ខៀវ ស្វាយ និងក្រណាត់ទេសឯកម៉ដ្ត ព្រមទាំងចេះឆ្លាក់ក្បាច់គ្រប់ប្រភេទ និងចេះផលិតវត្ថុគ្រប់ប្រភេទ តាមគម្រោងដែលគេប្រគល់ឲ្យ។ គាត់នឹងធ្វើការរួមជាមួយជាងដ៏ជំនាញរបស់ស្តេច និងជាងដ៏ជំនាញរបស់ស្តេចទត ដែលជាឪពុករបស់ស្តេច។ 15 ឥឡូវនេះសូមស្តេចផ្តល់ស្រូវ ពោត ប្រេងឆា និងស្រាទំពាំងបាយជូរ ដូចស្តេចមានប្រសាសន៍ចុះ! 16 ពួកខ្ញុំនឹងកាប់ឈើនៅភ្នំលីបង់ តាមសេចក្តីត្រូវការរបស់ស្តេច ហើយបណ្តែតជាក្បូនតាមសមុទ្រ រហូតដល់ក្រុងយ៉ុបប៉េជូនស្តេច រួចស្តេចដឹកយកឈើទាំងនោះទៅក្រុងយេរូសាឡឹមចុះ»។ 17 ស្តេចស៊ូឡៃម៉ានរាប់ចំនួនជនបរទេសទាំងអស់ ដែលរស់នៅក្នុងស្រុកអ៊ីស្រអែល តាមបញ្ជីជំរឿនរបស់ស្តេចទតជាឪពុក ឃើញមាន ១៥៣ ៦០០ នាក់។ 18 ស្តេចស៊ូឡៃម៉ានកេណ្ឌពួកគេ ៧០ ០០០ នាក់សម្រាប់លីសែង ៨០ ០០០ នាក់សម្រាប់ដាប់ថ្មនៅលើភ្នំ និង៣ ៦០០ នាក់ ឲ្យត្រួតពិនិត្យការងាររបស់កម្មករ។ |
© 2014 United Bible Societies, UK.
United Bible Societies