1 ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំង ស្ទើរតែគាំងបេះដូង។ 2 ចូរនាំគ្នាស្ដាប់ចុះ ចូរនាំគ្នាស្ដាប់សំឡេង ដែលលាន់ឮគគ្រឹកគគ្រេង គឺសំឡេងចេញមកពីទ្រង់ 3 ទ្រង់ធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ ផ្លេកបន្ទោររបស់ទ្រង់ភ្លឺរហូតទៅដល់ ទីដាច់ស្រយាលនៃផែនដី។ 4 បន្ទាប់មក សំឡេងដ៏រំពងរបស់ទ្រង់ លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង ហើយពេលទ្រង់បន្លឺសំឡេងនោះ ទ្រង់បណ្ដោយឲ្យផ្លេកបន្ទោរ ជះពន្លឺដ៏ព្រោងព្រាត។ 5 អុលឡោះបន្លឺសំឡេងដ៏គួរស្ញប់ស្ញែង ទ្រង់ធ្វើកិច្ចការដ៏អស្ចារ្យបំផុត ដែលយើងពុំអាចស្វែងយល់បាន។ 6 ទ្រង់បង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី ទ្រង់បង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។ 7 ពេលនោះ ទ្រង់បញ្ឈប់សកម្មភាព របស់មនុស្សទាំងអស់ ដើម្បីឲ្យគេទទួលស្គាល់ស្នាដៃ របស់ទ្រង់។ 8 សត្វព្រៃនាំគ្នារត់ទៅរកជំរក ហើយសំងំនៅក្នុងរូងរបស់វា។ 9 ខ្យល់កួចបក់មកពីទិសខាងត្បូង ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។ 10 ដោយសារខ្យល់របស់អុលឡោះ ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។ 11 ទ្រង់ធ្វើឲ្យមានចំហាយនៅក្នុងពពក ព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។ 12 ទ្រង់ឲ្យពពករសាត់ទៅគ្រប់ទិសទី ស្របតាមបំណងដែលទ្រង់ប្រើវា ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។ 13 ធ្វើដូច្នេះ ដើម្បីទ្រង់ដាក់ទោសមនុស្ស នៅលើផែនដី ឬសំដែង ចិត្តសប្បុរសរបស់ទ្រង់។ 14 អៃយ៉ូបអើយ សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ សូមនៅស្ងៀម ហើយរិះគិតអំពីស្នាដៃ ដ៏អស្ចារ្យរបស់ទ្រង់! 15 សូមអ្នកសង្កេតឲ្យច្បាស់ថា តើអុលឡោះបញ្ជាធម្មជាតិទាំងនោះ និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ទ្រង់ តាមរបៀបណា? 16 តើអ្នកដឹងឬទេថា ពពករក្សាលំនឹង នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា? ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ ទើបសម្រេចការអស្ចារ្យបែបនេះបាន។ 17 ពេលធាតុអាកាសហប់ ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង នោះអ្នកក៏ក្ដៅស្អុះស្អាប់ទៅហើយ 18 ដូច្នេះ តើលោកអាចជួយអុលឡោះ ដើម្បីលាតសន្ធឹងអាកាសវេហាស៍ ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ? 19 សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល យើងត្រូវអង្វរទ្រង់ផង យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ ព្រោះយើងជាមនុស្សល្ងិតល្ងង់។ 20 ខ្ញុំមិនចង់និយាយទៅកាន់ទ្រង់ទេ ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យទ្រង់បំផ្លាញខ្ញុំ។ 21 រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេ ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ ប្រែជាស្រឡះ។ 22 មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង ព័ទ្ធជុំវិញអុលឡោះដ៏ថ្កុំថ្កើង និងគួរឲ្យស្ញែងខ្លាចណាស់។ 23 យើងមិនអាចចូលទៅជិតអុលឡោះដ៏មានអំណាច ខ្ពង់ខ្ពស់បំផុតបានឡើយ ទ្រង់ជាម្ចាស់ដ៏ឧត្ដម ដោយសារអំណាច ទ្រង់ប្រកបដោយយុត្តិធម៌ ហើយសុចរិតបំផុត ទ្រង់មិនបំពានលើនរណាឡើយ! 24 ហេតុនេះហើយបានជាមនុស្សលោកត្រូវ គោរពកោតខ្លាចទ្រង់។ ទ្រង់មិនរវីរវល់នឹងអ្នកដែលតាំងខ្លួន ជាមនុស្សមានប្រាជ្ញាឡើយ»។ |
© 2014 United Bible Societies, UK.
United Bible Societies