ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


២ ពង្សាវ‌តារ‌ក្សត្រ 1 - អាល់គីតាប អាល់គីតាប
២ ពង្សាវ‌តារ‌ក្សត្រ 1

អុលឡោះ​ដាក់​ទោស​ស្តេច​អហា‌ស៊ីយ៉ា

1 ក្រោយ​ពី​ស្តេច​អហាប់​ស្លាប់ ជន‌ជាតិ​ម៉ូអាប់​បាន​បះ‌បោរ​ប្រឆាំង​នឹង​ជន‌ជាតិ​អ៊ីស្រ‌អែល។

2 ថ្ងៃ​មួយ ស្តេច​អហា‌ស៊ីយ៉ា​បាន​ធ្លាក់​ពី​រាន‌ហាល​បន្ទប់​ជាន់​លើ​បំផុត​នៃ​ដំណាក់​នៅ​ក្រុង​សាម៉ារី ហើយ​មាន​របួស​ជា​ទម្ងន់។ ស្តេច​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សួរ​ព្រះ​បាល‌សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ដើម្បី​ចង់​ដឹង​ថា តើ​គាត់​អាច​ជា​សះ‌ស្បើយ ពី​របួស​នេះ​ឬ​ទេ?។

3 ពេល​នោះ ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា ថ្លែង​ទៅ​កាន់​អេលី‌យ៉េស ជា​អ្នក​ស្រុក​ធេស‌ប៊ី​ថា៖ «ចូរ​ក្រោក​ឡើង ទៅ​ជួប​អ្នក​នាំ​សារ​របស់​ស្តេច​ក្រុង​សា‌ម៉ារី ហើយ​សួរ​ថា “តើ​អុលឡោះ​មិន​មែន​ជា​ម្ចាស់​នៅ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ បាន​ជា​អ្នក​នាំ​គ្នា​ទៅ​សុំ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ?”

4 ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ​ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។ អេលី‌យ៉េស​ក៏​ចាក​ចេញ​ទៅ។

5 ពួក​អ្នក​នាំ​សារ​វិល​មក​ជួប​ស្តេច​វិញ ហើយ​ស្តេច​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​វិល​មក​វិញ​ដូច្នេះ?»។

6 ពួក​គេ​ជម្រាប​ថា៖ «មាន​បុរស​ម្នាក់​មក​ជួប​យើង​ខ្ញុំ ព្រម​ទាំង​ប្រាប់​យើង​ខ្ញុំ​ដូច​ត​ទៅ: “ចូរ​វិល​ទៅ​ជម្រាប​ស្តេច ដែល​បាន​ចាត់​អ្នក​រាល់​គ្នា​ឲ្យ​មក​នោះ​ថា អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: តើ​អុលឡោះ​មិន​មែន​ជា​ម្ចាស់​នៅ​ស្រុក​អ៊ីស្រ‌អែល​ទេ​ឬ បាន​ជា​អ្នក​ចាត់​គេ​ឲ្យ​ទៅ​សួរ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន​ដូច្នេះ? ហេតុ​នេះ អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។

7 ស្តេច​សួរ​អ្នក​នាំ​សារ​ថា៖ «តើ​បុរស​ដែល​មក​ជួប​អ្នក​រាល់​គ្នា ហើយ​ពោល​ពាក្យ​ទាំង​នេះ​មាន​រូប​រាង​ដូច​ម្តេច?»។

8 ពួក​គេ​ជម្រាប​ស្តេច​ថា៖ «បុរស​នោះ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​សត្វ ហើយ​ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​ស្បែក​នៅ​ចង្កេះ​ផង»។ ពេល​នោះ ស្តេច​ក៏​ប្រាប់​ថា៖ «គឺ​ពិត​ជា​អេលី‌យ៉េស​អ្នក​ស្រុក​ធេស‌ប៊ី!»

ស្តេច​អហា‌ស៊ីយ៉ា​រក​ចាប់​ណាពី​អេលី‌យ៉េស

9 ស្តេច​ក៏​ចាត់​មេ​កង​ម្នាក់ ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់ ទៅ​រក​ចាប់​អេលី‌យ៉េស។ គេ​នាំ​គ្នា​ឡើង​ទៅ​រក​ចាប់​អេលី‌យ៉េស ដែល​កំពុង​អង្គុយ​នៅ​លើ​កំពូល​ភ្នំ។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច»។

10 អេលី‌យ៉េស​មាន​ប្រសាសន៍​ទៅ​កាន់​មេ​កង​នោះ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​អុលឡោះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​អ្នក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​អ្នក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

