ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អែសរ៉ា 1 - អាល់គីតាប អាល់គីតាប
អែសរ៉ា 1

មាតុ‌ភូមិ‌និវត្តន៍​ក្រោម​ការ​ដឹក​នាំ​របស់​លោក​សូរូ‌បាបិល ស្តេច​ស៊ីរូស​អនុញ្ញាត​ឲ្យ​សង់​ម៉ាស្ជិទ​ឡើង​វិញ

1 ក្នុង​ឆ្នាំ​ទី​មួយ​នៃ​រជ្ជ‌កាល​ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស អុលឡោះ‌តាអាឡា​បាន​ជំរុញ​ចិត្ត​ស្តេច​ស៊ីរូស ឲ្យ​ចេញ​សេចក្ដី​ប្រកាស និង​រាជ​ក្រឹត្យ​ក្នុង​អាណា‌ចក្រ​របស់​ស្តេច​ទាំង​មូល ស្រប​តាម​បន្ទូល​ដែល​ទ្រង់​បាន​ថ្លែង​តាម​រយៈ​ណាពី​យេរេមា មាន​សេចក្ដី​ដូច​ត​ទៅ៖

2 «ស្តេច​ស៊ីរូស ជា​ស្តេច​ស្រុក​ពែរ្ស មាន​ប្រសាសន៍​ដូច​ត​ទៅ: អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​សូរ៉កា បាន​ប្រគល់​នគរ​ទាំង​អស់​នៅ​លើ​ផែនដី​មក​ឲ្យ​យើង​គ្រប់‌គ្រង។ ទ្រង់​បញ្ជា​ឲ្យ​យើង​សង់​ដំណាក់​មួយ នៅ​ក្រុង​យេរូ‌សាឡឹម​ក្នុង​ស្រុក​យូដា ជូន​ទ្រង់។

3 ក្នុង​ចំណោម​អ្នក​រាល់​គ្នា អ្នក​ណា​ជា​ប្រជា‌រាស្ត្រ​របស់​ទ្រង់ សូម​ឲ្យ​អ្នក​នោះ​វិល​ទៅ​កាន់​ក្រុង​យេរូ‌សាឡឹម ក្នុង​ស្រុក​យូដា​វិញ ហើយ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល គឺ​ជា​ម្ចាស់​ដែល​នៅ​ក្រុង​យេរូ‌សាឡឹម។ សូម​ឲ្យ​ម្ចាស់​របស់​គេ​នៅ​ជា​មួយ​គេ។

4 ជន‌ជាតិ​អ៊ីស្រ‌អែល​ដែល​នៅ​សេស‌សល់ ទោះ​បី​រស់​នៅ​ទី​ណា​ក៏​ដោយ ប្រជា‌ជន​នៅ​ទី​នោះ​ត្រូវ​តែ​ផ្តល់​វិភាគ‌ទាន​ដល់​ពួក​គេ ជា​ប្រាក់ មាស ទ្រព្យ​សម្បត្តិ និង​សត្វ ព្រម​ទាំង​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត សម្រាប់​ដំណាក់​របស់​អុលឡោះនៅ​ក្រុង​យេរូ‌សាឡឹម​ផង»។

5 ពេល​នោះ ពួក​មេ​ក្រុម​គ្រួសារ​នៃ​កុល‌សម្ព័ន្ធ​យូដា និង​កុល‌សម្ព័ន្ធ​ពុន‌យ៉ាមីន ក្រុម​អ៊ីមុាំ ក្រុម​លេវី គឺ​អស់​អ្នក​ដែល​អុលឡោះ​ជំរុញ​ចិត្ត នាំ​គ្នា​ក្រោក​ឡើង រៀបចំ​ខ្លួន​ទៅ​សង់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម។

6 អ្នក​ជិត​ខាង​របស់​ពួក​គេ​យក​របស់​របរ​ធ្វើ​ពី​ប្រាក់ ពី​មាស ព្រម​ទាំង​ទ្រព្យ​សម្បត្តិ សត្វ និង​វត្ថុ​ដ៏​មាន​តម្លៃ​គ្រប់​យ៉ាង មក​ជួយ​ឧបត្ថម្ភ​ពួក​គេ ហើយ​ក៏​មាន​ជំនូន​ស្ម័គ្រ​ចិត្ត​ថែម​ទៀត​ផង។

7 គ្រឿង​បរិក្ខារ​ផ្សេងៗ​នៃ​ដំណាក់​របស់អុលឡោះ‌តាអាឡា ដែល​ស្តេច​នេប៊ូ‌ក្នេសា​រឹប​អូស​ពី​ក្រុង​យេរូ‌សាឡឹម យក​មក​ដាក់​ក្នុង​វិហារ​នៃ​ព្រះ​របស់​ខ្លួន​នោះ ស្តេច​ស៊ីរូស​ប្រគល់​មក​វិញ។

8 ស្តេច​ស៊ីរូស​បញ្ជា​ឲ្យ​លោក​មីត្រា‌ដាត ជា​អ្នក​ទទួល​ខុស​ត្រូវ​លើ​រាជ្យ​ទ្រព្យ យក​របស់​ទាំង​នោះ​ប្រគល់​ជូន​លោក​សេស‌បាសារ ជា​មេ​ដឹក​នាំ​របស់​ជន‌ជាតិ​យូដា។

9 គ្រឿង​បរិក្ខារ​ទាំង​នោះ​មាន​ដូច​ត​ទៅ: ចាន​មាស​ចំនួន​សាម‌សិប ចាន​ប្រាក់​ចំនួន​មួយ​ពាន់ កាំបិត​ចំនួន​ម្ភៃ​ប្រាំ​បួន

10 ពែង​មាស​ចំនួន​សាម‌សិប ពែង​ប្រាក់​គុណ‌ភាព​លេខ​ពីរ​ចំនួន​បួន​រយ​ដប់ និង​វត្ថុ​ផ្សេងៗ​ទៀត​ចំនួន​មួយ​ពាន់។

11 សរុប​ទាំង​អស់​វត្ថុ​ធ្វើ​ពី​មាស និង​ប្រាក់ មាន​ចំនួន​ប្រាំ​ពាន់​បួន​រយ។ លោក​សេស‌បាសារ​បាន​នាំ​វត្ថុ​ទាំង​នោះ​ទៅ​ជា​មួយ នៅ​ពេល​ជន‌ជាតិ​អ៊ីស្រ‌អែល ដែល​ជាប់​ជា​ឈ្លើយ ចាក​ចេញ​ពី​ក្រុង​បាប៊ី‌ឡូន វិល​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម​វិញ។

© 2014 United Bible Societies, UK.

United Bible Societies