ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ សាំ‌យូ‌អែល 1 - អាល់គីតាប អាល់គីតាប
១ សាំ‌យូ‌អែល 1

លោក​អេលី និង​សាំយូ‌អែល នាង​ហា‌ណា​នៅ​កន្លែង​សក្ការៈ​ស៊ីឡូ

1 មាន​បុរស​ម្នាក់​ឈ្មោះ​អែល‌កាណា រស់​នៅ​ភូមិ​រ៉ាម៉ា‌ថែម-សូភីម ក្នុង​តំបន់​ភ្នំ​អេប្រា‌អ៊ីម គាត់​ត្រូវ​ជា​កូន​របស់​លោក​យេរ៉ូ‌ហាំ ជា​ចៅ​របស់​លោក​អេលី‌ហ៊ូវ ជា​ចៅ​ទួត​របស់​លោក​ថូ‌ហ៊ូវ ហើយ​ត្រូវ​ជា​ចៅ​លួត​របស់​លោក​ស៊ូភ ក្នុង​កុល‌សម្ព័ន្ធ​អេប្រា‌អ៊ីម។

2 បុរស​នោះ​មាន​ប្រពន្ធ​ពីរ ម្នាក់​ឈ្មោះ​ហា‌ណា និង​ម្នាក់​ទៀត​ឈ្មោះ​ពេនី‌ណា។ នាង​ពេនី‌ណា​មាន​កូន​ច្រើន រីឯ​នាង​ហា‌ណា​វិញ នាង​គ្មាន​កូន​ទេ។

3 រៀង​រាល់​ឆ្នាំ លោក​អែល‌កាណា​តែងតែ​ធ្វើ​ដំណើរ​ពី​ភូមិ​របស់​គាត់ ទៅ​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​នៅ​ស៊ីឡូ ព្រម​ទាំង​ធ្វើ​គូរបាន​ទៀត​ផង។ នៅ​គ្រា​នោះ កូន​ប្រុស​ទាំង​ពីរ​នាក់​របស់​លោក​អេលី គឺ​លោក​ហូប‌នី និង​លោក​ភីនេ‌ហាស ធ្វើ​ជា​អ៊ីមុាំ​បម្រើអុលឡោះ‌តាអាឡា នៅ​ស៊ីឡូ។

4 នៅ​ថ្ងៃ​ធ្វើ​គូរបាន លោក​អែល‌កាណា​មាន​ទម្លាប់​យក​សាច់​ទៅ​ឲ្យ​នាង​ពេនី‌ណា​ជា​ប្រពន្ធ និង​កូន​ប្រុស​កូន​ស្រី​ទាំង​អស់​របស់​នាង​មួយ​ចំណែក​ម្នាក់។

5 ប៉ុន្តែ ចំពោះ​នាង​ហា‌ណា​វិញ គាត់​បាន​ឲ្យ​មួយ​ទ្វេ​ជា​ពីរ ព្រោះ​គាត់​ស្រឡាញ់​នាង​ច្រើន​ជាង ទោះ​បីអុលឡោះ‌តាអាឡា​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ​ក៏​ដោយ។

6 នាង​ពេនី‌ណា​ជា​គូ​វិវាទ តែងតែ​រុក​គួន​បញ្ឈឺ​ចិត្ត​នាង​ហា‌ណា ក្នុង​គោល​បំណង​ឲ្យ​នាង​ខឹង​នឹងអុលឡោះ‌តាអាឡា ដែល​បាន​ធ្វើ​ឲ្យ​នាង​ទៅ​ជា​ស្ត្រី​អារ។

7 នាង​ពេនី‌ណា​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ គឺ​នៅ​ពេល​ដែល​នាង​ហា‌ណា​ឡើង​ទៅ​ម៉ាស្ចិទ​របស់អុលឡោះ‌តាអាឡា​នៅ​ស៊ីឡូ នាង​ពេនី‌ណា​តែងតែ​រុក​គួន​នាង​ជា‌និច្ច ធ្វើ​ឲ្យ​នាង​ហា‌ណា​យំ មិន​ព្រម​បរិភោគ​អ្វី​សោះ។

8 ពេល​នោះ លោក​អែល‌កាណា​ជា​ប្ដី សួរ​ទៅ​នាង​ថា៖ «ហា‌ណា​អើយ ហេតុ​អ្វី​បាន​ជា​នាង​យំ? ហេតុ​អ្វី​បាន​ជា​នាង​មិន​បរិភោគ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​នាង​ព្រួយ​ចិត្ត? ឬ​មួយ​ខ្ញុំ​គ្មាន​តម្លៃ​ស្មើ​នឹង​កូន​ដប់​នាក់​ទេ​ឬ?»។

