ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 39 - អាល់គីតាប អាល់គីតាប
អេសាយ 39

ស្តេច​ហេ‌សេគា​ទទួល​ទូត​របស់​ស្រុក​បាប៊ី‌ឡូន

1 នៅ​គ្រា​នោះ​ស្ដេច​ស្រុក​បាប៊ី‌ឡូន គឺ​ស្តេច​ម្រដាក់-‌បាឡា‌ដាន ជា​បុត្រ​របស់​ស្តេច​បាឡា‌ដាន បាន​ផ្ញើ​រាជ‌សារ និង​ជំនូន​មក​ជូន​ស្តេច​ហេ‌សេគា ដ្បិត​ស្ដេច​ជ្រាប​ដំណឹង​ថា ស្តេច​ហេ‌សេគា​ឈឺ ហើយ​បាន​ជា​ឡើង​វិញ។

2 ស្តេច​ហេ‌សេគា មាន​ចិត្ត​រីក‌រាយ​ណាស់ ស្ដេច​នាំ​រាជ‌ទូត​របស់​ស្រុក​បាប៊ី‌ឡូន​ទៅ​ទស្សនា​កន្លែង​ដែល​ស្ដេច​ទុក​វត្ថុ​ដ៏​មាន​តម្លៃ ធ្វើ​ពី​មាស និង​ប្រាក់ ព្រម​ទាំង​គ្រឿង​ក្រអូប ប្រេង​ដ៏​មាន​តម្លៃ គ្រឿង​សព្វា‌វុធ​ផ្សេងៗ និង​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ឃ្លាំង​រាជ្យ​ទ្រព្យ។ ស្តេច​ហេ‌សេគា​បង្ហាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​រាជ‌វាំង និង​ក្នុង​នគរ​ឲ្យ​រាជ‌ទូត​របស់​ស្ដេច​បាប៊ី‌ឡូន​ឃើញ​ឥត​មាន​ចន្លោះ​អ្វី​ឡើយ។

3 បន្ទាប់​មក ណាពី​អេសាយ​ចូល​មក​ជួប​ស្តេច​ហេ‌សេគា សួរ​ថា៖ «អ្នក​ទាំង​នោះ​មក​ពី​ណា? តើ​គេ​ជម្រាប​ស្តេច​ដូច​ម្ដេច​ខ្លះ?»។ ស្តេច​ហេ‌សេគា​ឆ្លើយ​ថា៖ «ពួក​គេ​មក​ពី​ស្រុក​ឆ្ងាយ ដើម្បី​មក​ជួប​យើង គឺ​មក​ពី​ស្រុក​បាប៊ី‌ឡូន»។

4 ណាពី​អេសាយ​សួរ​ស្តេច​ហេ‌សេគា​ទៀត​ថា៖ «តើ​ពួក​គេ​បាន​ឃើញ​អ្វី​ខ្លះ​នៅ​ក្នុង​វាំង?»។ ស្តេច​ហេ‌សេគា​តប​វិញ​ថា៖ «ពួក​គេ​ឃើញ​អ្វីៗ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​វាំង​របស់​យើង ដ្បិត​យើង​បង្ហាញ​ភោគ​ទ្រព្យ​ទាំង​អស់​ឲ្យ​ពួក​គេ​ឃើញ ឥត​មាន​លាក់‌លៀម​អ្វី​ឡើយ»។

5 ពេល​នោះ អេសាយ​ជម្រាប​ស្តេច​ហេ‌សេគា​ថា៖ «សូម​ស្តេច​ស្តាប់​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល​ដូច​ត​ទៅ:

6 អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា “នៅ​គ្រា​ខាង​មុខ រាជ្យ​ទ្រព្យ​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្នុង​វាំង​របស់​អ្នក និង​ភោគ​សម្បត្តិ​ដែល​អយ្យកោ​របស់​អ្នក​បាន​សន្សំ​ទុក នឹង​ត្រូវ​គេ​ដឹក​ជញ្ជូន​យក​ទៅ​ស្រុក​បាប៊ី‌ឡូន ឥត​មាន​សេស‌សល់​អ្វី​ឡើយ។

7 គេ​ក៏​នាំ​រាជ‌វង្សា‌នុវង្ស​របស់​អ្នក យក​ទៅ​ធ្វើ​ជា​មហា‌តលិក​នៅ​ក្នុង​វាំង​របស់​ស្ដេច​ស្រុក​បាប៊ី‌ឡូន​ដែរ”»។

8 ស្តេច​ហេ‌សេគា​មាន​ប្រសាសន៍​តប​ទៅ​អេសាយ​វិញ​ថា៖ «បន្ទូល​របស់អុលឡោះ‌តាអាឡា​ដែល​អ្នក​ថ្លែង​នេះ​ល្អ​ហើយ» ដ្បិត​ស្តេច​គិត​ថា «ក្នុង​ពេល​ដែល​យើង​នៅ​មាន​ជីវិត យើង​នឹង​រស់​នៅ​ដោយ​សន្តិ‌ភាព និង​សុខ‌សាន្ត‌ត្រាណ»។

© 2014 United Bible Societies, UK.

United Bible Societies