អុលឡោះឆ្លើយនឹងប្រសាសន៍របស់ណាពីអៃយ៉ូប1 អុលឡោះតាអាឡាមានបន្ទូលមកកាន់ អៃយ៉ូបទៀតថា៖ 2 «អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់ អុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត? អ្នកចូលចិត្តជជែកតវ៉ាជាមួយ អុលឡោះដូច្នេះ តើអ្នកមានចម្លើយឬទេ?»។ 3 អៃយ៉ូបឆ្លើយអុលឡោះតាអាឡាថា៖ 4 «ខ្ញុំជាមនុស្សទន់ទាបណាស់ តើឲ្យខ្ញុំឆ្លើយទៅទ្រង់វិញ ដូចម្ដេចបាន? ខ្ញុំនឹងយកដៃខ្ទប់មាត់។ 5 ខ្ញុំបាននិយាយម្ដងរួចមកហើយ ខ្ញុំមិននិយាយទៀតទេ ហើយខ្ញុំក៏បាននិយាយជាលើកទីពីរដែរ ខ្ញុំគ្មានអ្វីបន្ថែមទៀតឡើយ»។ 6 អុលឡោះតាអាឡាមានបន្ទូលមកកាន់អៃយ៉ូបពី ក្នុងខ្យល់ព្យុះដូចតទៅ៖ 7 «ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច យើងនឹងសួរអ្នក ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង! 8 តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌ ហើយអ្នកចង់ថ្កោលទោសយើង ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ? 9 តើអ្នកមានអំណាចដូចអុលឡោះ ហើយមានសំឡេងដូចផ្គរលាន់ ដែលជាសំឡេងរបស់ទ្រង់ឬ? 10 តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម ហើយពោរពេញទៅពន្លឺរស្មីដ៏រុងរឿង ដូចអុលឡោះឬ? 11 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ និងបន្ទាបពួកគេទាំងអស់គ្នាទៅ។ 12 ចូរក្រឡេកមើលមនុស្សមានអំនួត ហើយបន្ថោកពួកគេទាំងអស់គ្នា! ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។ 13 ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។ 14 ពេលនោះ យើងនឹងលើកតម្កើងអ្នក ដ្បិតអ្នកបានទទួលជោគជ័យ ដោយអំណាចរបស់អ្នកផ្ទាល់។ 15 ចូរមើលទៅសត្វដំរីទឹក ដែលយើងបានបង្កើតមកដូចជាអ្នកដែរ វាស៊ីស្មៅដូចគោ 16 កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា 17 កន្ទុយរបស់វារឹងដូចដើមតាត្រៅ សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា 18 ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។ 19 វាជាស្នាដៃដ៏វិសេសរបស់អុលឡោះ មានតែទ្រង់ដែលបង្កើតវាទេ ដែលអាចបង្ក្រាបវាបាន។ 20 វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។ 21 វាដេកនៅក្រោមស្លឹកឈូក ហើយសំងំនៅតាមដើមត្រែង ក្នុងត្រពាំង។ 22 ម្លប់ស្លឹកឈូកបាំងលើវា ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។ 23 ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង ក៏វាមិនព្រួយដែរ។ 24 គ្មាននរណាអាចចាប់វាបាន ក្នុងពេលដែលវាកំពុងតែបើកភ្នែក ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ របស់វាបានដែរ។ |
© 2014 United Bible Societies, UK.
United Bible Societies