11 ស្តេច​ចាត់​មេ‌ទ័ព​ម្នាក់​ទៀត​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​រក​ចាប់​អេលី‌យ៉េស។ មេ​កង​នោះ​និយាយ​ទៅ​កាន់​គាត់​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ ចូរ​ប្រញាប់​ចុះ​មក! នេះ​ជា​បញ្ជា​របស់​ស្តេច!»។

12 អេលី‌យ៉េស​មាន​ប្រសាសន៍​មក​ពួក​គេ​ថា៖ «ប្រសិន​បើ​ខ្ញុំ​ពិត​ជា​អ្នក​ជំនិត​របស់​អុលឡោះ​មែន សូម​ឲ្យ​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​អ្នក និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​របស់​អ្នក​ចុះ!»។ ភ្លើង​ក៏​ធ្លាក់​ពី​លើ​មេឃ​មក ឆេះ​មេ​កង និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នោះ​មែន។

13 ស្តេច​ចាត់​មេ​កង​ទី​បី​ឲ្យ​នាំ​ពល​ទាហាន​ហា‌សិប​នាក់​ទៅ​សា​ជា​ថ្មី។ ពេល​មេ​កង​ទី​បី​នេះ​ឡើង​ទៅ​ដល់​លើ​កំពូល​ភ្នំ គាត់​លុត​ជង្គង់​មុខ​អេលី‌យ៉េស​រួច​អង្វរ​ថា៖ «អ្នក​ជំនិត​របស់​អុលឡោះ​អើយ! សូម​អាណិត​មេត្តា ទុក​ជីវិត​ឲ្យ​ខ្ញុំ និង​ពល​ទាហាន​ទាំង​ហា‌សិប​នាក់​នេះ​ផង។

14 មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ​មក​ឆេះ​មេ​កង​ទាំង​ពីរ និង​ពល​ទាហាន​របស់​ពួក​គេ​ដែល​មក​មុនៗ​នោះ​អស់​ហើយ ឥឡូវ​នេះ សូម​អាណិត​មេត្តា​ទុក​ជីវិត​ឲ្យ​ខ្ញុំ​ផង!»។

15 ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​ប្រាប់​អេលី‌យ៉េស​ថា៖ «ចូរ​ទៅ​ជា​មួយ​គេ​ចុះ កុំ​ភ័យ​ខ្លាច​ឡើយ!»។ អេលី‌យ៉េស​ក្រោក​ឡើង ហើយ​ទៅ​ជា​មួយ​គេ ចូល​ជួប​ស្តេច

16 ជម្រាប​ថា៖ «អុលឡោះ‌តាអាឡា​មាន​បន្ទូល​ដូច​ត​ទៅ: “ដោយ​អ្នក​បាន​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​សុំ​ព្រះ​បាល-សេប៊ូប ជា​ព្រះ​របស់​ក្រុង​អេក្រូន ធ្វើ​ហាក់​ដូច​ជា​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល​គេ​ពុំ​អាច​សុំ​ពី​អុលឡោះ​បាន។ ហេតុ​នេះ​អ្នក​នឹង​មិន​អាច​ក្រោក​ពី​គ្រែ ដែល​អ្នក​ដេក​នោះ​បាន​ឡើយ អ្នក​ពិត​ជា​ស្លាប់!”»។

17 ស្តេច​អហា‌ស៊ីយ៉ា​ស្លាប់​ស្រប​តាម​បន្ទូល​របស់អុលឡោះ‌តាអាឡា ដែល​អេលី‌យ៉េស​បាន​ថ្លែង។ ស្តេច​អហា‌ស៊ីយ៉ា​គ្មាន​កូន​ទេ ដូច្នេះ​ស្តេច​យ៉ូរ៉ាម ជា​ប្អូន ឡើង​ស្នង​រាជ្យ​នៅ​ឆ្នាំ​ទី​ពីរ​នៃ​រជ្ជ‌កាល​ស្តេច​យ៉ូហូរ៉ាម ជា​បុត្រ​របស់​ស្តេច​យ៉ូសា‌ផាត ស្តេច​ស្រុក​យូដា។

18 រីឯ​កិច្ច‌ការ​ផ្សេងៗ​ទៀត​របស់​ស្តេច​អហា‌ស៊ីយ៉ា និង​អ្វីៗ​ដែល​គាត់​បាន​ធ្វើ សុទ្ធ​តែ​មាន​កត់‌ត្រា​ទុក​ក្នុង​សៀវភៅ​ប្រវត្តិ‌សាស្ត្រ​របស់​ស្តេច​ស្រុក​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies