ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


១ ពង្សាវ‌តារ‌ក្សត្រ 19 - អាល់គីតាប អាល់គីតាប
១ ពង្សាវ‌តារ‌ក្សត្រ 19

ណាពី​អេលី‌យ៉េស​នៅ​លើ​ភ្នំ​ហោរែប

1 ស្តេច​អហាប់​រៀប​រាប់​អំពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​អេលី‌យ៉េស បាន​ប្រព្រឹត្ត និង​អំពី​ការ​ដែល​គាត់​បាន​សម្លាប់​អ្នក​បម្រើ​ទាំង​អស់​របស់​ព្រះ​បាល​ដោយ​មុខ​ដាវ ជម្រាប​ម្ចាស់​ក្សត្រី​យេសិ‌បិល។

2 ម្ចាស់​ក្សត្រី​យេសិ‌បិល​ចាត់​អ្នក​នាំ​សារ​ឲ្យ​ទៅ​ជម្រាប​អេលី‌យ៉េស​ថា៖ «ថ្ងៃ​ស្អែក នៅ​ពេល​ថ្មើរ​នេះ ប្រសិន​បើ​ខ្ញុំ​មិន​ប្រហារ​ជីវិត​អ្នក ដូច​អ្នក បាន​ប្រហារ​ជីវិត​អ្នក​បម្រើ​ទាំង​នោះ​ទេ សូម​ព្រះ​ទាំង‌ឡាយ​ដាក់​ទោស​ខ្ញុំ​យ៉ាង​ធ្ងន់​ចុះ!»។

3 អេលី‌យ៉េស​ភ័យ​ខ្លាច ហើយ​ក្រោក​ឡើង រត់​ចេញ​ទៅ ដើម្បី​ឲ្យ​រួច​ជីវិត។ គាត់​ទៅ​ដល់​បៀរ-‌សេបា ក្នុង​ស្រុក​យូដា គាត់​ទុក​អ្នក​បម្រើ​ឲ្យ​នៅ​ទី​នោះ។

4 រីឯ​គាត់​វិញ គាត់​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន ពេញ​មួយ​ថ្ងៃ ហើយ​ទៅ​អង្គុយ​ក្រោម​ដើម​ដង្កោ​មួយ រួច​អង្វរ​សុំ​ស្លាប់​ទាំង​ពោល​ថា៖ «អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ខ្ញុំ​ទ្រាំ​លែង​បាន​ទៀត​ហើយ! ឥឡូវ​នេះ សូម​ទ្រង់​ដក​ជីវិត​ខ្ញុំ​ចុះ! ដ្បិត​ខ្ញុំ​មិន​ប្រសើរ​ជាង​ដូន‌តា​របស់​ខ្ញុំ​ទេ»។

5 បន្ទាប់​មក គាត់​ទំរេត​ខ្លួន​សម្រាន្ត​លង់‌លក់​ក្រោម​ដើម​ដង្កោ​នោះ​ទៅ។ ពេល​នោះ មាន​ម៉ាឡា‌អ៊ីកាត់​មួយ​រូប​មក​ដាស់​គាត់ ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង បរិភោគ​ទៅ!»។

6 អេលី‌យ៉េស​ក្រឡេក​ទៅ​ឃើញ​មាន​នំបុ័ង ដែល​គេ​ទើប​នឹង​ដុត​លើ​ថ្ម​ក្តៅៗ និង​ទឹក​មួយ​ក្អម នៅ​លើ​ក្បាល​ដំណេក គាត់​ក៏​ពិសា​នំបុ័ង និង​ទឹក​រួច​សម្រាន្ត​លក់​ជា​ថ្មី។

7 ពេល​នោះ​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​មក​ដាស់​គាត់​ម្តង​ទៀត ទាំង​ពោល​ថា៖ «ចូរ​ក្រោក​ឡើង​បរិភោគ​ទៅ ដ្បិត​អ្នក​ត្រូវ​ធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ»។

8 គាត់​ក៏​ក្រោក​ឡើង ពិសា​នំបុ័ង និង​ទឹក។ អាហារ​នេះ​ធ្វើ​ឲ្យ​គាត់​មាន​កម្លាំង ដើរ​បាន​សែ‌សិប​ថ្ងៃ​សែ‌សិប​យប់ រហូត​ដល់​ភ្នំ​ហោរែប​ជា​ភ្នំ​របស់​អុលឡោះ។

អុលឡោះ‌តាអាឡា ​ប្រទាន​ឲ្យ​ណាពី​អេលី‌យ៉េស​មាន​សេចក្តី​ក្លាហាន​ឡើង​វិញ

9 កាល​ទៅ​ដល់​ភ្នំ​ហោរែប​ហើយ អេលី‌យ៉េស​ចូល​ទៅ​ស្នាក់​ក្នុង​គុហា​នៅ​ពេល​យប់។ ពេល​នោះ អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​គាត់​ដូច​ត​ទៅ៖ «អេលី‌យ៉េស​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។

10 គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។

11 ទ្រង់​មាន​បន្ទូល​ថា៖ «ចូរ​ចេញ​ទៅ​ក្រៅ ហើយ​ឈរ​លើ​ភ្នំ នៅ​ចំពោះអុលឡោះ‌តាអាឡា»។ ទ្រង់​កាត់​តាម​នោះ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង ធ្វើ​ឲ្យ​កក្រើក​ភ្នំ បំបែក​ថ្ម នៅ​ចំពោះអុលឡោះ‌តាអាឡា ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​នៅ​ក្នុង​ខ្យល់​នោះ​ទេ។ បន្ទាប់​ពី​ខ្យល់ មាន​រញ្ជួយ​ដី ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​នៅ​ក្នុង​ដី​ដែល​រញ្ជួយ​នោះ​ទេ។

