ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ហេព្រើរ 11 - អាល់គីតាប អាល់គីតាប
ហេព្រើរ 11

អំពី​ជំនឿ

1 ជំនឿ​ធ្វើ​ឲ្យ​យើង​មាន​អ្វីៗ​ដែល​យើង​សង្ឃឹម​ថា​នឹង​បាន និង​ធ្វើ​ឲ្យ​ស្គាល់​ជាក់​ច្បាស់​នូវ​អ្វីៗ​ដែល​យើង​មើល​ពុំ​ឃើញ។

2 ព្រោះ​តែ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​ចាស់ៗ​នៅ​ជំនាន់​ដើម​បាន​ទទួល​កេរ្ដិ៍​ឈ្មោះ​ល្អ។

3 ដោយ‌សារ​ជំនឿ​យើង​យល់​ថា បន្ទូល​របស់​អុលឡោះ​បាន​បង្កើត​ពិភព​លោក​មក។ ដូច្នេះ អ្វីៗ​ដែល​យើង​មើល​ឃើញ មិន​មែន​កើត​ចេញ​មក​ពី​អ្វីៗ​ដែល​មាន​រូប‌រាង​នោះ​ឡើយ។

4 ដោយ‌សារ​ជំនឿ ហាបេល​បាន​ជូន​គូរបាន​មួយ​ទៅ​អុលឡោះ ជា​គូរបាន ប្រសើរ​ជាង​គូរបាន​របស់​កបេល។ ដោយ‌សារ​ជំនឿ​ហ្នឹង​ហើយ បាន​ជា​អុលឡោះ​ផ្ដល់​សក្ខី‌ភាព​ថា គាត់​ជា​មនុស្ស​សុចរិត។ ទ្រង់​គាប់​ចិត្ត។

5 ដោយ‌សារ​ជំនឿ​ហេណុក​ត្រូវ​អុលឡោះ​លើក​ឡើង​ទៅ​សូរ៉កា រួច​ផុត​ពី​សេចក្ដី ស្លាប់ ហើយ​គ្មាន​នរណា​រក​គាត់​ឃើញ​ទៀត​ឡើយ ព្រោះ​អុលឡោះ​បាន​លើក​គាត់​ឡើង​ទៅ។ មុន​ពេល​ទ្រង់​លើក​គាត់​ឡើង​ទៅ​នោះ​គាត់​បាន​ទទួល​សក្ខី‌ភាព​ថា អុលឡោះ​ពេញ​ចិត្ត​នឹង​គាត់។

6 បើ​គ្មាន​ជំនឿ គ្មាន​នរណា​អាច​គាប់​បំណង​ទ្រង់​បាន​ឡើយ។ អ្នក​ចូល​មក​ជិត​អុលឡោះ ត្រូវ​តែ​ជឿ​ថា ពិត​ជា​មាន​អុលឡោះ​មែន ហើយ​ជឿ​ថា ទ្រង់​នឹង​ប្រទាន​រង្វាន់​ដល់​អស់​អ្នក​ដែល​ស្វែង​រក​ទ្រង់។

7 ដោយ‌សារ​ជំនឿ ណាពី​ណុះហ៍​បាន​ទទួល​ដំណឹង​ពី​អុលឡោះ អំពី​ហេតុ‌ការណ៍​ដែល​ពុំ​ទាន់​ឃើញ​មាន​នៅ​ឡើយ គាត់​ក៏​ស្ដាប់​តាម ដោយ​គោរព​ប្រណិ‌ប័តន៍ គឺ​គាត់​បាន​សង់​ទូក​មួយ​យ៉ាង​ធំ ដើម្បី​សង្គ្រោះ​ក្រុម​គ្រួសារ​របស់​គាត់។ ដូច្នេះ ដោយ‌សារ​ជំនឿ​គាត់​បាន​ដាក់​ទោស​ពិភព​លោក ហើយ​ក៏​បាន​ទទួល​សេចក្ដី​សុចរិត​ទុក​ជា​មត៌ក គឺ​ជា​សេចក្ដី​សុចរិត​ដែល​មក​ពី​ជំនឿ។

8 ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​ស្ដាប់​បង្គាប់​អុលឡោះ​ដែល​បាន​ត្រាស់​ហៅ​គាត់ ហើយ​ចេញ​ដំណើរ​ទៅ​កាន់​ស្រុក​មួយ ដែល​គាត់​នឹង​ទទួល​ទុក​ជា​មត៌ក។ គាត់​ចេញ​ដំណើរ​ទៅ​ទាំង​ពុំ​ដឹង​ថា​ត្រូវ​ទៅ​ណា​ផង។

9 ដោយ‌សារ​ជំនឿ គាត់ បាន​មក​រស់​នៅ​ជា​អាណិក‌ជន ក្នុង​ស្រុក​ដែល​អុលឡោះ​បាន​សន្យា​ថា នឹង​ប្រទាន​ឲ្យ គឺ​គាត់​បាន​បោះ​ជំរំ​នៅ​ជា​មួយ​ណាពី​អ៊ីសាហាក់ និង​ណាពី​យ៉ាកកូប ដែល​ត្រូវ​ទទួល​ទឹក​ដី​នោះ​ជា​មត៌ក​រួម​ជា​មួយ​គាត់ តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដដែល។

10 ណាពី​អ៊ីព្រហ៊ីម​ទន្ទឹង​រង់‌ចាំ​ទទួល​ក្រុង​មួយ ដែល​នឹង​មាន​គ្រឹះ​រឹង‌មាំ‌មួន ជា​ក្រុង​ដែល​អុលឡោះ​បាន​ធ្វើ​គម្រោង និង​សង់​ឡើង។

11 ដោយ‌សារ​ជំនឿ សាទី​សារ៉ា​អាច​ទទួល​សមត្ថ‌ភាព​នឹង​មាន​កូន​បន្ដ​ពូជ‌ពង្ស​បាន ថ្វី ដ្បិត​តែ​គាត់​មាន​វ័យ​ចាស់​ណាស់​ហើយ​ក៏​ដោយ ព្រោះ​គាត់​យល់​ថា​បើ​អុលឡោះ​សន្យា​យ៉ាង​ណា ទ្រង់​មុខ​ជា​ធ្វើ​តាម​យ៉ាង​នោះ​ដែរ។

12 ហេតុ​នេះ​ហើយ​បាន​ជា​មាន​មនុស្ស​ច្រើនឥត​គណនា ដូច​ផ្កាយ​នៅ​លើ​មេឃ និង​គ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ កើត​ចេញ​មក​ពី​មនុស្ស​តែ​ម្នាក់​ដែល​ចាស់​ជិត​ស្លាប់​ទៅ​ហើយ​នោះ​ផង។

13 បុព្វ‌បុរស​ទាំង​នេះ​បាន​ស្លាប់​ទៅ ទាំង​នៅ​មាន​ជំនឿ​ដដែល ពួក​គាត់​ឥត​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ទេ តែ​បាន​ឃើញ និង​អបអរ​ទទួល​ពី​ចម្ងាយ ហើយ​ប្រកាស​ទទួល​ស្គាល់​ថាពួក​គាត់​គ្រាន់​តែ​ជា​ជន​បរទេស ដែល​ធ្វើ​ដំណើរលើ​ផែនដី​នេះ​ប៉ុណ្ណោះ។

14 អ្នក​ណា​និយាយ​ដូច្នេះ បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​ស្វែង​រក​មាតុ‌ភូមិ​មួយ។

15 ប្រសិន​បើ​បុព្វ‌បុរស​ទាំង​នោះ នឹក​ស្រុក​ដែល​គាត់​បាន​ចាក​ចេញ​មក គាត់​មុខ​ជា​មាន​ឱកាស​វិល​ត្រឡប់​ទៅ​វិញ​ពុំ‌ខាន។

16 តាម​ពិត ពួក​គាត់​ចង់​បាន​មាតុ‌ភូមិ​មួយ​ដ៏​ល្អ​ប្រសើរ​ជាង គឺ​មាតុ‌ភូមិ​នៅ​សូរ៉កា​ឯ‌ណោះ។ ហេតុ​នេះ​ហើយ​បាន​ជា​អុលឡោះ​មិន​ខ្មាស​នឹង​ឲ្យ​គេ​ហៅ​ទ្រង់​ថា ជា​ម្ចាស់​របស់​បុព្វ‌បុរស​ទាំង​នោះ​ឡើយ ដ្បិត​ទ្រង់​បាន​រៀប‌ចំ​ក្រុង​មួយ​សម្រាប់​ពួក​គាត់​រួច​ទៅ​ហើយ។

17 ដោយ‌សារ​ជំនឿ អ៊ីព្រហ៊ីម​បាន​យក​អ៊ីសាហាក់​ទៅ​ធ្វើ​ជា​គូរបាន នៅ​ពេល​អុលឡោះ​ល្បង‌ល​មើល​ចិត្ដ​គាត់។ គាត់​ជូន​កូន​តែ​មួយ​គត់​របស់​គាត់ ថ្វី​ដ្បិត​តែ​គាត់​បាន​ទទួល​បន្ទូល​សន្យា​នៃ​អុលឡោះ

18 ហើយ​ថ្វី​ដ្បិត​តែ​អុលឡោះ​មាន​បន្ទូល​មក​កាន់​គាត់​ថា «អ៊ីសាហាក់​នឹង​បន្ដ​ពូជ‌ពង្ស​ឲ្យ​អ្នក»ក៏​ដោយ។

19 អ៊ីព្រហ៊ីម​យល់​ឃើញ​ថា អុលឡោះ​មាន​អំណាច​អាច​ប្រោស​មនុស្ស​ស្លាប់​ឲ្យ​រស់​ឡើង​វិញ​បាន។ ហេតុ​នេះ គាត់​ក៏​បាន​ទទួល​កូន​មក​វិញ​ដែល​ជា​និមិត្ដ‌រូប​មួយ។

20 ដោយ‌សារ​ជំនឿ ណាពី​អ៊ីសាហាក់​បាន​ឲ្យ​ពរ​យ៉ាកកូប និង​អេសាវ​ទុក​សម្រាប់​អនាគត។

21 ដោយ‌សារ​ជំនឿ ពេល​ណាពី​យ៉ាកកូប​ហៀប​នឹង​ស្លាប់ គាត់​បាន​ឲ្យ​ពរ​ដល់​កូនៗ​របស់​ណាពី​យូសុះ ហើយ​គាត់​ថ្វាយ‌បង្គំ​អុលឡោះ ដោយ​បន្ទន់​ខ្លួន​លើ​ឈើ​ច្រត់។

22 ដោយ‌សារ​ជំនឿ ពេល​ណាពី​យូសុះ​ជិត​ស្លាប់​ទៅ គាត់​បាន​ថ្លែង​ទុក​ថា កូន​ចៅ​អ៊ីស្រ‌អែល​នឹង​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ហើយ​គាត់​ផ្ដាំ​គេ​ឲ្យ​ធ្វើ​យ៉ាង​ណាៗ​ចំពោះ​ឆ្អឹង​របស់​គាត់។

23 ដោយ‌សារ​ជំនឿ ពេល​ណាពី​ម៉ូសា​កើត​មក ឪពុក​ម្ដាយ​បាន​លាក់​គាត់​ទុក​ចំនួន​បី​ខែ ព្រោះ​ឃើញ​ទារក​ស្អាត ហើយ​គាត់​មិន​កោត​ខ្លាច​បញ្ជា​របស់​ស្ដេច​ទេ។

24 ដោយ‌សារ​ជំនឿ លុះ​ដល់​ម៉ូសា​ធំ​ពេញ​វ័យ​ហើយ គាត់​មិន​ព្រម​ឲ្យ​គេ​ហៅ​គាត់​ថា ជា​កូន​របស់​បុត្រី​ស្តេច​ហ្វៀរ៉អ៊ូន​ទេ។

25 គាត់​សុខ​ចិត្ដ​ស៊ូ​ទ្រាំ​រង‌ទុក្ខ​លំបាក​រួម​ជា​មួយ​ប្រជា‌រាស្ដ្រ​របស់​អុលឡោះ ជា​ជាង​សប្បាយ​នឹង​អំពើ​បាប​តែ​មួយ​ភ្លែត។

26 គាត់​យល់​ឃើញ​ថា គាត់​រង​ការ​ប្រមាថ​មើល‌ងាយ​ដូច​អាល់ម៉ា‌ហ្សៀស ប្រសើរ​ជាង​បាន​ទ្រព្យ​សម្បត្តិ​នានា​នៅ​ស្រុក​អេស៊ីប ដ្បិត​គាត់​ជាប់​ចិត្ដ​នឹង​រង្វាន់​ដែល​នៅ​ខាង​មុខ។

27 ដោយ‌សារ​ជំនឿ គាត់​បាន​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​ឥត​ខ្លាច​ស្ដេច​ខ្ញាល់​ឡើយ ដ្បិត​គាត់​កាន់​ចិត្ដ​រឹង‌ប៉ឹង​ហាក់​បី​ដូច​ជា​ឃើញ​អុលឡោះ ដែល​មនុស្ស​ពុំ​អាច​មើល​ឃើញ។

28 ដោយ‌សារ​ជំនឿ គាត់​បាន​ធ្វើ​ពិធី​បុណ្យ​រំលង និង​ប្រោះ​ឈាម បៀត‌បៀន​កូន​ច្បង​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឡើយ។

29 ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រ‌អែល​បាន​ឆ្លង​សមុទ្រ​ក្រហម​ដូច​ដើរ​លើ​ដី​គោក រីឯ​ជន‌ជាតិ​អេស៊ីប​ដែល​ខំ​ឆ្លង​មក​ដែរ ត្រូវ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ស្លាប់​អស់​ទៅ។

30 ដោយ‌សារ​ជំនឿ ជន‌ជាតិ​អ៊ីស្រ‌អែល​នាំ​គ្នា​ដើរ​ជុំ‌វិញ​ក្រុង​យេរីខូ​ចំនួន​ប្រាំ​ពីរ​ថ្ងៃ ហើយ​កំពែង​ក្រុង​ក៏​រលំ​អស់។

31 ដោយ‌សារ​ជំនឿ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​ពុំ​បាន​វិនាស​អន្ដរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​អុលឡោះ​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។

32 តើ​ខ្ញុំ​អាច​និយាយ​អ្វី​ទៀត? ខ្ញុំ​គ្មាន​ពេល​នឹង​និយាយ​អំពី​រឿង​លោក​គេឌាន លោក​បារ៉ាក់ លោក​សាំ‌សុន លោក​យ៉ែបថា ទត​ណាពី​សាំយូ‌អែល និង​ណាពី​នានា​ទេ។

33 ដោយ‌សារ​ជំនឿ អ្នក​ទាំង​នោះ​បាន​ច្បាំង​នឹង​នគរ​ផ្សេងៗ បាន​ប្រព្រឹត្ដ​អំពើ​សុចរិត បាន​ទទួល​អ្វីៗ​ដែល​អុលឡោះ​សន្យា​ប្រទាន​ឲ្យ​បាន​បិទ​មាត់​សឹង្ហ

34 បាន​ពន្លត់​ភ្លើង​ដែល​ឆេះ​សន្ធោ‌សន្ធៅ បាន​គេច​ផុត​ពី​មុខ​ដាវ មាន​កម្លាំង​ឡើង​វិញ​នៅ​ពេល​ធ្លាក់​ខ្លួន​ឈឺ ខ្លាំង​ពូកែ​នៅ​ពេល​ច្បាំង ធ្វើ​ឲ្យ​ខ្មាំង​សត្រូវ​បាក់​ទ័ព។

35 ស្ដ្រីៗ​បាន​ឃើញ​ក្រុម​គ្រួសារ​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​ហើយ​នោះ មាន​ជីវិត​រស់​ឡើង​វិញ។ អ្នក​ខ្លះ​សុខ​ចិត្ដ​ឲ្យ​គេ​ធ្វើ​ទារុណ‌កម្ម មិន​ព្រម​ឲ្យ​នរណា​ដោះ​លែង​ឡើយ ដើម្បី​ឲ្យ​បាន​ជីវិត​រស់​ឡើង​វិញ​ដ៏​ប្រសើរ​ជាង។

36 អ្នក​ខ្លះ​ទៀត​សុខ​ចិត្ដ​ឲ្យ​គេ​ចំអក​ឡក‌ឡឺយ ឲ្យ​គេ​វាយ​ដំ ហើយ​ថែម​ទាំង​ឲ្យ​គេ​ដាក់​ច្រវាក់​ឃុំ‌ឃាំង​ថែម​ទៀត​ផង។

37 អ្នក​ខ្លះ​ត្រូវ​គេ​យក​ដុំ​ថ្ម​គប់​សម្លាប់ ត្រូវ​គេ​សម្លាប់​ដោយ​អារ​នឹង​រណា ត្រូវ​គេ​សម្លាប់​ដោយ​មុខ​ដាវ ត្រូវ​រសាត់​អណ្ដែត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ មាន​តែ​ស្បែក​ចៀម និង​ស្បែក​ពពែ​បិទ‌បាំង​ខ្លួន ខ្វះ​ខាត​សព្វ​គ្រប់​ទាំង​អស់ ហើយ​ត្រូវ​គេ​ជិះ‌ជាន់​សង្កត់‌សង្កិន​ធ្វើ​បាប​ថែម​ទៀត​ផង។

38 លោកីយ៍​ពុំ​សក្ដិ‌សម​នឹង​ឲ្យ​អ្នក​នោះ​រស់​នៅ​ជា​មួយ​ឡើយ ដូច្នេះ គេ​ទៅ​រស់​នៅ​តែល​តោល​តាម​វាល​រហោ‌ស្ថាន តាម​ភ្នំ តាម​រូង​ភ្នំ និង​តាម​រអាង​ភ្នំ។

39 ទោះ​បី​អ្នក​ទាំង​នោះ​ទទួល​សក្ខី‌ភាព​ល្អ ព្រោះ​តែ​ជំនឿ​របស់​ខ្លួន​ក្ដី ក៏​គេ​ពុំ​បាន​ទទួល​អ្វីៗ​តាម​បន្ទូល​សន្យា​នៃ​អុលឡោះ​ដែរ។

40 ដោយ​អុលឡោះ​គ្រោង​ទុក​ថា​នឹង​ប្រទាន​អ្វីៗ​ដ៏​ល្អ​ប្រសើរ​មក​យើង ទ្រង់​ពុំ​បាន​ប្រោស​អ្នក​ទាំង​នោះ​ឲ្យ​បាន​គ្រប់​លក្ខណៈ​មុន​យើង​ឡើយ។

© 2014 United Bible Societies, UK.

United Bible Societies