ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


យ៉ូប 17 - អាល់គីតាប អាល់គីតាប
យ៉ូប 17

ខ្ញុំ​លែង​មាន​សង្ឃឹម​ទៀត​ហើយ

1 ដង្ហើម​របស់​ខ្ញុំ​ចង់​ផុត អាយុ​ជីវិត​របស់​ខ្ញុំ​ជិត​រលត់ ហើយ​ផ្នូរ​ក៏​នៅ​រង់‌ចាំ​ខ្ញុំ។

2 ជន​មើល‌ងាយ​ស្ថិត​នៅ​ជុំ‌វិញ​ខ្ញុំ ពាក្យ​ចំអក​របស់​ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ ដេក​មិន​លក់។

3 ឱ​អុលឡោះ​អើយ សូម​ការពារ​ខ្ញុំ​ផង ដ្បិត​ក្រៅ​ពី​ទ្រង់ គ្មាន​នរណា​ផ្សេង ហ៊ាន​ធានា​រ៉ាប់​រង​ខ្ញុំ​ទេ។

4 ទ្រង់​បាន​ខ្ទប់​ចិត្ត​របស់​ពួក​គេ មិន​ឲ្យ​ស្វែង​យល់ ដូច្នេះ សូម​កុំ​ឲ្យ​ពួក​គេ​ឈ្នះ​ឡើយ។

5 ពួក​គេ​ជា​មនុស្ស​ដែល​ហៅ​មិត្ត‌ភក្ដិ មក​ចែក​ទ្រព្យ​សម្បត្តិ តែ​មិន​ទុក​ឲ្យ​កូន​ចៅ​ទទួល​ចំណែក​ទេ។

6 អុលឡោះ​ធ្វើ​ឲ្យ​ប្រជា‌ជន​ទាំង‌ឡាយ យក​រឿង​ខ្ញុំ​ទៅ​និយាយ​លេង​សើច ពួក​គេ​ស្តោះ​ទឹក​មាត់​ដាក់​មុខ​ខ្ញុំ។

7 ភ្នែក​របស់​ខ្ញុំ​ប្រែ​ជា​ស្រវាំង ព្រោះ​តែ​ទុក្ខ​ព្រួយ រូប​កាយ​របស់​ខ្ញុំ​នៅ​សល់​តែ​ស្បែក និង​ឆ្អឹង។

8 មនុស្ស​ទៀង​ត្រង់​នាំ​គ្នា​ស្រឡាំង‌កាំង ហើយ​មនុស្ស​ស្លូត​ត្រង់​ចាត់​ទុក​ខ្ញុំ​ជា មនុស្ស​ទមិឡ។

9 មនុស្ស​សុចរិត​នៅ​ប្រកាន់​ជំហរ​របស់​ខ្លួន ត​ទៅ​មុខ​ទៀត ហើយ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ កាន់​តែ​ប្រព្រឹត្ត​អំពើ​បរិសុទ្ធ​ថែម​ទៀត។

10 ចំណែក​ឯ​អស់​លោក សូម​អញ្ជើញ​មក​វិញ ហើយ​ថ្លែង​សា​ជា​ថ្មី​ចុះ ខ្ញុំ​មុខ​ជា​ឃើញ​ថា ក្នុង​ចំណោម​អស់​លោក គ្មាន​អ្នក​ប្រាជ្ញ​សោះ​ឡើយ។

11 អាយុ​ជីវិត​ខ្ញុំ​ដល់​ទី​បញ្ចប់ គម្រោង‌ការ​ផ្សេងៗ​របស់​ខ្ញុំ​រលាយ​សូន្យ សេចក្ដី​ប៉ង‌ប្រាថ្នា​របស់​ខ្ញុំ​ក៏​ផុត​រលត់​ដែរ។

12 មិត្ត‌ភក្ដិ​របស់​ខ្ញុំ​នាំ​គ្នា​អះ‌អាង​ថា​យប់​ជា​ថ្ងៃ ហើយ​ពេល​ងងឹត​ចូល​មក​ដល់ ពួក​គេ​ពោល​ថា ជិត​ភ្លឺ​ហើយ។

13 ក៏​ប៉ុន្តែ សេចក្ដី​សង្ឃឹម​តែ​មួយ​របស់​ខ្ញុំ គឺ​នរ៉កា ខ្ញុំ​រៀបចំ​ដំណេក​របស់​ខ្ញុំ​ក្នុង​ភាព​ងងឹត។

14 ខ្ញុំ​ហៅ​រណ្ដៅ​ថា​ជា​ឪពុក​របស់​ខ្ញុំ ហៅ​ដង្កូវ​ថា​ជា​ម្ដាយ និង​បង​ស្រី​របស់​ខ្ញុំ។

15 តើ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​នៅ​ឯ​ណា? មាន​នរណា​ឃើញ​សេចក្ដី​សង្ឃឹម​របស់​ខ្ញុំ​ឬ​ទេ?

16 សេចក្ដី​សង្ឃឹម​នឹង​ចុះ​ទៅ​កាន់​ផ្នូរ​ខ្មោច ហើយ​ស្ថិត​នៅ​ក្នុង​ធូលី​ដី​ជា​មួយ​ខ្ញុំ»។

© 2014 United Bible Societies, UK.

United Bible Societies