Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

លេវី‌វិន័យ 22 - អាល់គីតាប


ជំនូន​ដែល​មិន​អាច​បរិភោគ​បាន

1 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ដូច​ត​ទៅ៖

2 «ចូរ​ប្រាប់​ហារូន និង​កូន​ចៅ​របស់​គាត់​ថា ក្នុង​ករណី​ខ្លះ ពួក​គេ​មិន​អាច​បរិភោគ​ជំនូន​បរិសុទ្ធ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ជូន​ដល់​យើង​ឡើយ ក្រែង​លោ​គេ​បង្អាប់​នាម​ដ៏​វិសុទ្ធ​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា។

3 ចូរ​ប្រាប់​ពួក​គេ​ថា: ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់ អ្នក​ដែល​មាន​ភាព​មិន​បរិសុទ្ធ ហើយ​ប៉ះ‌ពាល់​ជំនូន​បរិសុទ្ធ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​ជូន​ដល់អុលឡោះ‌តាអាឡា ត្រូវ​ដក​អ្នក​នោះ​កុំ​ឲ្យ​បំពេញ​មុខ​ងារ​នៅ​ចំពោះ​មុខ​យើង​ទៀត។ យើង​ជាអុលឡោះ‌តាអាឡា។

4 ក្នុង​ចំណោម​ពូជ‌ពង្ស​របស់​ហារូន អ្នក​កើត​ឃ្លង់ ឬ​ជំងឺ​កាម​រោគ​មិន​អាច​បរិភោគ​អាហារ​ហាឡាល់​បាន​ទេ គឺ​លុះ​ត្រា​ណា​តែ​គេ​បាន​ជា​បរិសុទ្ធ​ឡើង​វិញ។ រី​ឯ​អ្នក​ដែល​ប៉ះ​ពាល់​នឹង​មនុស្ស​សៅ‌ហ្មង​ដោយ​សារ​ពាល់​សាក‌សព ឬ​មនុស្ស​ដែល​ហូរ​ទឹក​កាម ក៏​មិន​អាច​បរិភោគ​បាន​ដែរ។

5 អ្នក​ប៉ះ​ពាល់​សត្វ​លូន​វារ ដែល​បណ្តាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង ឬ​ប៉ះ​ពាល់​មនុស្ស​ណា​ម្នាក់​ដែល​មិន​បរិសុទ្ធ​ដោយ​ប្រការ​ណា​ក៏​ដោយ ជា​ហេតុ​បណ្តាល​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដែរ​នោះ ក៏​មិន​អាច​បរិភោគ​បាន​ទេ។

6 អ្នក​ដែល​ប៉ះ​ពាល់​មនុស្ស ឬ​សត្វ​មិន​ហាឡាល់​បែប​នេះ ត្រូវ​នៅ​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។ គេ​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ហាឡាល់​ទេ លុះ​ត្រា​តែ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។

7 លុះ​ថ្ងៃ​លិច​ផុត​ទៅ​ទើប​គេ​បាន​បរិសុទ្ធ ហើយ​អាច​បរិភោគ​ជំនូន​បរិសុទ្ធ​ជា​អាហារ​របស់​ខ្លួន​បាន។

8 អ៊ីមុាំ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ខាំ​ឡើយ ដើម្បី​កុំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង ព្រោះតែ​សត្វ​នោះ។ យើង​ជាអុលឡោះ‌តាអាឡា។

9 អ៊ីមុាំ​ត្រូវ​ប្រតិ‌បត្តិ​តាម​ឱវាទ​របស់​យើង ដើម្បី​កុំ​ឲ្យ​ខ្លួន​មាន​ទោស ហើយ​ស្លាប់ ព្រោះ​តែ​រំលោភ​លើ​ឱវាទ​របស់​យើង ស្តី​អំពី​អាហារ។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ។

10 មិន​ត្រូវ​ឲ្យ​អ្នក​ផ្សេង ក្រៅ​ពី​ក្រុម​គ្រួសារ​របស់​អ៊ីមុាំ​បរិភោគ​អាហារ​ហាឡាល់​ឡើយ សូម្បី​តែ​ភ្ញៀវ ឬ​អ្នក​ធ្វើ​ការ​ឲ្យ​អ៊ីមុាំ ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ហាឡាល់​ដែរ។

