Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -

យ៉ូប 34 - អាល់គីតាប


អុលឡោះ​មិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ឡើយ

1 លោក​អេលី‌ហ៊ូវ​មាន​ប្រសាសន៍ ទៀត​ថា៖

2 «អស់​អ្នក​ដែល​មាន​ប្រាជ្ញា​អើយ សូម​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​នឹង​បរិយាយ! អស់​អ្នក​ដែល​ចេះ​ដឹង​អើយ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​ខ្ញុំ!

3 ដ្បិត​ត្រចៀក​ស្ដាប់​យល់​ពាក្យ​សំដី ដូច​អណ្ដាត​ស្គាល់​រស‌ជាតិ​អាហារ​ដែរ។

4 យើង​ត្រូវ​រិះ​រក​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​រួម​គ្នា​ទទួល​ស្គាល់​នូវ​អ្វី​ដែល​ល្អ»។

5 អៃយ៉ូប​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​ជា​មនុស្ស​សុចរិត តែ​អុលឡោះ​មិន​ព្រម​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ​ទេ។

6 ទោះ​បី​ខ្ញុំ​ជា​មនុស្ស​ត្រឹម​ត្រូវ ក៏​ទ្រង់​ចាត់​ទុក​ខ្ញុំ​ជា​មនុស្ស​កុហក​ដែរ របួស​របស់​ខ្ញុំ​ពុំ​អាច​ព្យាបាល​បាន​ទេ តែ​ខ្ញុំ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​សោះ​ឡើយ»។

7 តើ​មាន​នរណា​ម្នាក់​ដូច​អៃយ៉ូប​ទេ គាត់​ពោល​ពាក្យ​ប្រមាថ​យ៉ាង​ងាយ ដូច​គេ​ផឹក​ទឹក។

8 គាត់​សេព‌គប់​ជា​មួយ​មនុស្ស​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ហើយ​ដើរ​ជា​មួយ​មនុស្ស​អាក្រក់

9 ដ្បិត​គាត់​ពោល​ថា មនុស្ស​ខិត‌ខំ ផ្គាប់‌ផ្គុន​អុលឡោះ​គ្មាន​ប្រយោជន៍​ទេ។

10 «ហេតុ​នេះ អស់​អ្នក​ដែល​ចេះ​គិត‌គូរ​អើយ សូម​នាំ​គ្នា​ស្ដាប់​ខ្ញុំ! អុលឡោះ​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ឡើយ ហើយ​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត ក៏​មិន​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ដែរ!

11 ទ្រង់​តប​ស្នង​ចំពោះ​មនុស្ស​លោក តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត ទ្រង់​ឲ្យ​ម្នាក់ៗ​ទទួល​ផល តាម​របៀប​ដែល​ខ្លួន​រស់​នៅ។

12 ពិត​មែន​ហើយ អុលឡោះ​មិន​ប្រព្រឹត្ត អំពើ​អាក្រក់​ជា​ដាច់​ខាត ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់‌ខ្ពស់​បំផុត មិន​ប្រាស​ចាក​យុត្តិធម៌​ឡើយ។

13 តើ​នរណា​ប្រគល់​អំណាច​ឲ្យ​ទ្រង់ គ្រប់‌គ្រង​ផែនដី? តើ​នរណា​ប្រគល់​ពិភព​លោក​ទាំង​មូល មក​ឲ្យ​ទ្រង់​កាន់​កាប់?

14 ប្រសិន​បើ​អុលឡោះ​ខ្វល់​ខ្វាយ​តែ ចំពោះ​ទ្រង់​ផ្ទាល់ ហើយ​បើ​ទ្រង់​ដក​យក​វិញ្ញាណ និង​ដង្ហើម​ជីវិត​ទៅ​វិញ​នោះ

15 សត្វ​លោក​ទាំង​អស់​នឹង​ត្រូវ​វិនាស​ជា​មួយ​គ្នា មនុស្ស​លោក​នឹង​វិល​ទៅ​ជា​ធូលី​ដី​វិញ។

16 ប្រសិន​បើ​លោក​មាន​ប្រាជ្ញា សូម​ស្ដាប់​ខ្ញុំ​ចុះ សូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ថ្លែង!

17 ប្រសិន​បើ​អុលឡោះ​ស្អប់​យុត្តិធម៌ តើ​ទ្រង់​គ្រប់‌គ្រង​ផែនដី​កើត​ឬ? តើ​អ្នក​ហ៊ាន​ថ្កោល​ទោស​ទ្រង់​ដ៏​សុចរិត ជា​ម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​ឬ?

18 មិន​ដែល​មាន​នរណា​ហ៊ាន​បន្ទោស​ស្ដេច​ថា “មនុស្ស​ពាល!” ឬ​ស្ដី​ឲ្យ​អ្នក​ធំ​ថា “មនុស្ស​ទុយ៌ស!” ទេ

19 រីឯ​អុលឡោះ​វិញ ទ្រង់​មិន​រើស​មុខ​មេ​ដឹក​នាំ​ឡើយ ហើយ​ទ្រង់​ក៏​មិន​យោគ‌យល់​អ្នក​មាន ជាង​អ្នក​ក្រ​ដែរ ដ្បិត​ទ្រង់​បាន​បង្កើត​ពួក​គេ​មក​ដូច​គ្នា។

20 ពួក​គេ​នឹង​បាត់​បង់​ជីវិត​តែ​ក្នុង​មួយ​ប៉ប្រិច​ភ្នែក នៅ​ពាក់​កណ្ដាល​អធ្រាត្រ ប្រជា‌ជន​កើត​វឹក‌វរ ហើយ​វិនាស​អស់​ទៅ គេ​ទម្លាក់​អ្នក​កាន់​អំណាច​ដោយ​ងាយ​ស្រួល។

21 អុលឡោះ​មើល​ផ្លូវ​ដែល​មនុស្ស​ដើរ ទ្រង់​ឃ្លាំ​មើល​គ្រប់​ជំហាន​របស់​គេ។

22 គ្មាន​ភាព​ងងឹត ឬ​ភាព​អន្ធការ​ណា បាំង​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត មិន​ឲ្យ​ទ្រង់​ឃើញ​ឡើយ។

23 ទ្រង់​មិន​ចាំ‌បាច់​ចំណាយ​ពេល​ពិនិត្យ‌ពិច័យ មុន​នឹង​នាំ​មនុស្ស​ឲ្យ​មក​ឈរ​ក្នុង​ទី​កាត់​ក្ដី របស់​ទ្រង់​ឡើយ។

24 ទ្រង់​ផ្ដួល​រំលំ​អ្នក​កាន់​អំណាច ដោយ​មិន​បាច់​សួរ​នាំ ហើយ​ទ្រង់​តែង‌តាំង​អ្នក​ផ្សេង​ជំនួស

25 ដ្បិត​ទ្រង់​ជ្រាប​អំពើ​ដែល​ពួក​គេ​ប្រព្រឹត្ត ទ្រង់​ផ្ដួល​រំលំ​ពួក​គេ​ឲ្យ​ធ្លាក់​ពី​អំណាច ក្នុង​ពេល​តែ​មួយ​យប់។

26 ទ្រង់​វាយ​ពួក​គេ​នៅ​ចំពោះ​មុខ​ប្រជា‌ជន ដូច​វាយ​ជន​ទុច្ចរិត

27 ព្រោះ​ពួក​គេ​ងាក​ចេញ​ពី​ទ្រង់ ហើយ​មិន​ចង់​ស្វែង​យល់​អំពី​មាគ៌ា របស់​ទ្រង់​ទេ។

28 ពួក​គេ​ធ្វើ​បាប​ជន​ទុគ៌ត និង​ជន​ក្រីក្រ រហូត​ដល់​អ្នក​ទាំង​នោះ​ស្រែក​រក​ទ្រង់ ហើយ​ទ្រង់​ស្តាប់​សំរែក​នេះ។

29 ប្រសិន​បើ​អុលឡោះ​សំងំ​នៅ​ស្ងៀម តើ​នរណា​ហ៊ាន​ថ្កោល​ទោស​ទ្រង់? ប្រសិន​បើ​ទ្រង់​លាក់​បាំង​នោះ តើ​នរណា​មើល​ទ្រង់​ឃើញ? ទ្រង់​ពិនិត្យ​មើល​មនុស្ស​ម្នាក់ ក៏​ដូច​ជា​ប្រជា‌ជាតិ​មួយ​ដែរ

30 ទ្រង់​មិន​ពេញ​ចិត្ត​ឲ្យ ជន​ពាល​គ្រង​រាជ្យ ហើយ​ធ្វើ​ជា​អន្ទាក់​ដល់​ប្រជា‌រាស្ត្រ​ឡើយ។

31 បើ​មាន​នរណា​ម្នាក់​អង្វរ​អុលឡោះ​ថា: “ខ្ញុំ​បាន​រង​ទុក្ខ​ទោស​រួច​ស្រេច​ហើយ ខ្ញុំ​នឹង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ទៀត​ទេ។

32 សូម​បង្ហាញ​កំហុស​ណា​ដែល​ខ្ញុំ មើល​មិន​ឃើញ ប្រសិន​បើ​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ ខ្ញុំ​រាង‌ចាល​ហើយ”

33 តាម​យោបល់​របស់​អ្នក តើ​ទ្រង់​ត្រូវ ដាក់​ទោស​អ្នក​ពោល​ដូច្នេះ​ឬ​ទេ? ខ្ញុំ​សួរ​បែប​នេះ ព្រោះ​អ្នក​ជា​មនុស្ស​តិទៀន គឺ​អ្នក​ទេ​តើ​ដែល​បាន​សម្រេច​ដូច្នេះ មិន​មែន​ខ្ញុំ​ទេ ហេតុ​នេះ​បើ​អ្នក​ដឹង សូម​និយាយ​មក​ចុះ!

34 មនុស្ស​មាន​សុភ‌និច្ឆ័យ​នឹង​យល់​ស្រប​ជា​មួយ​ខ្ញុំ មនុស្ស​មាន​ប្រាជ្ញា​នឹង​ចុះ​សំរុង​ជា​មួយ​ខ្ញុំ​ថា

35 អៃយ៉ូប​នេះ​និយាយ​មិន​ដឹង​ខុស​ត្រូវ ពាក្យ​សំដី​របស់​គាត់​គ្មាន​ខ្លឹម‌សារ​សោះ។

36 សូម​សួរ​ចម្លើយ​អៃយ៉ូប រហូត​ដល់​ចប់​ចុង​ចប់​ដើម ព្រោះ​គាត់​និយាយ​ដូច​មនុស្ស​ទុច្ចរិត!

37 ដ្បិត​គាត់​បន្ថែម​កំហុស​មួយ​ដ៏​ធ្ងន់ ពី​លើ​អំពើ​បាប​របស់​ខ្លួន គឺ​គាត់​ពោល​ពាក្យ​ប្រឆាំង​នឹង​អុលឡោះ ហើយ​បង្ក​ឲ្យ​មាន​ការ​សង្ស័យ ក្នុង​ចំណោម​ពួក​យើង»។

© 2014 United Bible Societies, UK.

United Bible Societies
តាម​ពួក​យើង:



ការផ្សាយពាណិជ្ជកម្ម