ណាពីយូណើសនៅក្នុងពោះត្រី1 ពេលនោះ អុលឡោះតាអាឡាចាត់ត្រីមួយយ៉ាងធំឲ្យមកលេបយូណើស គាត់ក៏ស្ថិតនៅក្នុងពោះត្រីនោះ អស់រយៈពេលបីថ្ងៃបីយប់។ 2 នៅក្នុងពោះត្រី គាត់អង្វរអុលឡោះតាអាឡា ជាម្ចាស់របស់គាត់។ 3 គាត់ពោលថា៖ «ពេលខ្ញុំមានអាសន្ន ខ្ញុំទូរអារកអុលឡោះតាអាឡា ទ្រង់ក៏ឆ្លើយតបមកខ្ញុំវិញ។ នៅក្នុងស្ថានមនុស្សស្លាប់ ខ្ញុំស្រែកហៅទ្រង់ជួយ ទ្រង់ស្តាប់ពាក្យរបស់ខ្ញុំ។ 4 ទ្រង់បោះខ្ញុំមកក្នុងបាតសមុទ្រ ដ៏សែនជ្រៅ ទឹកមករួបរឹតជុំវិញខ្លួនប្រាណខ្ញុំ។ ទ្រង់ក៏បញ្ជាឲ្យទឹករលកហូរបក់បោក មកលើខ្ញុំដែរ។ 5 ខ្ញុំគិតថា ទ្រង់បានដេញខ្ញុំចេញ ឆ្ងាយពីទ្រង់ហើយ ប៉ុន្តែ ខ្ញុំនៅតែសម្លឹងឆ្ពោះទៅរក ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់តទៅទៀត។ 6 ទឹកសមុទ្របានឡើងដល់ច្រមុះខ្ញុំ សេចក្ដីអន្តរាយមករួបរឹតខ្ញុំ មានសារាយមករុំព័ទ្ធក្បាលខ្ញុំដែរ។ 7 ឱអុលឡោះតាអាឡា ជាម្ចាស់នៃខ្ញុំអើយ ខ្ញុំបានចុះទៅដល់គ្រឹះនៃភ្នំទាំងឡាយ ខ្ញុំជាប់ឃុំក្នុងផ្នូររហូត តែទ្រង់បានលើកខ្ញុំឡើងពីរណ្ដៅ ហើយប្រទានឲ្យខ្ញុំមានជីវិត។ 8 ពេលខ្ញុំស្រយុតចិត្តយ៉ាងខ្លាំងនោះ ខ្ញុំនឹកដល់អុលឡោះតាអាឡា ហើយពាក្យទូរអារបស់ខ្ញុំ ក៏បានឮទៅដល់ទ្រង់ ឮដល់ម៉ាស្ជិទដ៏វិសុទ្ធរបស់ទ្រង់។ 9 សូមអស់អ្នកដែលវង្វេងទៅតាមព្រះក្លែងក្លាយ លែងគោរពបម្រើព្រះទាំងនោះទៅ! 10 រីឯខ្ញុំវិញ ខ្ញុំនឹងយកគូរបាន មកជូនទ្រង់ ទាំងច្រៀងអរគុណទ្រង់ផង។ ខ្ញុំនឹងជូនជំនូន ស្របតាមពាក្យដែលខ្ញុំបានទូរអា ដ្បិតមានតែអុលឡោះតាអាឡាទេ ដែលសង្គ្រោះខ្ញុំ»។ 11 ពេលនោះ អុលឡោះតាអាឡាបញ្ជាឲ្យត្រីខ្ជាក់យូណើសចេញទៅលើគោក។ |
© 2014 United Bible Societies, UK.
United Bible Societies