សេចក្ដីដាស់តឿនផ្សេងៗ1 នៅទីបំផុត បងប្អូនអើយ សូមទូរអាឲ្យយើងផង ដើម្បីឲ្យពាក្យរបស់អ៊ីសាជាអម្ចាស់ បានផ្សព្វផ្សាយយ៉ាងឆាប់រហ័សតទៅទៀត និងបានរុងរឿងដូចនៅក្នុងចំណោមបងប្អូនដែរ។ 2 សូមទូរអាឲ្យយើងគេចផុតពីមនុស្សពាល ពីមនុស្សអាក្រក់ ដ្បិតមិនមែនគ្រប់គ្នាទេដែលមានជំនឿ។ 3 អ៊ីសាជាអម្ចាស់ស្មោះត្រង់ គាត់នឹងប្រោសប្រទានឲ្យបងប្អូនមានជំហររឹងប៉ឹង និងការពារបងប្អូនកុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសកំណាច។ 4 នៅចំពោះមុខអ៊ីសាជាអម្ចាស់ យើងទុកចិត្ដបងប្អូនថា បងប្អូនតែងតែប្រព្រឹត្ដតាមពាក្យរំលឹកដាស់តឿនរបស់យើង ហើយបងប្អូនក៏នឹងប្រព្រឹត្ដតាមតទៅមុខទៀតដែរ។ 5 សូមអ៊ីសាជាអម្ចាស់ដឹកនាំចិត្ដគំនិតបងប្អូន ឲ្យស្រឡាញ់អុលឡោះ និងមានចិត្ដស៊ូទ្រាំដែលអាល់ម៉ាហ្សៀសប្រទានឲ្យ។ 6 បងប្អូនអើយ យើងសូមរំលឹកដាស់តឿនបងប្អូន ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើងថា ចូរចៀសចេញឲ្យឆ្ងាយពីបងប្អូនណាដែលរស់នៅដោយឥតសណ្ដាប់ធ្នាប់ ផ្ទុយនឹងរបៀបដែលយើងបានទទួលយកមកបង្រៀនបងប្អូន។ 7 បងប្អូនជ្រាបស្រាប់ហើយថា ត្រូវយកតម្រាប់តាមយើងបែបណា ដ្បិតយើងពុំបានរស់នៅក្នុងចំណោមបងប្អូន ដោយឥតសណ្ដាប់ធ្នាប់នោះឡើយ 8 យើងពុំបានទទួលទានម្ហូបអាហាររបស់នរណាម្នាក់ ដោយឥតបង់ប្រាក់ទេ។ យើងខំប្រឹងធ្វើការហត់នឿយ ទាំងយប់ ទាំងថ្ងៃ កុំឲ្យនរណាម្នាក់ពិបាកនឹងផ្គត់ផ្គង់យើង។ 9 ត្រង់នេះមិនមែនមានន័យថា យើងគ្មានសិទ្ធិនឹងឲ្យគេផ្គត់ផ្គង់នោះឡើយ ប៉ុន្ដែ យើងធ្វើដូច្នេះទុកជាគំរូឲ្យបងប្អូនយកតម្រាប់តាម 10 ព្រោះកាលយើងនៅជាមួយបងប្អូន យើងបានទូន្មានបងប្អូនថា អ្នកណាមិនព្រមធ្វើការ អ្នកនោះក៏មិនត្រូវបរិភោគដែរ។ 11 យើងបានឮដំណឹងថា មានអ្នកខ្លះក្នុងចំណោមបងប្អូន រស់នៅដោយឥតសណ្ដាប់ធ្នាប់ គេហាក់ដូចជារវល់ញាប់ដៃញាប់ជើង តែឥតធ្វើការអ្វីទាល់តែសោះ។ 12 យើងសូមទូន្មាន និងសូមដាស់តឿនបងប្អូនប្រភេទនោះ ក្នុងនាមអ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់ថា សូមអញ្ជើញធ្វើការឲ្យបានស្រួលបួលឡើង និងបរិភោគអាហារដែលបានមកពីកម្លាំងញើសខ្លួនឯងទៅ។ 13 ចំពោះបងប្អូនវិញ បងប្អូនអើយ សូមប្រព្រឹត្ដអំពើល្អ កុំរសាយចិត្ដឡើយ។ 14 បើអ្នកណាមិនស្ដាប់តាមសេចក្ដីដែលយើងសរសេរក្នុងសំបុត្រនេះទេ សូមចំណាំមុខទុក ហើយកុំទាក់ទងជាមួយអ្នកនោះ ដើម្បីឲ្យគាត់ខ្មាសគេ 15 ប៉ុន្ដែ មិនត្រូវចាត់ទុកគាត់ជាខ្មាំងសត្រូវឡើយ គឺត្រូវដាស់តឿនគាត់ទុកដូចជាបងប្អូនវិញ។ 16 សូមអ៊ីសាជាអម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្ដ ប្រទានសេចក្ដីសុខសាន្ដគ្រប់ប្រការមកបងប្អូនគ្រប់ពេលវេលា! សូមអ៊ីសាជាអម្ចាស់នៅជាមួយបងប្អូនទាំងអស់គ្នា! 17 ពាក្យសួរសុខទុក្ខនេះ ខ្ញុំប៉ូល បានសរសេរដោយដៃខ្ញុំផ្ទាល់។ នេះជាហត្ថលេខាដែលខ្ញុំបានចុះក្នុងគ្រប់លិខិត ខ្ញុំសរសេរដូច្នេះ។ 18 សូមឲ្យបងប្អូនទាំងអស់គ្នា បានប្រកបដោយសេចក្តីប្រណីសន្តោសរបស់អ៊ីសាអាល់ម៉ាហ្សៀសជាអម្ចាស់នៃយើង! |
© 2014 United Bible Societies, UK.
United Bible Societies