11 ផ្ទុយ​ទៅ​វិញ អ្នក​បម្រើ​ដែល​អ៊ីមុាំ​បាន​ទិញ​មក មាន​សិទ្ធិ​បរិភោគ ដូច​អ្នក​បម្រើ​ដែល​កើត​នៅ​ក្នុង​ផ្ទះ​របស់​អ៊ីមុាំ​ដែរ។

12 កូន​ស្រី​របស់​អ៊ីមុាំ​ដែល​រៀប​ការ​ជា​មួយ​អ្នក​មិន​មែន​ជា​អ៊ីមុាំ គ្មាន​សិទ្ធិ​បរិភោគ​អាហារ​ដែល​យក​ពី​ជំនូន​បរិសុទ្ធ​បាន​ឡើយ។

13 ប៉ុន្តែ កូន​ស្រី​របស់​អ៊ីមុាំ​ដែល​ជា​ស្ត្រី​មេ‌ម៉ាយ ឬ​ត្រូវ​ប្ដី​លែង ហើយ​គ្មាន​កូន​ចៅ​ទេ ពេល​នាង​វិល​ត្រឡប់​ទៅ​នៅ​ជា​មួយ​ឪពុក​វិញ ដូច​គ្រា​នៅ​ពី​ក្មេង នាង​មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​របស់​ឪពុក​នាង​បាន។ រី​ឯ​អ្នក​ក្រៅ គ្មាន​សិទ្ធិ​បរិភោគ​ម្ហូប​អាហារ​នេះ​ឡើយ។

14 ប្រសិន​បើ​នរណា​បរិភោគ​ជំនូន​បរិសុទ្ធ ដោយ​មិន​ដឹង​ខ្លួន​ត្រូវ​យក​អាហារ​មក​សង​អ៊ីមុាំ​ស្រប​តាម​តម្លៃ​ជំនូន​នោះ ព្រម​ទាំង​បន្ថែម​មួយ​ភាគ​ប្រាំ​ផង។

15 អ៊ីមុាំ​មិន​ត្រូវ​ធ្វើ​ឲ្យ​ជំនូន​បរិសុទ្ធ​ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ជូនអុលឡោះ‌តាអាឡា ក្លាយ​ទៅ​ជា​សៅ‌ហ្មង​ឡើយ។

16 ប្រសិន​បើ​អ៊ីមុាំ​បរិភោគ​ជំនូន​បរិសុទ្ធ ដោយ​មិន​សមរម្យ​ពួក​គេ​នឹង​ធ្វើ​ឲ្យ​ជន‌ជាតិ​អ៊ីស្រ‌អែល​មាន​ទោស។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ញែក​ពួក​គេ​ឲ្យ​បាន​បរិសុទ្ធ»។


ការ​ជ្រើស​រើស​សត្វ​សម្រាប់​ធ្វើ​គូរបាន

17 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

18 «ចូរ​ប្រាប់​ហារូន និង​កូន​ចៅ​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រ‌អែល​ទាំង​មូល​ដូច​ត​ទៅ: ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រ‌អែល ឬ​ជន​បរ‌ទេស​រស់​នៅ​ក្នុង​ស្រុក​អ៊ីស្រ‌អែល អ្នក​ណា​នាំ​យក​សត្វ​មក​ធ្វើ​ជា​គូរបាន​ដុត​ដល់អុលឡោះ‌តាអាឡា ទោះបី​ជំនូន​លា​បំណន់ ឬ​ជំនូន​ស្ម័គ្រ​ចិត្ត​ក្តី

19 ដើម្បី​ឲ្យ​គាប់​ចិត្តអុលឡោះ‌តាអាឡា គេ​ត្រូវ​យក​គោ​ឈ្មោល កូន​ចៀម និង​កូន​ពពែ​ដែល​ល្អ​ឥត​ខ្ចោះ​មក​ជូន។

20 មិន​ត្រូវ​ធ្វើ​សត្វ​ណា​មួយ​ដែល​ពិការ​ឡើយ ដ្បិត​អុលឡោះ​មិន​ពេញ​ចិត្ត​ទទួល​ពី​អ្នក​ទេ។

21 ប្រសិន​បើ​នរណា​ម្នាក់​យក​គោ ឬ​ចៀម​មក​ជូនអុលឡោះ‌តាអាឡា​ជា​គូរបាន​មេត្រី​ភាព ដើម្បី​លាបំ​ណន់ ឬ​ជា​ជំនូន​ស្ម័គ្រ​ចិត្ត​សត្វ​នោះ ត្រូវ​តែ​ល្អ​ឥត​ខ្ចោះ ទើប​គាប់​ចិត្ត​អុលឡោះ គឺ​សត្វ​នោះមិន​ត្រូវ​មាន​ភាព​ពិការ​ឡើយ។

