មនុស្សមានទោសមិនអាចអង្វរករទ្រង់បានទេ1 អៃយ៉ូបរៀបរាប់សាជាថ្មី ដូចតទៅ៖ 2 «ខ្ញុំសូមស្បថក្នុងនាមអុលឡោះ ដែលនៅអស់កល្បជានិច្ច! ទ្រង់មិនព្រមរកយុត្តិធម៌ឲ្យខ្ញុំទេ។ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតបានធ្វើ ឲ្យចិត្តខ្ញុំពោរពេញដោយភាពជូរចត់។ 3 ដរាបណាខ្ញុំនៅមានដង្ហើមចេញចូល ហើយខ្យល់ដង្ហើមរបស់អុលឡោះ ស្ថិតនៅក្នុងច្រមុះរបស់ខ្ញុំ 4 នោះមាត់របស់ខ្ញុំនឹងមិនស្រដី ចេញមកនូវពាក្យអាក្រក់ ហើយអណ្ដាតរបស់ខ្ញុំ ក៏មិនថ្លែងពាក្យវៀចវេរដែរ។ 5 ខ្ញុំមិនព្រមទទួលស្គាល់ជាដាច់ខាតថា ពាក្យរបស់អស់លោកជាពាក្យត្រឹមត្រូវ រហូតដល់ថ្ងៃស្លាប់ ក៏ខ្ញុំមិនព្រមទទួលថា ខ្ញុំមានទោសឡើយ។ 6 ខ្ញុំនៅតែប្រកាន់ជំហរថាខ្ញុំសុចរិត ដរាបណាខ្ញុំមានជីវិត មនសិការរបស់ខ្ញុំមិនចោទប្រកាន់ខ្ញុំទេ។ 7 សូមឲ្យខ្មាំងសត្រូវរបស់ខ្ញុំ ទទួលទោសដូចមនុស្សអាក្រក់ សូមឲ្យអស់អ្នកដែលប្រឆាំងនឹងខ្ញុំ ទទួលទោសដូចមនុស្សទុច្ចរិត។ 8 ពេលអុលឡោះលុបបំបាត់មនុស្សទមិឡ ទ្រង់ដកជីវិតរបស់គេ តើគេនៅមានសង្ឃឹមអ្វីទៀត? 9 ពេលគេជួបនឹងភ័យអាសន្ន តើអុលឡោះស្ដាប់សំរែករបស់គេឬទេ? 10 តើគេយកអុលឡោះដ៏មានអំណាចខ្ពង់ខ្ពស់បំផុត ធ្វើជាប្រភពនៃអំណររបស់ខ្លួនឬទេ? តើគេអង្វររកអុលឡោះ គ្រប់ពេលវេលាឬទេ? 11 ខ្ញុំសូមបង្ហាញឲ្យអស់លោកស្គាល់ អំណាចរបស់អុលឡោះ ខ្ញុំនឹងមិនលាក់គម្រោងការរបស់ ទ្រង់ដ៏មានអំណាចខ្ពង់ខ្ពស់បំផុតឡើយ។ 12 អស់លោកផ្ទាល់ក៏ធ្លាប់ឃើញស្រាប់ហើយ ហេតុអ្វីបានជាអស់លោកនិយាយឥតខ្លឹមសារ ទាំងអស់គ្នាដូច្នេះ? ការចំរុងចំរើនដែលមិននៅស្ថិតស្ថេរ13 មនុស្សអាក្រក់ មនុស្សឃោរឃៅ ទទួលចំណែកមត៌កពីអុលឡោះដូចតទៅ: 14 ប្រសិនបើគេមានកូនចៅច្រើន កូនចៅទាំងនោះនឹងស្លាប់ដោយមុខដាវ ពូជពង្សរបស់គេគ្មានអាហារ បរិភោគគ្រប់គ្រាន់ឡើយ។ 15 កូនចៅដែលរួចជីវិត នឹងត្រូវស្លាប់ ដោយជំងឺរាតត្បាត ប្រពន្ធរបស់គេដែលនៅមេម៉ាយ នឹងមិនយំកាន់ទុក្ខឲ្យគេឡើយ។ 16 ប្រសិនបើគេប្រមូលបានប្រាក់ច្រើនដូចធូលីដី ហើយសម្លៀកបំពាក់គរដូចភ្នំ 17 គេបានត្រឹមតែប្រមូលប៉ុណ្ណោះ តែមនុស្សសុចរិតនឹងប្រើសម្លៀកបំពាក់នោះ ហើយមនុស្សស្លូតត្រង់នឹងចែកប្រាក់គ្នា។ 18 ផ្ទះដែលគេសង់ ប្រៀបដូចជាសំបុកកណ្ដៀរ ឬដូចខ្ទមរបស់ឆ្មាំចម្ការ។ 19 ពេលចូលដំណេក គេជាអ្នកមាន ប៉ុន្តែ នេះជាលើកចុងក្រោយហើយ ដ្បិតពេលភ្ញាក់ឡើង គេបាត់បង់ទ្រព្យសម្បត្តិអស់។ 20 ការភ័យខ្លាចធ្លាក់មកលើគេដូចទឹកជំនន់ ហើយនៅពេលយប់ ខ្យល់កួចនាំយកគេបាត់ទៅ។ 21 ខ្យល់ពីទិសខាងកើតបក់មក កន្រ្តាក់គេចេញបាត់ពីលំនៅរបស់ខ្លួន។ 22 ខ្យល់នោះបក់បោកទៅលើគេឥតត្រាប្រណី ធ្វើឲ្យគេខិតខំរត់គេចចេញ។ 23 អ្នកដទៃឃើញដូច្នេះ ក៏ទះដៃហ៊ោ ហើយនាំគ្នាហួចចំអកឲ្យត្រង់កន្លែង ដែលគេធ្លាប់រស់នៅ។ |
© 2014 United Bible Societies, UK.
United Bible Societies