ការស្លាប់របស់ស្តេចសូល និងបុត្រា1 កងទ័ពភីលីស្ទីនវាយប្រហារ កងទ័ពអ៊ីស្រអែល។ ពលទាហានអ៊ីស្រអែលបាក់ទ័ព រត់នៅមុខពួកភីលីស្ទីន ហើយទាហានអ៊ីស្រអែលជាច្រើននាក់បានស្លាប់នៅលើភ្នំគីលបោ។ 2 ពួកភីលីស្ទីនដេញតាមស្តេចសូល និងបុត្រាយ៉ាងប្រកិត ពួកគេសម្លាប់សម្តេចយ៉ូណាថាន សម្តេចអប៊ីណាដាប់ និងសម្តេចម៉ាល់គីស៊ូអា ជាបុត្ររបស់ស្តេចសូល។ 3 បន្ទាប់មក ពួកគេសំរុកទៅលើស្តេចសូល ទ័ពបាញ់ព្រួញបានដេញតាមទាន់ស្តេចសូលធ្វើឲ្យស្តេចតក់ស្លុតយ៉ាងខ្លាំង។ 4 ស្តេចបានបញ្ជាទៅសេនាដែលកាន់គ្រឿងសាស្ត្រាវុធរបស់ស្តេចថា៖ «ចូរហូតដាវរបស់ឯងចាក់យើងមក ព្រោះយើងមិនចង់ស្លាប់ដោយដៃរបស់សាសន៍ដទៃ ហើយឲ្យពួកគេប្រមាថមើលងាយយើងទេ»។ ប៉ុន្តែ សេនានោះមិនហ៊ានសម្លាប់ស្តេចឡើយ ព្រោះគាត់ភ័យខ្លាចយ៉ាងខ្លាំង។ ដូច្នេះ ស្តេចសូលក៏ហូតដាវ ហើយផ្តួលខ្លួនទៅលើមុខដាវនោះ។ 5 កាលសេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេចឃើញស្តេចស្លាប់ដូច្នេះ គាត់ក៏ហូតដាវ រួចផ្តួលខ្លួនទៅលើមុខដាវស្លាប់ជាមួយស្តេចដែរ។ 6 ដូច្នេះ ស្តេចសូល បុត្រាទាំងបីនាក់ សេនាដែលកាន់គ្រឿងសាស្ត្រារបស់ស្តេច និងពលទាហានទាំងអស់បានស្លាប់ជាមួយគ្នាក្នុងថ្ងៃតែមួយ។ 7 កាលទ័ពអ៊ីស្រអែលដែលស្ថិតនៅលើភ្នំម្ខាងទៀត និងនៅត្រើយខាងនាយទន្លេយ័រដាន់ដឹងថា អ៊ីស្រអែលបាក់ទ័ព ហើយស្តេចសូល ព្រមទាំងបុត្រា ស្លាប់អស់នោះ ពួកគេក៏បោះបង់ទីក្រុងចោល រត់ភៀសខ្លួនអស់។ កងទ័ពភីលីស្ទីនចូលមកកាន់កាប់ក្រុងទាំងនោះ។ 8 ស្អែកឡើង ពួកភីលីស្ទីននាំគ្នាដើរប្រមូលរបស់របរដែលនៅជាប់នឹងសាកសព ហើយឃើញសាកសពរបស់ស្តេចសូល និងបុត្រាទាំងបីនាក់នៅលើភ្នំគីលបោ។ 9 ពួកគេក៏កាត់កស្តេច ព្រមទាំងដោះគ្រឿងសាស្ត្រាវុធចេញពីសពផង រួចផ្ញើទៅគ្រប់ទីកន្លែងក្នុងស្រុកភីលីស្ទីនទាំងមូល។ គេប្រកាសដំណឹងនេះនៅតាមវិហារនៃព្រះរបស់ពួកគេ និងក្នុងចំណោមប្រជាជនផង។ 10 បន្ទាប់មក ពួកគេយកគ្រឿងសាស្ត្រាវុធរបស់ស្តេចសូល ទៅតម្កល់ទុកក្នុងវិហារនៃព្រះអាស្តារ៉ូត ហើយយកសពរបស់ស្តេចទៅព្យួរនៅកំពែងក្រុងបេតសាន។ 11 អ្នកក្រុងយ៉ាបេស ក្នុងស្រុកកាឡាដ បានដឹងអំពីហេតុការណ៍ដែលពួកភីលីស្ទីនប្រព្រឹត្តចំពោះស្តេចសូល។ 12 ពួកទាហានដ៏អង់អាចនៅក្រុងនោះក៏នាំគ្នាចេញដំណើរទៅ។ ក្រោយពីដើរអស់រយៈពេលពេញមួយយប់ ពួកគេបានទៅដល់ក្រុងបេតសាន ហើយស្រាយសពរបស់ស្តេចសូល និងបុត្រាចុះពីកំពែងក្រុងនោះ រួចនាំគ្នាវិលត្រឡប់មកក្រុងយ៉ាបេសវិញ យកសពទាំងនោះទៅបូជា។ 13 ពួកគេរើសឆ្អឹងយកទៅបញ្ចុះក្រោមដើមជ្រៃនៅក្រុងយ៉ាបេស ហើយនាំគ្នាតមអាហារ ចំនួនប្រាំពីរថ្ងៃ។ |
© 2014 United Bible Societies, UK.
United Bible Societies