12 ក្រោយ​ពី​រញ្ជួយ​ដី មាន​ភ្លើង ប៉ុន្តែ អុលឡោះ‌តាអាឡា​មិន​នៅ​ក្នុង​ភ្លើង​នោះ​ទេ។ បន្ទាប់​ពី​ភ្លើង​មាន​ឮ​សូរ​សំឡេង​ស្រាលៗ​យ៉ាង​ស្រទន់។

13 កាល​អេលី‌យ៉េស​ឮ​សំឡេង​នោះ គាត់​យក​អាវ​ធំ​មក​គ្រប​មុខ ហើយ​ចេញ​ទៅ​ឈរ​នៅ​មាត់​គុហា។ គាត់​ឮ​សំឡេង​ថា៖ «អេលី‌យ៉េស​អើយ អ្នក​មក​ទី​នេះ​ធ្វើ​អ្វី?»។

14 គាត់​ឆ្លើយ​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល! ខ្ញុំ​ស្រឡាញ់​ទ្រង់​ខ្លាំង​ណាស់។ រីឯ​ជន‌ជាតិ​អ៊ីស្រ‌អែល​ផ្តាច់​សម្ពន្ធ‌មេត្រី​របស់​ទ្រង់ ពួក​គេ​រំលំ​អាសនៈ​របស់​ទ្រង់ និង​សម្លាប់​ណាពី​ទាំង​អស់​របស់​ទ្រង់​ដោយ​មុខ​ដាវ គឺ​នៅ​សល់​តែ​ខ្ញុំ​ម្នាក់​ប៉ុណ្ណោះ ហើយ​ពួក​គេ​ក៏​តាម​ប្រហារ​ជីវិត​ខ្ញុំ​ទៀត»។

15 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​គាត់​ថា៖ «ចូរ​ធ្វើ​ដំណើរ​កាត់​វាល​រហោ‌ស្ថាន​ឆ្ពោះ​ទៅ​កាន់​ក្រុង​ដាម៉ាស​ចុះ! កាល​ទៅ​ដល់​ហើយ ត្រូវ​តែង‌តាំង​ហាសែល ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​ស៊ីរី។

16 បន្ទាប់​មក ត្រូវ​តែង‌តាំង​យេហ៊ូវ ជា​កូន​របស់​នឹមស៊ី ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ស្រុក​អ៊ីស្រ‌អែល រួច​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​កូន​របស់​សាផាត​នៅ​អេបិល-មហូឡា ឲ្យ​ធ្វើ​ជា​ណាពី​ជំនួស​អ្នក។

17 ពេល​នោះ នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​ហាសែល​នឹង​ត្រូវ​យេហ៊ូវ​សម្លាប់ ហើយ​នរណា​គេច​ផុត​ពី​មុខ​ដាវ​របស់​យេហ៊ូវ នឹង​ត្រូវ​អេលី‌យ៉ាសាក់​សម្លាប់។

18 ប៉ុន្តែ យើង​នឹង​ទុក​ជីវិត​មនុស្ស​ប្រាំ​ពីរ​ពាន់​នាក់​នៅ​ស្រុក​អ៊ីស្រ‌អែល គឺ​អស់​អ្នក​ដែល​ពុំ​បាន​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ​បាល ហើយ​មិន​បាន​ថើប​ព្រះ​នេះ​ទេ»។

ណាពី​អេលី‌យ៉េស​តែង‌តាំង​អេលី‌យ៉ាសាក់ ជា​ណាពី

19 អេលី‌យ៉េស​ចាក​ចេញ​ពី​ទី​នោះ​ទៅ​ជួប​នឹង​អេលី‌យ៉ាសាក់ ជា​កូន​របស់​លោក​សាផាត​កំពុង​តែ​ភ្ជួរ​ស្រែ។ មាន​អ្នក​ភ្ជួរ​ទាំង​អស់​ដប់‌ពីរ​នាក់ អេលី‌យ៉ាសាក់​ភ្ជួរ​ក្រោយ​គេ​បង្អស់។ អេលី‌យ៉េស​ចូល ទៅ​ជិត​អេលី‌យ៉ាសាក់ រួច​ដោះ​អាវ​ធំ​របស់​គាត់​បោះ​ទៅ​លើ​អេលី‌យ៉ាសាក់។

20 អេលី‌យ៉ាសាក់​ទុក​គោ​ចោល ហើយ​រត់​ទៅ​តាម​អេលី‌យ៉េស​ជម្រាប​ថា៖ «សូម​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​លា​បិតា‌ម្តាយ​របស់​ខ្ញុំ​សិន រួច​ខ្ញុំ​នឹង​ទៅ​តាម​លោក»។ អេលី‌យ៉េស​ឆ្លើយ​ថា៖ «ទៅ​វិញ​ចុះ ខ្ញុំ​មិន​ឃាត់​អ្នក​ទេ!»។

21 អេលី‌យ៉ាសាក់​ចាក​ចេញ​ពី​អេលី‌យ៉េស ត្រឡប់​មក​កន្លែង​ភ្ជួរ​វិញ។ គាត់​យក​គោ​ទាំង​ពីរ​ក្បាល​ទៅ​សម្លាប់​ធ្វើ​ជា​គូរបាន យក​នង្គ័ល​ធ្វើ​ជា​អុស​ដុត​ចំអិន​សាច់ ចែក​អស់​អ្នក​ដែល​នៅ​ទី​នោះ​បរិភោគ។ បន្ទាប់​មក គាត់​ក្រោក​ឡើង ដើរ​តាម​ណាពី​អេលី‌យ៉េស ហើយ​នៅ​បម្រើ​គាត់។

© 2014 United Bible Societies, UK.

United Bible Societies