ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


អេម៉ុស 4 - អាល់គីតាប អាល់គីតាប
អេម៉ុស 4

1 ពួក​ជំទាវ​នៅ​ក្រុង​សាម៉ារី​ដែល​ប្រៀប ដូច​ជា​គោ​ញី​នៅ​ស្រុក​បាសាន​អើយ ចូរ​នាំ​គ្នា​ស្ដាប់​ពាក្យ​នេះ: អ្នក​រាល់​គ្នា​ជិះ‌ជាន់​ជន​ទុគ៌ត សង្កត់‌សង្កិន​ជន​ក្រីក្រ ហើយ​ពោល​ទៅ​ប្ដី​របស់​ខ្លួន​ថា “ចូរ​យក​ស្រា​មក​ផឹក!”។

2 អុលឡោះ‌តាអាឡា​មាន​បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់ ក្នុង​នាម​ទ្រង់​ជា​ម្ចាស់​ដ៏‌វិសុទ្ធ​ថា៖ «នៅ​គ្រា​ខាង​មុខ គេ​នឹង​ដោត​អ្នក​រាល់​គ្នា ដូច​ដោត​ត្រី។

3 អ្នក​រាល់​គ្នា​នឹង​រត់​ចេញ​ពី​ទីក្រុង តាម​ប្រឡោះ​កំពែង​ក្រុង ម្នាក់ៗ​រត់​ប្រាស​អាយុ​រៀងៗ​ខ្លួន រក​កន្លែង​ពួន» - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

អ៊ីស្រ‌អែល​លែង​ញញើត​នឹង​ប្រព្រឹត្ត​អំពើ​បាប

4 «ចូរ​ទៅ​បេត‌អែល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​ទៅ! ចូរ​ទៅ​គីលកាល ហើយ​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​បាប​រឹត​តែ​ច្រើន​ទៅ! ចូរ​ធ្វើ​ពិធី​គូរបាន​នៅ​ពេល​ព្រឹក! ហើយ​ជូន​ជំនូន​មួយ​ភាគ​ដប់ នៅ​ថ្ងៃ​ទី​បី!

5 កូន​ចៅ​អ៊ីស្រ‌អែល​អើយ ចូរ​ធ្វើ​គូរបាន​អរគុណ​ជា​មួយ​មេ​ម្សៅ ចូរ​ស្រែក​ប្រកាស​ក្ដែងៗ​ថា អ្នក​រាល់​គ្នា​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់។

6 យើង​បាន​ធ្វើ​ឲ្យ​កើត​ទុរ្ភិក្ស​នៅ​គ្រប់​ទីក្រុង របស់​អ្នក​រាល់​គ្នា ហើយ​គ្រប់ៗ​ផ្ទះ​ខ្វះ​អាហារ​បរិភោគ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

7 យើង​បាន​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ខ្វះ​ទឹក​ភ្លៀង រហូត​ដល់​បី​ខែ​មុន​រដូវ​ចម្រូត។ យើង​បាន​ឲ្យ​ភ្លៀង​ធ្លាក់​លើ​ក្រុង​មួយ តែ​ក្រុង​មួយ​ទៀត​គ្មាន​ភ្លៀង​ទេ ចម្ការ​មួយ​ទទួល​ទឹក​ភ្លៀង រីឯ​ចម្ការ​មួយ​ទៀត​ត្រូវ​ស្ងួត​ហួត‌ហែង ព្រោះ​តែ​គ្មាន​ទឹក​ភ្លៀង។

8 ក្រុង​ពីរ ឬ​ក្រុង​បី​នាំ​គ្នា​ទៅ​រក​ទឹក​ផឹក នៅ​ក្រុង​មួយ​ទៀត តែ​គេ​គ្មាន​ទឹក​ល្មម ដើម្បី​សំរន់​ការ​ស្រេក​ទេ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

9 យើង​បាន​ធ្វើ​ឲ្យ​ស្រូវ​របស់​អ្នក​រាល់​គ្នា ស្កក និង​មាន​ក្រា​ស៊ី ហើយ​ចម្ការ​ដំណាំ ចម្ការ​ទំពាំង‌បាយ‌ជូរ ចម្ការ​ឧទុម្ពរ និង​ចម្ការ​អូលីវ​របស់​អ្នក​រាល់​គ្នា ក៏​ត្រូវ​ដង្កូវ​ស៊ី​បង្ហិន​អស់​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

10 យើង​បាន​ធ្វើ​ឲ្យ​ជំងឺ​អាសន្ន‌រោគ រាត‌ត្បាត​អ្នក​រាល់​គ្នា ដូច​នៅ​ស្រុក​អេស៊ីប។ យើង​បាន​ឲ្យ​ខ្មាំង​ប្រហារ​យុវជន របស់​អ្នក​រាល់​គ្នា​ដោយ​មុខ​ដាវ ហើយ​ចាប់​សេះ​របស់​អ្នក​រាល់​គ្នា​យក​ទៅ។ យើង​បាន​ធ្វើ​ឲ្យ​មាន​ក្លិន​អសោច សាយ​ឡើង​ពី​ទី​តាំង​ទ័ព​របស់​អ្នក​រាល់​គ្នា។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

11 យើង​បាន​បំផ្លាញ​អ្នក​រាល់​គ្នា ដូច​យើង​បាន​បំផ្លាញ​ក្រុង​សូដុម និង​ក្រុង​កូម៉ូ‌រ៉ា ហើយ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​អង្កត់​អុស ដែល​គេ​យក​ចេញ​ពី​ភ្លើង។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​អ្នក​រាល់​គ្នា​ពុំ​ព្រម​វិល​មក​រក​យើង​វិញ​ដែរ - នេះ​ជា​បន្ទូល​របស់អុលឡោះ‌តាអាឡា។

12 ហេតុ​នេះ អ៊ីស្រ‌អែល​អើយ យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា។ អ៊ីស្រ‌អែល​អើយ ដោយ​យើង​សម្រេច​ដាក់​ទោស​អ្នក​រាល់​គ្នា​ដូច្នេះ ចូរ​រៀបចំ​ខ្លួន​ជួប​នឹង​ម្ចាស់​របស់​អ្នក!»។

13 មើល៍! ម្ចាស់​ដែល​បាន​សូន​ភ្នំ និង​បង្កើត​ខ្យល់ ម្ចាស់​ដែល​បង្ហាញ​ឲ្យ​មនុស្ស​ស្គាល់ បំណង​របស់​ទ្រង់ ម្ចាស់​ដែល​ធ្វើ​ឲ្យ​ពន្លឺ​ថ្ងៃ​រះ​ប្រែ​ជា​ងងឹត ម្ចាស់​ដែល​នៅ​តាម​ទី​ខ្ពស់ៗ​នៃ​ផែនដី ទ្រង់​មាន​នាម​ថាអុលឡោះ‌តាអាឡា ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល។

© 2014 United Bible Societies, UK.

United Bible Societies