សេចក្ដីផ្ដើម1 ខ្ញុំ ប៉ូល ជាសាវ័ករបស់អាល់ម៉ាហ្សៀសអ៊ីសា តាមបញ្ជារបស់អុលឡោះ ជាម្ចាស់សង្គ្រោះនៃយើង និងតាមបញ្ជារបស់អាល់ម៉ាហ្សៀសអ៊ីសា ជាទីសង្ឃឹមនៃយើង 2 មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ។ សូមអុលឡោះ ជាបិតា និងអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើងប្រទានសេចក្តីប្រណីសន្តោស ចិត្តមេត្ដាករុណា និងសេចក្ដីសុខសាន្ដដល់អ្នក។ ពាក្យដាស់តឿនឲ្យប្រយ័ត្ននឹងសេចក្ដីបង្រៀនក្លែងក្លាយ3 ខ្ញុំបានផ្ដែផ្ដាំអ្នក នៅពេលខ្ញុំចេញដំណើរទៅស្រុកម៉ាសេដូនរួចហើយថា ចូរស្នាក់នៅក្រុងអេភេសូនេះ ដើម្បីហាមប្រាមអ្នកខ្លះ កុំឲ្យបង្រៀនគោលលទ្ធិណាផ្សេងទៀតឡើយ 4 ហើយក៏កុំឲ្យជាប់ចិត្ដទៅលើរឿងព្រេង និងទៅលើបញ្ជីវង្សត្រកូលដ៏វែងអន្លាយនោះដែរ។ រឿងទាំងនេះបង្កឲ្យតែមានការជជែកវែកញែក ជាជាងគិតអំពីគម្រោងការរបស់អុលឡោះដែលយើងស្គាល់តាមជំនឿ។ 5 ហេតុដែលខ្ញុំឲ្យហាមប្រាមដូច្នេះ គឺក្នុងគោលបំណងចង់ឲ្យគេមានសេចក្ដីស្រឡាញ់ផុសចេញពីចិត្ដបរិសុទ្ធ ពីមនសិការជ្រះថ្លា និងពីជំនឿឥតពុតត្បុត។ 6 អ្នកខ្លះបានងាកចេញពីគោលការណ៍នេះ ហើយក៏ត្រូវវង្វេងវង្វាន់ និយាយពាក្យសំដីឥតខ្លឹមសារ 7 គេចង់តាំងខ្លួនជាអ្នកប្រាជ្ញខាងវិន័យ តែគេមិនយល់ទាំងពាក្យដែលខ្លួននិយាយ ទាំងសេចក្ដីដែលខ្លួនបញ្ជាក់ថាពិតនោះផង។ 8 យើងដឹងហើយថា ហ៊ូកុំល្អប្រសើរ លុះត្រាតែយើងប្រើតាមក្បួនខ្នាត។ 9 យើងត្រូវដឹងទៀតថា ហ៊ូកុំមិនមែនចែងទុក សម្រាប់មនុស្សសុចរិតទេ គឺសម្រាប់មនុស្សដែលគ្មានហ៊ូកុំ មនុស្សមិនស្ដាប់បង្គាប់ មនុស្សមិនគោរពប្រណិប័តន៍អុលឡោះ មនុស្សបាប ពួកអ្នកបំផ្លាញ និងប្រមាថទីសក្ការៈ ពួកអ្នកសម្លាប់ឪពុកម្ដាយ សម្លាប់គេ 10 ពួកប្រាសចាកសីលធម៌ ពួករួមសង្វាសនឹងភេទដូចគ្នា ពួកឈ្មួញមនុស្ស ពួកកុហក ពួកស្បថបំពាន និងពួកអ្នកដែលប្រព្រឹត្ដអ្វីៗប្រឆាំងនឹងសេចក្ដីប្រៀនប្រដៅដ៏ត្រឹមត្រូវ 11 ស្របតាមដំណឹងល្អ ស្ដីអំពីអុលឡោះប្រកបដោយសិរីរុងរឿង និងសុភមង្គលជាដំណឹងល្អ ដែលទ្រង់បានផ្ញើទុកនឹងខ្ញុំ។ ចិត្តសប្បុរសរបស់អុលឡោះ12 ខ្ញុំសូមអរគុណអាល់ម៉ាហ្សៀសអ៊ីសា ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ គាត់បានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ដ ហើយតែងតាំងខ្ញុំឲ្យបម្រើគាត់។ 13 ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ បៀតបៀន និងប្រព្រឹត្ដអំពើឃោរឃៅក៏ដោយ ក៏គាត់មានចិត្តមេត្ដាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយមិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ដ។ 14 ប៉ុន្ដែ គុណរបស់អម្ចាស់នៃយើងមានច្រើនពន់ប្រមាណ គាត់ប្រោសឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអាល់ម៉ាហ្សៀសអ៊ីសា។ 15 ពាក្យនេះគួរឲ្យជឿ ហើយសមនឹងទទួលយកទាំងស្រុង គឺថាអាល់ម៉ាហ្សៀសអ៊ីសាបានមកក្នុងពិភពលោក ដើម្បីសង្គ្រោះមនុស្សបាប ដូចរូបខ្ញុំនេះផ្ទាល់។ 16 អុលឡោះមេត្ដាករុណាចំពោះខ្ញុំដូច្នេះ ដើម្បីឲ្យអាល់ម៉ាហ្សៀសអ៊ីសាសំដែងចិត្តអត់ធ្មត់គ្រប់ជំពូក ដល់ខ្ញុំមុនគេ និងឲ្យខ្ញុំធ្វើជាគំរូដល់អស់អ្នកដែលនឹងជឿលើគាត់ ហើយទទួលជីវិតអស់កល្បជានិច្ច។ 17 សូមឲ្យស្តេច ដែលនៅអស់កល្បជានិច្ច ជាអុលឡោះជាម្ចាស់តែមួយ មានជីវិតមិនចេះសាបសូន្យ ដែលមនុស្សមើលពុំឃើញ បានប្រកបដោយកិត្ដិនាម និងសិរីរុងរឿង អស់កល្បជាអង្វែងតរៀងទៅ! អាម៉ីន! 18 ធីម៉ូថេ កូនសម្លាញ់អើយ ខ្ញុំសូមផ្ដាំផ្ញើមកអ្នកស្របតាមបន្ទូលរបស់អុលឡោះដែលគេថ្លែងទុកអំពីអ្នកស្រាប់។ ចូរពឹងផ្អែកលើបន្ទូលនេះ ដើម្បីពុះពារតយុទ្ធឲ្យបានល្អប្រសើរ 19 ដោយមានជំនឿ និងមានមនសិការល្អ។ អ្នកខ្លះលែងមានមនសិការល្អបែបនេះ បណ្ដាលឲ្យជំនឿរបស់គេលិចលង់។ 20 ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអលេក្សានត្រុសជាដើម។ ខ្ញុំបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់អ៊ីព្លេសហ្សៃតន ដើម្បីឲ្យគេរៀនឈប់ប្រមាថអុលឡោះទៀត។ |
© 2014 United Bible Societies, UK.
United Bible Societies