22 មិន​ត្រូវ​ធ្វើ​សត្វ​ដែល​ខ្វាក់​ភ្នែក ខូច​ជើង ឬ​កំបុត​ជើង អង្គែ​ស៊ី កើត​រមាស់ ឬ​កើត​ស្រែង​ឡើយ។ កុំ​យក​សត្វ​របៀប​នេះ​ធ្វើ​ជា​គូរបាន​ដុត​លើ​អាសនៈ​ជូនអុលឡោះ‌តាអាឡា​ឲ្យ​សោះ។

23 អ្នក​អាច​យក​គោ ឬ​កូន​ចៀម​ដែល​មាន​ជើង​វែង​ពេក ឬ​ខ្លី​ពេក មក​ជូន​ជា​ជំនូន​ស្ម័គ្រ​ចិត្ត​បាន តែ​បើ​ជា​ជំនូន​លា​បំណន់​វិញ អុលឡោះ‌តាអាឡា​មិន​ពេញ​ចិត្ត​ទទួល​សត្វ​បែប​នេះ​ទេ។

24 អ្នក​មិន​ត្រូវ​យក​សត្វ​ដែល​គេ​ដំ​កំទេច កាត់ ឬ​ក្រៀវ​ពង​មក​ជូន​ឡើយ។ ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ធ្វើ​របៀប​នេះ​ឲ្យ​សោះ។

25 អ្នក​រាល់​គ្នា​មិន​ត្រូវ​ទទួល​សត្វ​ប្រភេទ​នេះ​ពី​ជន​បរ‌ទេស មក​ជូន​ជា​អាហារ​ដល់​ម្ចាស់​របស់​អ្នក​រាល់​គ្នា​ឡើយ ព្រោះ​ជា​សត្វ​មិន​គ្រប់​លក្ខណៈ មក​ពី​គេ​ក្រៀវ។ ដូច្នេះ អុលឡោះ​មិន​ព្រម​ទទួល​ពី​អ្នក​រាល់​គ្នា​ឡើយ»។

26 អុលឡោះ‌តាអាឡា​មាន​បន្ទូល​មក​កាន់​ម៉ូសា​ថា៖

27 «គោ ចៀម ឬ​ពពែ​ដែល​កើត​មក​ត្រូវ​នៅ​ជា​មួយ​មេ​វា​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​ទី​ប្រាំ‌បី​ទៅ សត្វ​នោះ​អាច​ធ្វើ​ជា​គូរបាន​ដុត​ដែលអុលឡោះ‌តាអាឡា​ពេញ​ចិត្ត​នឹង​ទទួល។

28 មិន​ត្រូវ​សម្លាប់​គោ ឬ​ចៀម ទាំង​មេ ទាំង​កូន ក្នុង​ថ្ងៃ​តែ​មួយ​ឡើយ។

29 ពេល​ណា​អ្នក​រាល់​គ្នា​យក​គូរបាន​មក​ជូនអុលឡោះ‌តាអាឡា ដើម្បី​លើក​តម្កើង​ទ្រង់ ត្រូវ​ជូន​តាម​របៀប​ដែល​អុលឡោះ​ពេញ​ចិត្ត។

30 ចូរ​បរិភោគ​សាច់​របស់​សត្វ​នោះ​នៅ​ថ្ងៃ​ធ្វើ​គូរបាន គឺ​មិន​ត្រូវ​ទុក​រហូត​ដល់​ព្រឹក​ស្អែក​ឡើយ។ យើង​ជាអុលឡោះ‌តាអាឡា។

31 អ្នក​រាល់​គ្នា​ត្រូវ​កាន់ និង​ប្រតិ‌បត្តិ​តាម​បទ​បញ្ជា​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា។

32 អ្នក​រាល់​គ្នា​មិន​ត្រូវ​បន្ថោក​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ តែ​ត្រូវ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​នៅ​ស្រុក​អ៊ីស្រ‌អែល​ទទួល​ស្គាល់​ថា យើង​ជា​ម្ចាស់​បរិសុទ្ធ។ យើង​ជាអុលឡោះ‌តាអាឡា ដែល​ញែក​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ។

33 យើង​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា។ យើង​ជាអុលឡោះ‌តាអាឡា»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម