ទំនុកតម្កើង 1 - អាល់គីតាបភាគទីមួយ (គីតាបសាបូរ ១-៤១) សុភមង្គលដ៏ពិតប្រាកដ 1 មានសុភមង្គលហើយ អ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល មិនឈរក្នុងមាគ៌ារបស់មនុស្សបាប ហើយក៏មិនអង្គុយរួមជាមួយ ពួកអ្នកចំអកឡកឡឺយ 2 ផ្ទុយទៅវិញ គេចូលចិត្តនឹងហ៊ូកុំរបស់ អុលឡោះតាអាឡា ព្រមទាំងសញ្ជឹងគិតអំពីហ៊ូកុំ របស់ទ្រង់ ទាំងយប់ ទាំងថ្ងៃ។ 3 អ្នកនោះប្រៀបបាននឹងដើមឈើ ដុះនៅក្បែរផ្លូវទឹក ដែលផ្ដល់ផលផ្លែតាមរដូវកាល ហើយមានស្លឹកមិនចេះស្លោកស្រពោន អ្វីៗដែលគាត់ធ្វើសុទ្ធតែបានចំរុងចំរើនទាំងអស់។ 4 រីឯមនុស្សពាលវិញ មិនដូច្នោះទេ គឺពួកគេប្រៀបបាននឹងអង្កាម ដែលត្រូវខ្យល់ផាត់បាត់ទៅ។ 5 នៅថ្ងៃអុលឡោះវិនិច្ឆ័យទោស មនុស្សពាលពុំអាចក្រោកឈរបានឡើយ ហើយមនុស្សបាបក៏ពុំអាចស្ថិតនៅក្នុងចំណោម មនុស្សសុចរិតបានដែរ។ 6 ដ្បិតអុលឡោះតាអាឡាស្គាល់មាគ៌ារបស់មនុស្សសុចរិត រីឯមាគ៌ារបស់មនុស្សពាលវិញ នាំឲ្យខ្លួនវិនាសអន្តរាយ។ |
© 2014 United Bible Societies, UK.
United Bible Societies