9 ក្រោយ​ពេល​គេ​បរិភោគ និង​ផឹក​រួច​ហើយ នាង​ហាណា​ក្រោក​ឡើង ចូល​ទៅ​ម៉ាស្ជិទ​នៅ​ស៊ីឡូ។ ពេល​នោះ អ៊ីមុាំ​អេលី​អង្គុយ​នៅ​មាត់​ទ្វារ​ម៉ាស្ជិទ​នៃអុលឡោះ‌តាអាឡា។

10 នាង​តូច​ចិត្ត​ជា​ខ្លាំង ហើយ​ទូរអា​ទៅ​រកអុលឡោះ‌តាអាឡា ទាំង​យំ​ហូរ​ទឹក​ភ្នែក​រហាម។

11 នាង​ទូរអា​អង្វរ​អុលឡោះ​ដោយ​សច្ចា​ថា៖ «ឱ! អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ! សូម​មើល​មក​ខ្ញុំ ដែល​កំពុង​តែ​មាន​ទុក្ខ​ព្រួយ សូម​នឹក​ដល់​ខ្ញុំ ហើយ​កុំ​បំភ្លេច​ខ្ញុំ​ឡើយ។ ប្រសិន​បើ​ទ្រង់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​កូន​ប្រុស​មួយ ខ្ញុំ​នឹង​យក​កូន​នោះ​មក​ជូន​ទ្រង់ ដើម្បី​ឲ្យ​នៅ​បម្រើ​ទ្រង់​អស់​មួយ​ជីវិត ហើយ​សក់​របស់​វា​នឹង​មិន​ត្រូវ​កោរ ឬ​កាត់​ឡើយ»។

12 នាង​ហា‌ណា​ទូរអា​យ៉ាង​យូរ​ចំពោះអុលឡោះ‌តាអាឡា។ ពេល​នោះ លោក​អេលី​សង្កេត​មើល​មាត់​របស់​នាង។

13 នាង​ទូរអា​ស្ងាត់ៗ ឃើញ​តែ​បបូរ​មាត់​កំរើក​តិចៗ ឥត​មាន​ឮ​សូរ​សំឡេង​ទេ។ ដូច្នេះ លោក​អេលី​នឹក​ស្មាន​ថា នាង​ស្រវឹង​ស្រា។

14 លោក​ក៏​ពោល​ទៅ​នាង​ថា៖ «តើ​នាង​នៅ​ស្រវឹង​ដល់​អង្កាល់​ទៀត ល្មម​ស្វាង​ហើយ!»។

15 នាង​ហា‌ណា​ឆ្លើយ​តប​ថា៖ «ទេ លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​មាន​ទុក្ខ នាង​ខ្ញុំ​ពុំ​បាន​ទទួល​ទាន​ស្រា ឬ​គ្រឿង​ស្រវឹង​ណា​ទេ។ នាង​ខ្ញុំ​នៅ​ទី​នេះ ដើម្បី​ជម្រាបអុលឡោះ‌តាអាឡា​ពី​ទុក្ខ​ព្រួយ​របស់​នាង​ខ្ញុំ។

16 សូម​កុំ​ចាត់​ទុក​នាង​ខ្ញុំ​ថា ជា​ស្ត្រី​អាក្រក់​ឡើយ នាង​ខ្ញុំ​ទូរអា​ដល់​ទ្រង់​យ៉ាង​យូរ​ដូច្នេះ ព្រោះ​នាង​ខ្ញុំ​ឈឺ​ចាប់ និង​មាន​ទុក្ខ​កង្វល់​ហួស​ប្រមាណ»។

17 លោក​អេលី​និយាយ​ទៅ​កាន់​នាង​ថា៖ «សុំ​អញ្ជើញ​ទៅ​ដោយ​សុខ‌សាន្ត! សូម​អុលឡោះ​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល ប្រោស​ប្រទាន​ឲ្យ​នាង​បាន​សម្រេច​តាម​ពាក្យ​របស់​នាង​ចុះ!»។

18 នាង​ហា‌ណា​ឆ្លើយ​ថា៖ «សូម​លោក​សំដែង​សេចក្តី​មេត្តា‌ករុណា​ដល់​នាង​ខ្ញុំ​ផង!»។ បន្ទាប់​មក​នាង​ក៏​ចេញ​ទៅ ហើយ​បរិភោគ​ម្ហូប​អាហារ ព្រម​ទាំង​មាន​ទឹក​មុខ​ស្រស់​បស់​ឡើង​វិញ។

19 លោក​អែល‌កាណា និង​គ្រួសារ​គាត់ ក្រោក​ពី​ព្រលឹម​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា រួច​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​របស់​គេ នៅ​ឯ​រ៉ាម៉ា​វិញ។ លោក​អែល‌កាណា​រួម​រស់​ជា​មួយ​នាង​ហា‌ណា ជា​ប្រពន្ធ ហើយអុលឡោះ‌តាអាឡា​ក៏​នឹក​ឃើញ​នាង។

