រាជ្យរបស់ស្តេចសូល ស្តេចសូលធ្វើសង្គ្រាមនឹងពួកភីលីស្ទីន1 ស្តេចសូលបានឡើងគ្រងរាជ្យនៅពេលគាត់មានអាយុសាមសិបឆ្នាំ។ លុះគ្រងរាជ្យលើជនជាតិអ៊ីស្រអែលបានពីរឆ្នាំហើយ 2 ស្តេចសូលជ្រើសរើសទាហានចំនួនបីពាន់នាក់ ពីក្នុងចំណោមប្រជាជនអ៊ីស្រអែល គឺពីរពាន់នាក់ទុកឲ្យនៅជាមួយគាត់ ត្រង់ភូមិមីកម៉ាស់ និងតំបន់ភ្នំបេតអែល ហើយមួយពាន់នាក់ទៀតឲ្យនៅជាមួយសម្តេចយ៉ូណាថាន នៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ រីឯប្រជាជនដែលនៅសេសសល់ស្តេចសូលបញ្ជូនឲ្យវិលទៅផ្ទះរៀងៗខ្លួនវិញ។ 3 ថ្ងៃមួយសម្តេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះស្តេចសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូលដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្តាប់!»។ 4 ប្រជាជនអ៊ីស្រអែលទាំងមូលទទួលដំណឹងថា ស្តេចសូលបានវាយទីតាំងទ័ពរបស់ជនជាតិភីលីស្ទីន ធ្វើឲ្យជនជាតិភីលីស្ទីនខឹងនឹងជនជាតិអ៊ីស្រអែលយ៉ាងខ្លាំង។ ប្រជាជនក៏មកប្រមូលផ្តុំគ្នាជុំវិញ ស្តេចសូលនៅគីលកាល់។ 5 ជនជាតិភីលីស្ទីនប្រមូលទ័ព ចេញមកច្បាំងតទល់នឹងជនជាតិអ៊ីស្រអែល។ ពួកគេមានរទេះចំបាំងចំនួនបីម៉ឺនគ្រឿង មានទ័ពសេះប្រាំមួយពាន់ និងមានពលទាហានច្រើនកុះករ ដូចខ្សាច់នៅឆ្នេរសមុទ្រ។ ពួកគេបានលើកទ័ពមកបោះជំរំនៅមីកម៉ាស់ ខាងកើតបេតអាវេន។ 6 កាលប្រជាជនអ៊ីស្រអែលឃើញថាខ្លួនស្ថិតក្នុងភាពអាសន្ន ព្រោះទ័ពអ៊ីស្រអែលត្រូវខ្មាំងឡោមព័ទ្ធជិតដូច្នេះ ពួកគេក៏នាំគ្នារត់ទៅពួននៅតាមរអាងភ្នំ តាមរូងធំ តាមក្រហែងថ្ម តាមរូងភ្នំ និងនៅតាមជ្រោះ។ 7 មានជនជាតិហេប្រឺខ្លះឆ្លងទន្លេយ័រដាន់រត់ទៅស្រុកកាដ និងស្រុកកាឡាដ។ រីឯស្តេចសូលវិញ គាត់នៅគីលកាល់នៅឡើយ ហើយកងទ័ពទាំងប៉ុន្មានដែលនៅជាមួយស្តេចញ័ររន្ធត់យ៉ាងខ្លាំង។ 8 ស្តេចសូលរង់ចាំជួបសាំយូអែល អស់រយៈពេលប្រាំពីរថ្ងៃ តែមិនឃើញគាត់អញ្ជើញមកគីលកាល់ ដូចបានកំណត់ទេ។ ពួកទាហានក៏នាំគ្នារត់គេចខ្លួន ចេញឆ្ងាយពីស្តេច។ 9 ស្តេចសូលបានបញ្ជាថា៖ «ចូរយកគូរបានដុត និងគូរបានមេត្រីភាពមកឲ្យខ្ញុំ»។ ស្តេចក៏ធ្វើគូរបានដុតនោះទៅ។ 10 នៅពេលស្តេចធ្វើគូរបានដុតរួចស្រេចហើយ សាំយូអែលអញ្ជើញមកដល់។ ស្តេចសូលក៏ទៅទទួល និងជម្រាបសួរគាត់។ 11 សាំយូអែលសួរថា៖ «តើលោកធ្វើអ្វីហ្នឹង?»