២ របាក្សត្រ 4 - អាល់គីតាប1 ស្តេចឲ្យគេធ្វើអាសនៈមួយពីលង្ហិន មានបណ្តោយប្រាំហត្ថ ទទឹងម្ភៃហត្ថ និងកំពស់ដប់ហត្ថ។ អាងធំពីលង្ហិន 2 ស្តេចឲ្យគេធ្វើអាងមួយយ៉ាងធំពីលង្ហិន ដែលមានរាងមូល មានអង្កត់ផ្ចិតដប់ហត្ថ មានកំពស់ប្រាំហត្ថ និងរង្វង់ជុំវិញសាមសិបហត្ថ។ 3 នៅក្រោមគែមមាត់អាង មានសិតរូបគោពីរជួរ គឺក្នុងប្រវែងមួយហត្ថ មានសិតរូបគោដប់ព័ទ្ធជុំវិញអាង។ រូបគោទាំងពីរជួរនោះសិតជាប់ជាមួយអាង។ 4 អាងនោះទ្រដោយរូបគោលង្ហិនចំនួនដប់ពីរ គោបីបែរទៅខាងជើង គោបីបែរទៅខាងលិច គោបីបែរទៅខាងត្បូង និងគោបីទៀតបែរទៅខាងកើត។ រីឯខ្លួនវាបែរចូលក្នុងដើម្បីទ្រអាង។ 5 អាងនេះមានកំរាស់មួយទះ មាត់របស់វារីក ដូចមាត់ពែង និងមានរាងដូចផ្កាម្លិះ ហើយមានចំណុះ ប្រមាណ ៣ ០០០ អំរែក។ 6 ស្តេចឲ្យគេធ្វើអាងពីលង្ហិន ចំនួនដប់ទៀត ហើយដាក់ប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេងសម្រាប់ធ្វើពិធីជម្រះ និងលាងសត្វទាំងប៉ុន្មានដែលត្រូវធ្វើជាគូរបានដុត រីឯពួកអ៊ីមុាំត្រូវធ្វើពិធីជម្រះកាយក្នុងអាងធំធ្វើពីលង្ហិនវិញ។ បញ្ជីរបស់របរដែលលោកហ៊ីរ៉ាមបានធ្វើ 7 ស្តេចឲ្យគេធ្វើជើងចង្កៀងអំពីមាស ចំនួនដប់តាមក្បួនតម្រាស្តីអំពីជើងចង្កៀងនេះ រួចយកទៅដាក់នៅក្នុងម៉ាស្ជិទ ជើងចង្កៀងប្រាំនៅខាងស្តាំ និងប្រាំទៀតនៅខាងឆ្វេង។ 8 ស្តេចឲ្យគេធ្វើតុចំនួនដប់ សម្រាប់ដាក់ក្នុងម៉ាស្ជិទ គឺតុប្រាំនៅខាងស្តាំ និងប្រាំនៅខាងឆ្វេង។ ស្តេចក៏ឲ្យគេធ្វើផើងដាក់ឈាមពីមាស ចំនួនមួយរយដែរ។ 9 ស្តេចឲ្យគេធ្វើទីលានមួយសម្រាប់ពួកអ៊ីមុាំ និងទីធ្លាយ៉ាងធំមួយទៀត ព្រមទាំងមានទ្វារផង ហើយសន្លឹកទ្វារទាំងនោះមានស្រោបលង្ហិន។ 10 រីឯអាងធំ ស្តេចបានឲ្យគេតម្កល់នៅខាងស្តាំដំណាក់ ត្រង់ទិសអាគ្នេយ៍។ 11 កាលលោកហ៊ីរ៉ាមធ្វើអាង ប្រដាប់ចូកផេះ និងផើងដាក់ឈាមរួចរាល់ហើយ កិច្ចការទាំងអស់ដែលលោកធ្វើជូនស្តេចស៊ូឡៃម៉ាន នៅក្នុងដំណាក់របស់អុលឡោះតាអាឡា ក៏បានចប់សព្វគ្រប់ 12 គឺមានសសរពីរ ក្បាលសសររាងមូលទាំងពីរ ដែលស្ថិតនៅខាងចុងសសរ ព្រមទាំងក្បាច់ក្រឡាសំណាញ់ពីរ សម្រាប់គ្របពីលើក្បាលសសរនៅខាងលើសសរ 13 ក្បាច់ផ្លែទទឹមចំនួនបួនរយចងភ្ជាប់នឹងក្រឡាសំណាញ់ទាំងពីរ គឺផ្លែទទឹមពីរជួរ សម្រាប់ភ្ជាប់នឹងក្រឡាសំណាញ់នីមួយៗ ដែលគ្របពីលើក្បាលសសរនៅខាងលើសសរ។ 14 លោកហ៊ីរ៉ាមក៏បានធ្វើរទេះ និងអាងដាក់លើរទេះទាំងនោះ 15 អាងធំ និងរូបគោចំនួនដប់ពីរសម្រាប់ទ្រអាង 16 ធុងសម្រាប់ដាក់ផេះ ប្រដាប់ចូកផេះ និងសមសម្រាប់ចាក់សាច់។ គ្រឿងប្រដាប់ទាំងអស់ដែលលោកហ៊ីរ៉ាមធ្វើជូនស្តេចស៊ូឡៃម៉ាន សម្រាប់ដាក់ក្នុងដំណាក់របស់អុលឡោះតាអាឡា សុទ្ធតែធ្វើអំពីលង្ហិន ដែលខាត់យ៉ាងរលោង។ 17 ស្តេចឲ្យគេសិតគ្រឿងប្រដាប់ទាំងនោះ ក្នុងពុម្ពដីឥដ្ឋ នៅវាលទំនាបទន្លេយ័រដាន់ ត្រង់ចន្លោះសិកូត និងសារថាន។ 18 ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហេតុនេះ គេពុំអាចគិតពីទម្ងន់លង្ហិនបានទេ។ 19 ស្តេចស៊ូឡៃម៉ានបានឲ្យគេធ្វើគ្រឿងប្រដាប់ផ្សេងទៀតអំពីមាស សម្រាប់ដំណាក់របស់អុលឡោះតាអាឡា គឺមាន អាសនៈមាស តុសម្រាប់តម្កល់នំបុ័ងជូនអុលឡោះតាអាឡា 20 ជើងចង្កៀង និងចង្កៀងធ្វើអំពីមាសសុទ្ធ ដែលត្រូវដុតតាមក្បួនតម្រានៅមុខទីសក្ការៈ។ 21 ផ្នែកដាក់ប្រេង តួចង្កៀង និងឃ្នាបប្រឆេះ ក៏ធ្វើអំពីមាសដ៏សុទ្ធបំផុតដែរ។ 22 កាំបិត ផើងដាក់ឈាម ពែង និងភាជន៍ធ្វើអំពីមាសសុទ្ធទាំងអស់។ រីឯសន្លឹកទ្វារប៉ែកខាងក្នុងរបស់ដំណាក់ សម្រាប់ចូលទៅក្នុងទីសក្ការៈបំផុត និងសន្លឹកទ្វារចូលដំណាក់សុទ្ធតែធ្វើពីមាស។ |
© 2014 United Bible Societies, UK.
United Bible Societies