ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេសាយ 21 - អាល់គីតាប អាល់គីតាប
អេសាយ 21

ស្រុក​បាប៊ី‌ឡូន​នឹង​ត្រូវ​រលំ

1 សេចក្ដី​ប្រកាស​ស្ដី​អំពី​តំបន់​វាល​រហោ‌ស្ថាន​នៅ​ជាប់​នឹង​សមុទ្រ: ខ្មាំង​សត្រូវ​នឹង​នាំ​គ្នា​ចេញ​មក​ពី​វាល​រហោ‌ស្ថាន គឺ​ពី​ស្រុក​ដែល​គួរ​ឲ្យ​ស្ញែង​ខ្លាច ដូច​ខ្យល់​ព្យុះ​សង្ឃរា​បក់​បោក​នៅ វាល​រហោ‌ស្ថាន​ណេកិប​ដែរ។

2 ខ្ញុំ​បាន​ឃើញ​ហេតុ‌ការណ៍​មួយ​គួរ​ឲ្យ​ព្រឺ​ខ្លាច គឺ​សម្ពន្ធ​មិត្ត​នឹង​ក្បត់​គ្នា​ឯង មេ​បំផ្លាញ​នឹង​បំផ្លិច‌បំផ្លាញ។ កង‌ទ័ព​អេឡាម​អើយ ចូរ​នាំ​គ្នា​វាយ​លុក​ទៅ កង‌ទ័ព​មេឌី​អើយ ចូរ​នាំ​គ្នា​ឡោម‌ព័ទ្ធ​ទៅ ដ្បិត​អុលឡោះ‌តាអាឡា​នឹង​ធ្វើ​ឲ្យ​ពួក​គេ​បាក់​អំនួត ទាំង​អស់​គ្នា។

3 ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ឈឺ​ចាប់ សព្វ​សព៌ាង្គ​កាយ ខ្ញុំ​ឈឺ​ចុក​ចាប់​ដូច​ស្ត្រី​កំពុង​តែ​សំរាល​កូន។ ខ្ញុំ​រំជួល​ចិត្ត រក​ស្ដាប់​អ្វី​មិន​ឮ ខ្ញុំ​រន្ធត់​ចិត្ត រក​មើល​អ្វី​មិន​ឃើញ​សោះ​ឡើយ។

4 ខ្ញុំ​លែង​មាន​កម្លាំង​ចិត្ត​ទៀត​ហើយ គឺ​ចិត្ត​ភ័យ​ខ្លាច​គ្រប​ដណ្ដប់​មក​លើ​ខ្ញុំ។ ខ្ញុំ​ទន្ទឹង​រង់‌ចាំ​ពេល​យប់​មក​ដល់ ដើម្បី​សម្រាក តែ​យប់​នោះ​ក្លាយ​ទៅ​ជា​យប់​ដ៏​ខ្លោច‌ផ្សា សម្រាប់​ខ្ញុំ​ទៅ​វិញ។

5 ពេល​ដែល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​អាហារ និង​ក្រាល​កំរាល​ព្រំ ពេល​ដែល​គេ​កំពុង​តែ​ជប់‌លៀង ស្រាប់​តែ​មាន​ឮ​សំឡេង​ស្រែក​ឡើង​ថា: ពួក​នាយ​ទាហាន​អើយ ចូរ​ក្រោក​ឡើង នាំ​គ្នា​រៀប‌ចំ​គ្រឿង​សស្រ្ដា‌វុធ​ទៅ!

6 ដ្បិត​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា: ចូរ​ដាក់​មនុស្ស​ចាំ​ឃ្លាំ​មើល ដើម្បី​ផ្ដល់​ដំណឹង​នូវ​អ្វីៗ​ដែល​គេ​មើល​ឃើញ។

7 ប្រសិន​បើ​គេ​ឃើញ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ និង​ឃើញ​ទាហាន​ម្នាក់​ជិះ​លា ឬ​ជិះ​អូដ្ឋ​មក គេ​ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ខ្លួន​ឲ្យ​មែន​ទែន។

8 អ្នក​ដែល​ឃ្លាំ​មើល​នោះ​ត្រូវ​ស្រែក​ឡើង​ថា: «លោក​ម្ចាស់ ខ្ញុំ​នៅ​ចាំ​យាម​ក្នុង​ប៉ម​នេះ ពេញ​មួយ​ថ្ងៃ ខ្ញុំ​ស្ថិត​នៅ​កន្លែង​យាម​នេះ អស់​មួយ​យប់»

