ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 35 - អាល់គីតាប អាល់គីតាប
យ៉ូប 35

លោក​អេលី‌ហ៊ូវ​ចោទ​ណាពី​អៃយ៉ូប​ថា​និយាយ​មិន​បាន​ការ

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖

2 «តើ​អ្នក​ស្មាន​ថា​អ្នក​ត្រូវ​ទាំង​ស្រុង​ឬ? តើ​អ្នក​អាច​ពោល​ថា អ្នក​សុចរិត ជាង​អុលឡោះ​ឬ?

3 អ្នក​បាន​អង្វរ​ទ្រង់​ថា: “បើ​ខ្ញុំ​មិន​ប្រព្រឹត្ត​អំពើ​បាប​សោះ នោះ​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ទ្រង់​ទេ ហើយ​ខ្ញុំ​ក៏​មិន​ចំណេញ​អ្វី​ដែរ!”។

4 ខ្ញុំ​សូម​ឆ្លើយ​ទៅ​អ្នក ព្រម​ទាំង​មិត្ត‌ភក្ដិ​របស់​អ្នក​ដូច​ត​ទៅ:

5 សូម​អ្នក​សម្លឹង​មើល​ទៅ​លើ​មេឃ សូម​មើល​ទៅ​ពពក ថា​តើ​វា​ខ្ពស់​ជាង​អ្នក​ប៉ុន​ណា!

6 បើ​អ្នក​ប្រព្រឹត្ត​អំពើ​បាប តើ​អ្នក​ធ្វើ​ឲ្យ​ទ្រង់​អំពល់​យ៉ាង​ណា បើ​អ្នក​បំពាន​លើ​ហ៊ូកុំ​កាន់​តែ​ច្រើន​ឡើងៗ តើ​ទ្រង់​ខ្វល់​ខ្វាយ​ឬ​ទេ?

7 បើ​អ្នក​ជា​មនុស្ស​សុចរិត តើ​បាន​ផល​អ្វី​ចំពោះ​ទ្រង់? តើ​ទ្រង់​ទទួល​អ្វី​ពី​អ្នក?

8 តាម​ពិត អំពើ​អាក្រក់​ដែល​អ្នក​ប្រព្រឹត្ត ផ្ដល់​តែ​ទុក្ខ​ទោស​ដល់​មនុស្ស​ដូច​អ្នក​ប៉ុណ្ណោះ ហើយ​អំពើ​សុចរិត​ដែល​អ្នក​ប្រព្រឹត្ត ក៏​ផ្ដល់​ផល​ប្រយោជន៍​សម្រាប់​តែ​មនុស្ស​ដែរ។

9 ពេល​ណា​មាន​ការ​ជិះ‌ជាន់​សង្កត់‌សង្កិន​ច្រើន មនុស្ស​តែងតែ​ស្រែក​ថ្ងូរ ហើយ​ពេល​ណា​អ្នក​កាន់​អំណាច​ប្រព្រឹត្ត អំពើ​ឃោរ‌ឃៅ​កាន់​តែ​ខ្លាំង​ឡើងៗ មនុស្ស​តែងតែ​ស្រែក​ហៅ​គេ​ជួយ

10 តែ​ពុំ​មាន​នរណា​ម្នាក់​ពោល​ថា: “អុលឡោះ​ដែល​បាន​បង្កើត​ខ្ញុំ ហើយ​ធ្លាប់​ដាស់‌តឿន​ខ្ញុំ ឲ្យ​ច្រៀង​ទំនុក‌តម្កើង​នៅ​ពេល​រាត្រី​នោះ តើ​ទ្រង់​នៅ​ឯ​ណា”?

11 ទ្រង់​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ទ្រង់​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។

12 ពេល​គេ​ស្រែក​រក​ទ្រង់ ព្រោះ​តែ​អំនួត និង​អំពើ​អាក្រក់​របស់​គេ ទ្រង់​មិន​ឆ្លើយ​ទេ

13 គេ​ស្រែក​រក​ទ្រង់ តែ​ឥត​បាន​ផល​អ្វី​ឡើយ ព្រោះ​ទ្រង់​មិន​ព្រម​ស្ដាប់ ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មិន​រវី‌រវល់​នឹង​គេ​ទេ។

14 អ្នក​ពោល​ថា អ្នក​មិន​ឃើញ​ទ្រង់ អ្នក​បាន​ផ្ញើ​សំណុំ​រឿង​ទៅ​ទ្រង់ ហើយ​អ្នក​នៅ​រង់‌ចាំ។

15 អ្នក​គិត​ថា​ទ្រង់​មិន​ដាក់​ទោស ហើយ​ទ្រង់​ក៏​មិន​ចាប់‌ភ្លឹក​នឹង​ការ​បះ‌បោរ របស់​អ្នក​ដែរ។

16 អ្វីៗ​ដែល​អៃយ៉ូប​និយាយ​សុទ្ធ​តែ​ឥត​បាន​ការ អ្នក​ចេះ​តែ​ពោល​ពាក្យ​សំដី​ឥត​ខ្លឹម‌សារ»។

© 2014 United Bible Societies, UK.

United Bible Societies