ហ៊ូកុំសម្រាប់អ៊ីមុាំ1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ «ចូរប្រាប់ពួកអ៊ីមុាំដែលជាកូនចៅរបស់ហារូនដូចតទៅ: អ៊ីមុាំមិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសពនរណាម្នាក់ក្នុងចំណោមប្រជាជនរបស់ខ្លួនឡើយ 2 លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្តាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។ 3 គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រីដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។ 4 អ៊ីមុាំមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះគាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្តោយឲ្យខ្លួនទៅជាសៅហ្មងឡើយ។ 5 អ៊ីមុាំមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។ 6 ពួកគេត្រូវតែបរិសុទ្ធសម្រាប់អុលឡោះជាម្ចាស់របស់ខ្លួន ហើយមិនបន្ថោកនាមអុលឡោះទេ ដ្បិតពួកគេមានមុខងារធ្វើគូរបាន និងអាហារដល់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន។ ដូច្នេះពួកគេត្រូវតែបរិសុទ្ធ។ 7 អ៊ីមុាំមិនត្រូវយកស្ត្រីពេស្យា ឬស្ត្រីខូចមកធ្វើជាភរិយាឡើយ ហើយក៏មិនត្រូវយកស្ត្រីប្ដីលែងដែរ ព្រោះអ៊ីមុាំត្រូវរក្សាខ្លួនឲ្យបានបរិសុទ្ធជូនអុលឡោះជាម្ចាស់របស់ខ្លួន។ 8 ចូរចាត់ទុកអ៊ីមុាំជាមនុស្សបរិសុទ្ធ ព្រោះគេយកអាហារទៅជូនអុលឡោះជាម្ចាស់របស់អ្នក។ គេជាមនុស្សបរិសុទ្ធសម្រាប់យើង ដ្បិតយើងជាអុលឡោះតាអាឡាជាម្ចាស់ដ៍វិសុទ្ធ ដែលប្រោសអ្នករាល់គ្នាឲ្យវិសុទ្ធ។ 9 ប្រសិនបើកូនស្រីរបស់អ៊ីមុាំបង្ខូចខ្លួន ដោយប្រព្រឹត្តអំពើពេស្យាចារ នាងនោះបន្ថោកឪពុករបស់ខ្លួន ដូច្នេះត្រូវយកនាងទៅដុតទាំងរស់។ 10 មូស្ទីដែលជាប្រមុខលើពួកអ៊ីមុាំហើយបានទទួលពិធីតែងតាំងសម្រាប់បំពេញមុខងារនេះ និងសម្រាប់ពាក់អាវសក្ការៈមិនត្រូវដកឆ្នួតក្បាលចេញ ឬហែកសម្លៀកបំពាក់ខ្លួនឯងឡើយ។ 11 មូស្ទីមិនត្រូវចូលទៅជិតសាកសព គឺសូម្បីតែសាកសពឪពុកម្តាយរបស់គាត់ផ្ទាល់ ក៏គាត់មិនត្រូវប៉ះពាល់ដែរ ព្រោះបណ្តាលឲ្យខ្លួនទៅជាសៅហ្មង។ 12 គាត់មិនត្រូវចេញពីទីសក្ការៈ ហើយបង្អាប់បង្អោនទីសក្ការៈអុលឡោះជាម្ចាស់របស់ខ្លួនទេ ដ្បិតគាត់បានទទួលពិធីតែងតាំងដោយប្រេងនៃម្ចាស់របស់គាត់។ យើងជាអុលឡោះតាអាឡា។ 13 គាត់ត្រូវរៀបការតែនឹងស្ត្រីព្រហ្មចារី 14 គឺមិនត្រូវរៀបការជាមួយស្ត្រីមេម៉ាយ ស្ត្រីប្ដីលែង ស្ត្រីពេស្យា ឬស្ត្រីខូចខ្លួនឡើយ តែត្រូវរៀបការជាមួយស្ត្រីព្រហ្មចារី ក្នុងអំបូររបស់គាត់។ 15 ធ្វើដូច្នេះ គាត់មិនបង្ខូចពូជពង្សរបស់គាត់ នៅក្នុងចំណោមប្រជាជនរបស់គាត់ឡើយ ដ្បិតយើងជាអុលឡោះតាអាឡាយើងប្រោសគាត់ឲ្យបានបរិសុទ្ធ»។ 16 អុលឡោះតាអាឡាមានបន្ទូលមកកាន់ម៉ូសាថា៖ 17 «ចូរប្រាប់ហារូនដូចតទៅ: ក្នុងចំណោមពូជពង្សរបស់គាត់នៅគ្រប់ជំនាន់ មិនត្រូវឲ្យនរណាម្នាក់ដែលមានរូបរាងកាយមិនធម្មតា នាំយកជំនូនចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនឡើយ។ 18 មនុស្សដែលមានរូបរាងកាយមិនធម្មតា ពុំអាចចូលទៅក្នុងទីសក្ការៈបានទេ គឺមនុស្សខ្វាក់ មនុស្សខ្ញើចជើង ច្រមុះក្រពឹត ដៃជើងមិនស្មើគ្នា 19 មនុស្សកំបុតដៃ ឬកំបុតជើង 20 មនុស្សគម កើតអុត មានស្នាមនៅលើភ្នែក កើតរមាស់ កើតស្រែងខូចពង។ 21 ក្នុងចំណោមពូជពង្សរបស់អ៊ីមុាំហារូន អ្នកដែលមានរូបរាងកាយមិនធម្មតា មិនត្រូវចូលទៅធ្វើគូរបានដុតដល់អុលឡោះតាអាឡាឡើយ។ ដោយគេមានរូបរាងកាយមិនធម្មតាដូច្នេះ គេមិនអាចនាំយកអាហារចូលទៅជូនអុលឡោះជាម្ចាស់របស់ខ្លួនបានទេ។ 22 គេអាចបរិភោគម្ហូបអាហាររបស់អុលឡោះតាអាឡាដែលជាអាហារហាឡាល់ និងអាហារហាឡាល់បំផុតនោះបាន 23 តែគេពុំអាចចូលទៅជិតវាំងនន ឬចូលទៅជិតអាសនៈបានជាដាច់ខាត ក្រែងលោគេបង្អាប់ទីសក្ការៈរបស់យើង ព្រោះគេមានរូបរាងកាយមិនធម្មតា ដ្បិតយើងជាអុលឡោះតាអាឡាដែលបានធ្វើឲ្យទីនោះទៅជាបរិសុទ្ធ»។ 24 ម៉ូសានាំយកបន្ទូលនេះទៅជម្រាបហារូន និងកូនចៅរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រអែលទាំងមូល។ |
© 2014 United Bible Societies, UK.
United Bible Societies