សម័យកាលដ៏ប្រសើររុងរឿង1 វាលរហោស្ថាន និងដីហួតហែង ចូររីករាយឡើង! រីឯវាលខ្សាច់ ចូរត្រេកអរសប្បាយ ហើយមានផ្ការីកស្គុសស្គាយឡើង! 2 ចូរមានផ្កាដុះដេរដាស ហើយត្រេកអរសប្បាយ ព្រមទាំងបន្លឺសំឡេងច្រៀងដោយរីករាយ ដ្បិតអុលឡោះប្រទានឲ្យទឹកដីនេះ រុងរឿងដូចព្រៃនៅភ្នំលីបង់ មានសោភណភាពដូចព្រៃព្រឹក្សានៅភ្នំកើមែល និងដូចចម្ការដំណាំនៅវាលទំនាបសារ៉ូនដែរ។ ពេលនោះ ប្រជាជននឹងឃើញ សិរីរុងរឿង និងភាពថ្កុំថ្កើងរបស់អុលឡោះតាអាឡា ជាម្ចាស់នៃយើង។ 3 ចូរជួយអ្នកដែលទន់ដៃទន់ជើង ឲ្យមានកម្លាំងរឹងប៉ឹងមាំមួនឡើងវិញ! 4 ចូរកម្លាចិត្តអ្នកដែលភ័យតក់ស្លុតថា: ចូរមានចិត្តក្លាហានឡើង កុំភ័យខ្លាចអ្វីឡើយ! មើល៍ហ្ន៎ ម្ចាស់របស់អ្នករាល់គ្នា! គាត់មកសងសឹក គាត់នឹងប្រព្រឹត្តចំពោះខ្មាំងសត្រូវ តាមអំពើដែលគេបានប្រព្រឹត្តលើអ្នករាល់គ្នា គឺគាត់ផ្ទាល់ មកសង្គ្រោះអ្នករាល់គ្នា។ 5 ពេលនោះ មនុស្សខ្វាក់នឹងមើលឃើញ មនុស្សថ្លង់នឹងស្ដាប់ឮ 6 មនុស្សខ្វិននឹងលោតដូចប្រើស ហើយមនុស្សគនឹងច្រៀងយ៉ាងរីករាយ ដ្បិតមានទឹកផុសឡើងនៅវាលរហោស្ថាន ព្រមទាំងមានទឹកជ្រោះហូរ នៅវាលហួតហែង។ 7 ដីបែកក្រហែងនឹងក្លាយទៅជាបឹងបួរ ស្រុកដែលធ្លាប់តែរីងស្ងួត បែរជាមានប្រភពទឹកផុសឡើងជាច្រើន នៅតាមរូងចចក បែរជាមានដើមត្រែង និងដើមកក់ដុះវិញ។ 8 នៅទីនោះ នឹងមានផ្លូវមួយឈ្មោះហៅថា «ផ្លូវដ៏វិសុទ្ធ»។ មនុស្សមិនបរិសុទ្ធមិនអាចដើរតាមផ្លូវនោះទេ ហើយអ្នកគោរពព្រះក្លែងក្លាយ ក៏ដើរតាមផ្លូវនោះមិនបានដែរ ព្រោះអុលឡោះផ្ទាល់នាំមុខគេ។ 9 គ្មានសត្វសិង្ហ សត្វសាហាវ នៅតាមផ្លូវនោះទេ មានតែពួកឈ្លើយដែលអុលឡោះបានលោះ មកវិញប៉ុណ្ណោះដែលដើរតាមផ្លូវនោះ។ 10 ពួកឈ្លើយសឹកដែលអុលឡោះតាអាឡាបានរំដោះ នឹងដើរត្រឡប់មកស្រុកវិញ ពួកគេមកដល់ក្រុងស៊ីយ៉ូន ដោយស្រែកហ៊ោយ៉ាងសប្បាយ។ ទឹកមុខរបស់ពួកគេពោរពេញទៅដោយអំណរ រកអ្វីប្រៀបស្មើពុំបាន ពួកគេសប្បាយរីករាយឥតឧបមា ដ្បិតទុក្ខព្រួយ និងសំរែកយំថ្ងូរ លែងមានទៀតហើយ។ |
© 2014 United Bible Societies, UK.
United Bible Societies