។ ស្តេចសូលឆ្លើយថា៖ «កាលខ្ញុំឃើញពលទាហានរត់គេចខ្លួនចេញឆ្ងាយពីខ្ញុំ រីឯលោកសោត ក៏ពុំឃើញអញ្ជើញមកដូចកំណត់។ ខ្ញុំឃើញពួកភីលីស្ទីនប្រមូលផ្តុំគ្នានៅមីកម៉ាស់ 12 នោះខ្ញុំគិតថា “ពួកភីលីស្ទីននឹងចុះមកវាយខ្ញុំនៅគីលកាល់ជាមិនខាន តែខ្ញុំមិនបានសូមអង្វរអុលឡោះតាអាឡា”។ ដូច្នេះ ខ្ញុំក៏បង្ខំចិត្តធ្វើគូរបានដុតនេះទៅ»។ 13 សាំយូអែលជម្រាបស្តេចសូលថា៖ «លោកបានប្រព្រឹត្តដោយឥតពិចារណា! គឺលោកមិនធ្វើតាមបទបញ្ជាដែលអុលឡោះតាអាឡា ជាម្ចាស់របស់លោក បានបង្គាប់មកទេ។ បើលោកធ្វើតាមនោះ ម៉្លេះសមអុលឡោះតាអាឡាពង្រឹងរាជ្យរបស់លោក ឲ្យនៅស្ថិតស្ថេរលើជនជាតិអ៊ីស្រអែលមិនខាន។ 14 ឥឡូវនេះ រាជ្យរបស់លោកមិនអាចគង់វង្សបានឡើយ អុលឡោះតាអាឡាស្វែងរកមនុស្សម្នាក់ ដែលបំពេញតាមបំណងទាំងប៉ុន្មានរបស់ទ្រង់ រួចតែងតាំងឲ្យធ្វើជាមេដឹកនាំលើប្រជារាស្ត្ររបស់ទ្រង់ ព្រោះលោកមិនបានធ្វើតាមបទបញ្ជា ដែលអុលឡោះតាអាឡាបានបង្គាប់មកទេ»។ 15 សាំយូអែលចាកចេញពីគីលកាល់ ឆ្ពោះទៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន។ ស្តេចសូលរាប់ចំនួនទាហានដែលនៅជាមួយ ឃើញថា មានប្រហែលប្រាំមួយរយនាក់។ 16 ស្តេចសូល និងសម្តេចយ៉ូណាថាន ជាបុត្រា ព្រមទាំងទាហានដែលនៅជាមួយ បោះទ័ពនៅភូមិគីបៀរ ក្នុងស្រុកពុនយ៉ាមីន រីឯពួកភីលីស្ទីនបោះទ័ពនៅមីកម៉ាស់។ 17 ពេលនោះមានកងទ័ពស្រួចបីក្រុមចេញពីជំរំភីលីស្ទីន ក្រុមទីមួយសំដៅទៅក្រុងអូប្រា នៅស្រុកស៊ូអាល 18 ក្រុមទីពីរទៅតាមផ្លូវក្រុងបេតហូរ៉ូន និងក្រុមទីបីទៅតាមផ្លូវព្រំប្រទល់ ដែលចុះទៅច្រកភ្នំសេបោម ប៉ែកខាងវាលរហោស្ថាន។ 19 នៅក្នុងស្រុកអ៊ីស្រអែលទាំងមូលគ្មានជាងដែកទេ ដ្បិតជនជាតិភីលីស្ទីនបានបញ្ជាថា៖ «មិនត្រូវឲ្យពួកហេប្រឺធ្វើដាវ ឬលំពែងឡើយ»។ 20 ដូច្នេះ ជនជាតិអ៊ីស្រអែលគ្រប់ៗគ្នា តែងតែទៅរកជាងភីលីស្ទីន ដើម្បីច្រុងផាល នង្គ័ល ចប ពូថៅ ឬដឹង។ 21 តម្លៃច្រុងផាលនង្គ័ល និងចប គឺពីរស្លឹង ហើយតម្លៃសំលៀងពូថៅ និងតម្រង់រនាស់ គឺមួយស្លឹង។ 22 ហេតុនេះនៅថ្ងៃប្រយុទ្ធ ក្នុងកងទ័ពអ៊ីស្រអែល គ្មាននរណាមានដាវ ឬលំពែងទេ លើកលែងតែស្តេចសូល និងសម្តេចយ៉ូណាថាន ជាកូនប៉ុណ្ណោះដែលមានអាវុធ។ 23 ជនជាតិភីលីស្ទីនបញ្ជូនទាហានមួយក្រុមឲ្យទៅត្រៀមនៅច្រកមីកម៉ាស់។ |
© 2014 United Bible Societies, UK.
United Bible Societies