ចម្លើយចុងក្រោយរបស់ណាពីអៃយ៉ូប1 អៃយ៉ូបឆ្លើយអុលឡោះតាអាឡាថា៖ 2 «ខ្ញុំទទួលស្គាល់ថា ទ្រង់អាចធ្វើគ្រប់កិច្ចការទាំងអស់បាន ហើយគ្មានការអ្វីមួយដែលធ្វើឲ្យទ្រង់ ទាល់តម្រិះឡើយ។ 3 ទ្រង់មានបន្ទូលមកខ្ញុំថា “ម្ដេចក៏អ្នកសង្ស័យលើគម្រោងការរបស់យើង ដោយពោលពាក្យឥតខ្លឹមសារដូច្នេះ?” ពិតមែនហើយ ខ្ញុំបានថ្លែងនូវសេចក្ដី ដ៏អស្ចារ្យដោយពុំដឹងខ្លួន គឺការអស្ចារ្យខ្ពស់លើសពីប្រាជ្ញា ដែលខ្ញុំអាចយល់ និងអាចស្គាល់។ 4 ទ្រង់មានបន្ទូលទៀតថា “ចូរស្ដាប់សេចក្ដីដែលយើងថ្លែង យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយ” 5 កាលពីមុន ខ្ញុំគ្រាន់តែបានឮគេនិយាយ អំពីទ្រង់ ឥឡូវនេះ ខ្ញុំឃើញទ្រង់ ផ្ទាល់នឹងភ្នែកតែម្ដង។ 6 ហេតុនេះ ខ្ញុំសូមសារភាពកំហុស ហើយដាក់ខ្លួន ដោយក្រាបនៅក្នុងធូលីដី និងផេះ»។ អុលឡោះតាអាឡាប្រទានពរឲ្យអៃយ៉ូបសាជាថ្មី7 ក្រោយពេលអុលឡោះតាអាឡាមានបន្ទូលទាំងនេះមកកាន់អៃយ៉ូបហើយ ទ្រង់មានបន្ទូលទៅកាន់លោកអេលីផាសជាអ្នកស្រុកថេម៉ានថា៖ «យើងខឹងនឹងអ្នក ព្រមទាំងមិត្តភក្ដិទាំងពីររបស់អ្នកខ្លាំងណាស់ ដ្បិតអ្នកពុំបានថ្លែងអំពីយើង ដោយត្រឹមត្រូវដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ។ 8 ដូច្នេះ ចូរយកគោបាប្រាំពីរ និងចៀមឈ្មោលប្រាំពីរ ទៅជួបអៃយ៉ូប ជាអ្នកបម្រើរបស់យើង ហើយធ្វើជាគូរបានដុតសម្រាប់អ្នករាល់គ្នាចុះ។ អៃយ៉ូប ជាអ្នកបម្រើរបស់យើង នឹងទូរអាអង្វរឲ្យអ្នករាល់គ្នា។ ដោយយើងយល់អធ្យាស្រ័យដល់អៃយ៉ូបនោះ យើងនឹងមិនដាក់ទោសអ្នករាល់គ្នា ឲ្យសមនឹងគំនិតលេលារបស់អ្នករាល់គ្នាទេ ដ្បិតអ្នកពុំបានថ្លែងអំពីយើងដោយត្រឹមត្រូវ ដូចអៃយ៉ូប ជាអ្នកបម្រើរបស់យើងឡើយ»។ 9 លោកអេលីផាសជាអ្នកស្រុកថេម៉ាន លោកប៊ីលដាដជាអ្នកស្រុកស៊ូអា និងលោកសូផារជាអ្នកស្រុកណាអាម៉ានាំគ្នាចាកចេញទៅ ហើយធ្វើតាមសេចក្ដីដែលអុលឡោះតាអាឡាបានបង្គាប់។ ពេលនោះ អុលឡោះតាអាឡាក៏អធ្យាស្រ័យដល់អៃយ៉ូប។ 10 នៅពេលដែលអៃយ៉ូបទូរអាអង្វរឲ្យមិត្តភក្ដិរបស់គាត់ អុលឡោះតាអាឡាប្រោសប្រណីគាត់ឲ្យបានចំរុងចំរើនឡើងវិញ។ អុលឡោះតាអាឡាប្រទានឲ្យគាត់ទទួលអ្វីៗទាំងអស់ពីរដងច្រើនលើសមុន។ 11 បងប្អូនប្រុសស្រីទាំងប៉ុន្មានរបស់គាត់ និងញាតិមិត្តទាំងអស់ដែលគាត់ធ្លាប់ស្គាល់ នាំគ្នាមកសួរសុខទុក្ខគាត់ ហើយបរិភោគអាហាររួមជាមួយគាត់ នៅក្នុងផ្ទះរបស់គាត់។ ពួកគេសំដែងការអាណិតអាសូរ និងសំរាលទុក្ខគាត់ ព្រោះតែទុក្ខវេទនាទាំងប៉ុន្មានដែលអុលឡោះតាអាឡាបានបណ្ដាលឲ្យកើតមានដល់គាត់។ ពួកគេយកប្រាក់មួយណែនម្នាក់ ព្រមទាំងកងមាសម្នាក់មួយ មកជូនគាត់។ 12 អុលឡោះតាអាឡា ប្រទានពរដល់អៃយ៉ូបលើកនេះ ច្រើនជាងមុនទៅទៀត គឺគាត់មានចៀមមួយម៉ឺនបួនពាន់ក្បាល អូដ្ឋប្រាំមួយពាន់ក្បាល គោមួយពាន់នឹម និងលាញីមួយពាន់ក្បាល។ 13 គាត់មានកូនប្រុសប្រាំពីរនាក់ និងកូនស្រីបីនាក់។ 14 គាត់ដាក់ឈ្មោះកូនស្រីទីមួយថា «យេមីម៉ា» កូនស្រីទីពីរ «កេស៊ីយ៉ា» និងកូនស្រីទីបី «កេរេន-ហាពូក»។ 15 នៅក្នុងស្រុកនោះទាំងមូល គ្មាននារីណាមានរូបឆោមល្អស្អាត ដូចកូនស្រីរបស់អៃយ៉ូបទេ។ អៃយ៉ូប ជាឪពុក ក៏បានចែកមត៌កឲ្យនាងទាំងបី ដូចបងប្អូនប្រុសៗទាំងប្រាំពីរនាក់ដែរ។ 16 ក្រោយមក អៃយ៉ូបរស់បានមួយរយសែសិបឆ្នាំទៀត គាត់បានឃើញកូនចៅរបស់គាត់រហូតដល់បួនតំណ។ 17 បន្ទាប់ពីមានអាយុយឺនយូរសម្បូណ៌សប្បាយមក អៃយ៉ូបក៏លាចាកលោកនេះទៅ៕ |
© 2014 United Bible Societies, UK.
United Bible Societies