អាយុជីវិតរបស់មនុស្ស1 ខ្ញុំខិតខំស្វែងយល់អំពីអ្វីៗទាំងអស់ដែលខ្ញុំបានឃើញ ហើយខ្ញុំយល់ថា ជីវិតរបស់មនុស្សសុចរិត និងមនុស្សមានប្រាជ្ញា ព្រមទាំងកិច្ចការដែលគេធ្វើសុទ្ធតែស្ថិតនៅក្នុងអំណាចរបស់អុលឡោះ។ មនុស្សពុំអាចដឹងជាមុនថា ខ្លួននឹងជួបប្រទះការស្រឡាញ់ ឬជួបប្រទះនឹងការស្អប់បានឡើយ។ អ្វីៗទាំងអស់កើតមានចំពោះមនុស្សគ្រប់ៗរូបដូចគ្នា 2 ពួកគេត្រូវរងនូវវាសនាតែមួយ ទាំងមនុស្សសុចរិត និងមនុស្សទុច្ចរិត ទាំងមនុស្សល្អ និងមនុស្សអាក្រក់ ទាំងមនុស្សបរិសុទ្ធ និងមនុស្សមិនបរិសុទ្ធ ទាំងអ្នកធ្វើគូរបាន និងអ្នកមិនធ្វើ។ រីឯអ្នកដែលមានចិត្តល្អ និងមនុស្សបាប អ្នកស្បថ និងអ្នកមិនហ៊ានស្បថ ក៏មិនខុសគ្នាដែរ។ 3 អ្វីៗទាំងអស់ដែលកើតមាននៅលើផែនដី សុទ្ធតែជួបតែនឹងផលអាក្រក់ដូចគ្នា គឺចុងបញ្ចប់របស់មនុស្សទាំងអស់មិនខុសគ្នាទេ។ ចិត្តរបស់មនុស្សមានពេញទៅដោយគំនិតអាក្រក់ ហើយគំនិតលេលាក៏ដក់នៅក្នុងចិត្តរបស់មនុស្សក្នុងមួយជីវិតរបស់គេដែរ។ បន្ទាប់មក ពួកគេនឹងស្គាល់សេចក្ដីស្លាប់។ 4 ទោះជាយ៉ាងណាក្ដី ដរាបណានៅមានជីវិត នៅតែមានសេចក្ដីសង្ឃឹម ដ្បិតឆ្កែដែលនៅរស់ប្រសើរជាងសិង្ហងាប់។ 5 អ្នកដែលនៅរស់ដឹងថាខ្លួនមុខជាត្រូវស្លាប់ តែអ្នកដែលស្លាប់ផុតទៅហើយ មិនដឹងអ្វីទាំងអស់ ពួកគេមិនរង់ចាំផលអ្វីបានឡើយ ព្រោះគ្មាននរណានឹកដល់ពួកគេទៀតទេ។ 6 ការស្រឡាញ់ ការស្អប់ និងការច្រណែនរបស់ពួកគេ រលាយសូន្យអស់ទៅហើយ ពួកគេក៏ពុំរួមចំណែកនឹងអ្វីៗដែលមនុស្សធ្វើនៅលើផែនដីនេះទៀតដែរ។ 7 ដូច្នេះ ចូរទៅបរិភោគអាហារដោយអំណរ ហើយពិសាស្រាទំពាំងបាយជូរដោយចិត្តសប្បាយចុះ ដ្បិតអុលឡោះគាប់ចិត្តនឹងការងារដែលអ្នកធ្វើនោះហើយ។ 8 ចូរស្លៀកពាក់ស្អាតគ្រប់ពេលវេលា ហើយលាបប្រេងក្រអូបលើក្បាលអ្នកជានិច្ច។ 9 ចូររួមរស់យ៉ាងសប្បាយនឹងភរិយាដែលអ្នកស្រឡាញ់ ជារៀងរាល់ថ្ងៃ អស់មួយជីវិត គឺជីវិតឥតបានការ ដែលអុលឡោះប្រទានឲ្យនៅលើផែនដី។ នេះហើយចំណែកដែលអ្នកទទួលនៅក្នុងជីវិត ក្នុងការងារដែលអ្នកធ្វើនៅក្រោមកំដៅថ្ងៃ។ 10 ការអ្វីដែលអ្នកអាចធ្វើ ចូរធ្វើឲ្យអស់ពីកម្លាំងកាយទៅ ដ្បិតនៅក្នុងផ្នូរខ្មោចដែលអ្នកនឹងទៅនៅ គ្មានសកម្មភាពការវិនិច្ឆ័យ ការចេះដឹង និងប្រាជ្ញាទៀតឡើយ។ 11 នៅលើផែនដីនេះ ខ្ញុំក៏បានឃើញថា អ្នកពូកែរត់មិនដែលរត់ឈ្នះគេរហូតទេ ហើយអ្នកពូកែច្បាំងក៏មិនដែលច្បាំងឈ្នះរហូតដែរ។ រីឯអ្នកមានប្រាជ្ញាក៏មិនដែលរកបានអាហាររហូត អ្នកឈ្លាសវៃក៏មិនដែលរកទ្រព្យបានរហូត ហើយអ្នកចេះដឹងក៏មិនដែលមានគេគោរពរហូតដែរ។ ពេលខ្លះ អ្នកទាំងនោះមានជោគជ័យ ពេលខ្លះទៀតបរាជ័យ។ 12 មនុស្សលោកពុំអាចដឹងជាមុនថា ថ្ងៃអន្សារបស់ខ្លួនកើតមាននៅពេលណាឡើយ។ ត្រីជាប់សំណាញ់ដ៏អប្រិយ ឬសត្វស្លាបជាប់អន្ទាក់យ៉ាងណា មនុស្សលោកក៏ធ្លាក់ទៅទុក្ខវេទនាដ៏អប្រិយយ៉ាងនោះដែរ។ ប្រាជ្ញារបស់ជនក្រីក្រ13 នៅលើផែនដីនេះ ខ្ញុំបានសង្កេតឃើញប្រាជ្ញាមួយទៀត ដែលខ្ញុំយល់ឃើញថាមានតម្លៃណាស់។ 14 ក្នុងទីក្រុងតូចមួយ មានមនុស្សរស់នៅតែបន្តិចបន្តួចប៉ុណ្ណោះ។ ស្ដេចដ៏ខ្លាំងពូកែមួយនាក់បានលើកទ័ពមកវាយយកក្រុងនោះ ទាំងបង្កើតសស្រ្ដាវុធយ៉ាងសំបើមឡោមព័ទ្ធទីក្រុង។ 15 នៅក្រុងនោះ មានបុរសម្នាក់ជាជនក្រីក្រ តែមានប្រាជ្ញា គាត់បានសង្គ្រោះទីក្រុងឲ្យរួចពីកណ្ដាប់ដៃខ្មាំង ដោយសារប្រាជ្ញារបស់ខ្លួន។ ប៉ុន្តែ គ្មាននរណាម្នាក់នឹកនាដល់បុរសក្រីក្រនោះទេ។ 16 ខ្ញុំយល់ថា ប្រាជ្ញាប្រសើរជាងចិត្តក្លាហានអង់អាច។ ប៉ុន្តែ ប្រាជ្ញារបស់ជនក្រីក្រតែងតែត្រូវគេមើលងាយ ហើយពាក្យសំដីរបស់ជនក្រីក្រក៏គ្មាននរណាស្ដាប់ដែរ។ 17 ស្ដាប់ពាក្យសំដីដែលអ្នកប្រាជ្ញនិយាយដោយស្ងាត់ៗ ប្រសើរជាងស្ដាប់សំរែករបស់អ្នកដែលបញ្ជាមនុស្សល្ងីល្ងើ។ 18 ប្រាជ្ញាប្រសើរជាងគ្រឿងសស្រ្ដាវុធ ប៉ុន្តែ មនុស្សបាបតែម្នាក់អាចរំលាយការល្អជាច្រើន។ |
© 2014 United Bible Societies, UK.
United Bible Societies