កំណើត និង​កុមារ‌ភាព​របស់​សាំយូ‌អែល

20 នៅ​ឆ្នាំ​នោះ​នាង​ហា‌ណា​មាន​ផ្ទៃ​ពោះ ហើយ​សំរាល​បាន​កូន​ប្រុស​មួយ ដែល​នាង​ដាក់​ឈ្មោះ​ថា «សាំយូ‌អែល» ដ្បិត​នាង​ពោល​ថា «ខ្ញុំ​បាន​ទូរអា​សូម​កូន​នេះ​ពីអុលឡោះ‌តាអាឡា»។

21 ក្រោយ​មក លោក​អែល‌កាណា​ជា​ប្ដី បាន​នាំ​គ្រួសារ​របស់​គាត់​ទាំង​អស់​គ្នា យក​គូរបាន​ប្រចាំ​ឆ្នាំ​ទៅ​ជូនអុលឡោះ‌តាអាឡា ព្រម​ទាំង​លា​បំណន់​ផង។

22 ប៉ុន្តែ នាង​ហា‌ណា​ពុំ​បាន​ទៅ​ជា​មួយ​ទេ ដ្បិត​នាង​បាន​ប្រាប់​ប្ដី​ថា៖ «នៅ​ពេល​ដែល​កូន​ខ្ញុំ​ផ្តាច់​ដោះ នោះ​ខ្ញុំ​នឹង​នាំ​វា​ទៅ​ជូនអុលឡោះ‌តាអាឡា ហើយ​ទុក​វា​នៅ​ទី​នោះ​រហូត»។

23 លោក​អែល‌កាណា​ជា​ប្ដី​តប​វិញ​ថា៖ «ចូរ​ធ្វើ​តាម​ដែល​នាង​យល់​ឃើញ​ថា​ល្អ​ចុះ។ ដូច្នេះ ចូរ​នៅ​ជា​មួយ​កូន​រហូត​ដល់​ពេល​ផ្តាច់​ដោះ ហើយ​សូមអុលឡោះ‌តាអាឡា​សម្រេច​តាម​បន្ទូល​សន្យា​របស់​ទ្រង់»។ នាង​ហា‌ណា​ក៏​នៅ​ចាំ​ផ្ទះ និង​បំបៅ​កូន រហូត​ដល់​ពេល​ផ្តាច់​ដោះ។

24 លុះ​នាង​ផ្តាច់​ដោះ​កូន​ហើយ នាង​ក៏​នាំ​កូន​ឡើង​ទៅ​‌ម៉ាស្ទិទ​របស់អុលឡោះ‌តាអាឡា នៅ​ស៊ីឡូ ព្រម​ទាំង​យក​គោ​ឈ្មោល​មួយ​ក្បាល​អាយុ​បី​ឆ្នាំ ម្សៅ​មួយ​ថាំង និង​ស្រា​ទំពាំង​បាយ​ជូរ​មួយ​ថង់​ស្បែក​ទៅ​ជា​មួយ​ផង។ ពេល​នោះ​កុមារ​សាំយូ‌អែល​នៅ​ក្មេង​ណាស់។

25 គេ​សម្លាប់​គោ​នោះ ហើយ​នាំ​កុមារ​ទៅ​ជួប​លោក​អេលី។

26 នាង​ហា‌ណា​ពោល​ថា៖ «លោក​ម្ចាស់! នាង​ខ្ញុំ​ជា​ស្ត្រី​ម្នាក់​ដែល​ឈរ​ទូរអា​អង្វរអុលឡោះ‌តាអាឡា កាល​ពី​មុន នៅ​ទី​នេះ​ជិត​លោក។ នេះ​ជា​ការ​ពិត ដូច​លោក​ម្ចាស់​មាន​ជីវិត​នៅ​សព្វ​ថ្ងៃ​ដែរ។

27 នាង​ខ្ញុំ​បាន​ទូរអា​អង្វរអុលឡោះ‌តាអាឡា​សូម​ឲ្យ​មាន​កូន ហើយ​ទ្រង់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​របស់​នាង​ខ្ញុំ។

28 ឥឡូវ​នេះ នាង​ខ្ញុំ​សូម​យក​កូន​មក​ជូនអុលឡោះ‌តាអាឡា ឲ្យ​នៅ​ជា​មួយ​ទ្រង់​អស់​មួយ​ជីវិត»។ បន្ទាប់​មក គេ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំអុលឡោះ‌តាអាឡា។

© 2014 United Bible Societies, UK.

United Bible Societies