1 ណាពីហាកាយ និងណាពីសាការីយ៉ា ជាកូនរបស់លោកអ៊ីដោ បាននាំបន្ទូលរបស់អុលឡោះជាម្ចាស់នៃជនជាតិអ៊ីស្រអែល ទៅថ្លែងប្រាប់ជនជាតិយូដានៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា។ 2 គ្រានោះ លោកសូរ៉ូបាបិល ជាកូនរបស់លោកសាលធាល និងលោកយេសួរ ជាកូនរបស់លោកយ៉ូសាដាក ក៏នាំគ្នាងើបឡើង សង់ដំណាក់របស់អុលឡោះឡើងវិញ ដោយមានណាពីរបស់អុលឡោះជួយគាំទ្រផង។ 3 គ្រាដដែលនោះ លោកថាថ្នាយ ជាទេសាភិបាលនៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត និងលោកសេថារ-បូសណាយ ព្រមទាំងសហការី នាំគ្នាមកជួបជនជាតិយូដា ហើយសួរថា៖ «តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ។ 4 ចូរស្រង់ឈ្មោះអស់អ្នកដែលចូលរួមក្នុងការសង់នេះឲ្យយើងមក!»។ 5 ប៉ុន្តែ អុលឡោះតាមការពារអស់លោកអះលីជំអះនៃជនជាតិយូដា។ ក្នុងពេលដែលគេបញ្ជូនសំណុំរឿងជូនស្តេចដារីយូស ហើយរង់ចាំចម្លើយវិញនោះ គេមិនបានបញ្ឈប់ការសាងសង់ទេ។ 6 សារដែលលោកថាថ្នាយ ជាទេសាភិបាល និងលោកសេថារ-បូសណាយ ព្រមទាំងពួករាជការ ជាសហការីរបស់ពួកគេ នៅតំបន់ប៉ែកខាងលិចទន្លេអឺប្រាត ផ្ញើជូនស្តេចដារីយូស 7 មានសេចក្ដីដូចតទៅ៖ «សូមជូនចំពោះស្តេចដារីយូស សូមស្តេចប្រកបដោយសេចក្ដីសុខចំរើន! 8 សូមស្តេចជ្រាបថា យើងខ្ញុំបានទៅស្រុកយូដា ហើយទៅដល់ដំណាក់របស់អុលឡោះដ៏ប្រសើរឧត្ដម។ ពួកគេយកថ្មធំៗមកសង់ដំណាក់ និងយកឈើមកស៊កក្នុងជញ្ជាំង ធ្វើជាធ្នឹម។ គេធ្វើកិច្ចការនេះយ៉ាងម៉ត់ចត់ ហើយរីកចំរើនយ៉ាងឆាប់រហ័សទៀតផង។ 9 យើងខ្ញុំបានសួរពួកអះលីជំអះថា “តើនរណាអនុញ្ញាតឲ្យអ្នករាល់គ្នាសង់ដំណាក់នេះ ព្រមទាំងជួសជុលជញ្ជាំងឡើងវិញ?”។ 10 យើងខ្ញុំក៏បានសួរឈ្មោះពួកគេដែរ ដើម្បីស្រង់ឈ្មោះអស់អ្នកដែលដឹកនាំកិច្ចការនោះ យកមកជូនស្តេច។ 11 ពួកគេឆ្លើយមកយើងខ្ញុំថា “ពួកយើងជាអ្នកបម្រើរបស់អុលឡោះជាម្ចាស់នៃសូរ៉កា និងផែនដី ពួកយើងសង់ដំណាក់នេះឡើងវិញ គឺដំណាក់ដែលស្ដេចមួយនាក់ដ៏ប្រសើរឧត្ដមនៃជនជាតិអ៊ីស្រអែល បានសង់ តាំងពីយូរលង់ណាស់មកហើយ។ 12 ប៉ុន្តែ ដូនតារបស់ពួកយើងបានធ្វើឲ្យអុលឡោះជាម្ចាស់នៃសូរ៉កា ខឹង ហើយទ្រង់ក៏ប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ស្តេចនេប៊ូក្នេសា ជាជនជាតិខាល់ដេ និងជាស្តេចស្រុកបាប៊ីឡូន។ ស្តេចនេប៊ូក្នេសាបានបំផ្លាញដំណាក់នេះ ហើយកៀរប្រជាជនទៅស្រុកបាប៊ីឡូន។ 13 ប៉ុន្តែ នៅឆ្នាំទីមួយនៃរជ្ជកាលស្តេចស៊ីរូស ជាស្តេចស្រុកបាប៊ីឡូន ស្តេចបានបញ្ជាឲ្យសង់ដំណាក់របស់អុលឡោះឡើងវិញ។ 14 កាលពីមុនស្តេចនេប៊ូក្នេសាបានរឹបអូសយកគ្រឿងបរិក្ខារអំពីមាស និងប្រាក់ ពីម៉ាស្ជិទរបស់អុលឡោះនៅក្រុងយេរូសាឡឹម ទៅដាក់ក្នុងវិហារនៅក្រុងបាប៊ីឡូន។ ក្រោយមក ស្តេចស៊ីរូសយកគ្រឿងបរិក្ខារទាំងនោះចេញពីវិហារនៅក្រុងបាប៊ីឡូន ប្រគល់ឲ្យលោកសេសបាសារ ដែលស្តេចបានតែងតាំងជាទេសាភិបាលរបស់អាណាខេត្តយូដា។ 15 ស្តេចក៏បានបង្គាប់ឲ្យគាត់យកគ្រឿងបរិក្ខារទាំងនេះ ទៅដាក់ក្នុងម៉ាស្ជិទក្រុងយេរូសាឡឹមវិញ ហើយសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។ 16 ដូច្នេះ លោកសេសបាសារបានមកក្រុងយេរូសាឡឹម ព្រមទាំងបានចាក់គ្រឹះដំណាក់របស់អុលឡោះ។ ចាប់តាំងពីពេលនោះមក គេនៅតែសង់ដំណាក់ តែមិនទាន់បានចប់សព្វគ្រប់នៅឡើយ”។ 17 ឥឡូវនេះ ប្រសិនបើស្តេចពេញចិត្ត សូមឲ្យគេស្រាវជ្រាវក្នុងឯកសាររបស់រាជទ្រព្យនៃស្តេចស្រុកបាប៊ីឡូន ដើម្បីបញ្ជាក់ថា ស្តេចស៊ីរូសពិតជាបានចេញបញ្ជាឲ្យសាងសង់ដំណាក់របស់អុលឡោះនៅក្រុងយេរូសាឡឹមមែនឬយ៉ាងណា រួចសូមស្តេចផ្ញើសេចក្ដីសម្រេចអំពីរឿងនេះមកយើងខ្ញុំផង»។ |
© 2014 United Bible Societies, UK.
United Bible Societies