9 មើល​ហ្ន៎! មាន​មនុស្ស​ម្នាក់​ជិះ​រទេះ​ចំបាំង ដែល​ទឹម​ដោយ​សេះ​មួយ​គូ មក​ដល់ ហើយ​ស្រែក​ថា: «ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ ក្រុង​បាប៊ី‌ឡូន​រលំ​ហើយ! រីឯ​រូប​ព្រះ​ទាំង​ប៉ុន្មាន​របស់​ក្រុង​នេះ ក៏​ធ្លាក់​បាក់​បែក​ខ្ទេច‌ខ្ទី​អស់​ដែរ!»។

10 ឱ​ប្រជា‌ជន​របស់​ខ្ញុំ​អើយ អ្នក​ត្រូវ​គេ​បង្ក្រាប​ដូច​ស្រូវ​ដែល​គេ​បោក​បែន ឥឡូវ​នេះ អ្វីៗ​ដែលអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល បាន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង ខ្ញុំ​ក៏​យក​មក​ប្រកាស ជា​ដំណឹង​ដល់​អ្នក​រាល់​គ្នា​ដែរ!។

បន្ទូល​របស់​អុលឡោះ​ប្រឆាំង​នឹង​ក្រុង​ឌូម៉ា និង​ស្រុក​អារ៉ាប់

11 សេចក្ដី​ប្រកាស​ស្ដី​អំពី​ក្រុង​ឌូម៉ា: មាន​គេ​ស្រែក​ប្រាប់​ខ្ញុំ​ពី​ស្រុក​សៀរ​មក​ថា: អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ? អ្នក​យាម​អើយ យប់​ថ្មើរ​ណា​ហើយ?

12 អ្នក​យាម​តប​មក​វិញ​ថា: ជិត​ភ្លឺ​ហើយ ប៉ុន្តែ នៅ​តែ​យប់​ដដែល។ ប្រសិន​បើ​អ្នក​រាល់​គ្នា​ចង់​បាន​ចម្លើយ ចូរ​វិល​មក​សួរ​ម្ដង​ទៀត​ចុះ។

13 សេចក្ដី​ប្រកាស​ស្ដី​អំពី​ស្រុក​អារ៉ាប់។ ជន‌ជាតិ​ដេដាន់​ដែល​ធ្វើ​ដំណើរ​ជា​ក្រុមៗ​អើយ នៅ​ពេល​យប់ ចូរ​នាំ​គ្នា​ស្នាក់​នៅ​តាម​គុម្ពោត ក្នុង​ស្រុក​អារ៉ាប់​នេះ​ហើយ!

14 អ្នក​ស្រុក​ថេម៉ា​អើយ ចូរ​យក​ទឹក​ទៅ​ឲ្យ​អស់​អ្នក​ដែល​ស្រេក ចូរ​នាំ​គ្នា​យក​អាហារ​ទៅ​ទទួល ជន​ភៀស​ខ្លួន​ទាំង​នោះ​ផង!

15 អ្នក​ទាំង​នោះ​រត់​គេច​ពី​មុខ​ដាវ គឺ​រត់​គេច​ពី​មុខ​ដាវ​ដែល​ហូត​ចេញ​ពី​ស្រោម រត់​គេច​ពី​ធ្នូ​ដែល​គេ​យឹត​បម្រុង​នឹង​បាញ់ ហើយ​រត់​ចេញ​ពី​សង្គ្រាម​ដ៏​សែន​វេទនា

16 ដ្បិត​អុលឡោះ‌ជាអម្ចាស់​មាន​បន្ទូល​មក​ខ្ញុំ​ថា៖ «នៅ​មួយ​ឆ្នាំ​ទៀត ដោយ​គិត​ចាប់​ពី​ថ្ងៃ​នេះ​ទៅ ស្រុក​កេដារ​នឹង​បាត់​បង់​ភាព​រុង‌រឿង​របស់​ខ្លួន​ទាំង​ស្រុង។

17 ទាហាន​បាញ់​ធ្នូ​ដ៏​ពូកែ​របស់​ស្រុក​កេដារ នឹង​នៅ​សល់​តែ​មួយ​ចំនួន​ដ៏​តូច​ប៉ុណ្ណោះ»។ នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល។

© 2014 United Bible Societies, UK.

United Bible Societies