យ៉ូណាស 1 - អាល់គីតាបអុលឡោះចាត់ណាពីយូណើសទៅក្រុងនីនីវេ 1 ថ្ងៃមួយ អុលឡោះតាអាឡាមានបន្ទូលមកកាន់យូណើស ជាកូនរបស់លោកអមីថាយថា៖ 2 «ចូរក្រោកឡើង ធ្វើដំណើរទៅក្រុងនីនីវេមហានគរ ជាបន្ទាន់ ហើយប្រកាសប្រាប់អ្នកក្រុងនោះថា អំពើអាក្រក់របស់ពួកគេល្បីរន្ទឺរហូតមកដល់យើង»។ 3 យូណើសក៏ក្រោកឡើង គេចខ្លួនទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ គាត់ទៅដល់ក្រុងយ៉ុបប៉េ ហើយរកឃើញសំពៅមួយដែលហៀបនឹងចេញដំណើរទៅក្រុងតើស៊ីស គាត់ក៏បង់ថ្លៃធ្វើដំណើរ រួចចុះសំពៅទៅជាមួយអ្នកឯទៀតៗធ្វើដំណើរទៅក្រុងតើស៊ីស ឆ្ងាយពីអុលឡោះតាអាឡា។ 4 ប៉ុន្តែ អុលឡោះតាអាឡាបានបញ្ជាឲ្យខ្យល់បក់បោកយ៉ាងខ្លាំងមកលើសមុទ្រ បង្កើតជាព្យុះ បណ្ដាលឲ្យសំពៅស្ទើរតែនឹងបែកបាក់។ 5 អ្នកសំពៅភ័យខ្លាចណាស់ ម្នាក់ៗបន់ព្រះរបស់ពួកគេរៀងៗខ្លួន ហើយគេបោះបរិក្ខារផ្សេងៗដែលមាននៅក្នុងសំពៅចោលទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាល។ រីឯយូណើសវិញ គាត់ចុះទៅសម្រាន្ដលង់លក់នៅបាតសំពៅ។ 6 ពេលនោះ នាយសំពៅមករកគាត់សួរថា៖ «ម្ដេចក៏អ្នកសម្រាន្ដលក់ដូច្នេះ? សូមក្រោកឡើង សូមអង្វរព្រះរបស់អ្នកទៅ ក្រែងលោទ្រង់អាណិតអាសូរជួយពួកយើងឲ្យរួចផុតពីសេចក្ដីវិនាស»។ 7 ពួកអ្នកសំពៅនិយាយគ្នាថា៖ «មក៍! យើងនាំគ្នាចាប់ឆ្នោត ដើម្បីឲ្យដឹងថា តើនរណាជាអ្នកបង្កអន្តរាយដល់ពួកយើងដូច្នេះ?»។ ពួកគេក៏នាំគ្នាចាប់ឆ្នោត ហើយប៉ះចំលើយូណើស។ 8 ពួកគេសួរយូណើសថា៖ «អ្នកជាអ្នកបង្កអន្តរាយដល់ពួកយើង សូមប្រាប់យើងមើល៍ថា តើអ្នកធ្វើអ្វី? អ្នកមកពីណា? ស្រុកអ្នកនៅឯណា? អ្នកជាជនជាតិអ្វី?»។ 9 យូណើសឆ្លើយទៅពួកគេថា៖ «ខ្ញុំជាជនជាតិហេប្រឺ ខ្ញុំគោរពថ្វាយបង្គំអុលឡោះតាអាឡា ជាម្ចាស់ដែលនៅសូរ៉កា ទ្រង់បានបង្កើតសមុទ្រ និងដីគោក»។ 10 យូណើសក៏តំណាលរឿងរបស់គាត់ ឲ្យពួកគេស្ដាប់។ កាលពួកអ្នកសំពៅជ្រាបថា គាត់បានរត់គេចឲ្យឆ្ងាយពីអុលឡោះតាអាឡាដូច្នេះ គេភ័យខ្លាចជាខ្លាំង ហើយសួរគាត់ថា៖ «ម្ដេចក៏អ្នកធ្វើដូច្នេះ? 11 តើយើងត្រូវធ្វើយ៉ាងណាចំពោះអ្នក ដើម្បីឲ្យសមុទ្របានស្ងប់ឡើងវិញ?»។ 12 យូណើសឆ្លើយថា៖ «សូមលើកខ្ញុំបោះទៅក្នុងសមុទ្រទៅ ទើបសមុទ្រស្ងប់ ដ្បិតខ្ញុំដឹងថា ព្រោះតែខ្ញុំហ្នឹងហើយបានជាមានខ្យល់ព្យុះដ៏ខ្លាំងយ៉ាងនេះ»។ 13 ពួកអ្នកសំពៅនាំគ្នាខំប្រឹងចែវតម្រង់ទៅរកច្រាំង តែទៅមិនរួចសោះ ព្រោះខ្យល់ព្យុះបក់បោកមកកាន់តែខ្លាំងឡើងៗ។ 14 ពេលនោះ ពួកគេនាំគ្នាអង្វរអុលឡោះតាអាឡាថា៖ «ឱអុលឡោះតាអាឡាអើយ យើងខ្ញុំមិនចង់ស្លាប់ រួមជាមួយបុរសនេះទេ! សូមទ្រង់កុំប្រកាន់ទោសយើងខ្ញុំ ចំពោះការប្រហារជីវិតអ្នកដែលមិនបានធ្វើអ្វីខុសនឹងយើងខ្ញុំនេះឡើយ។ អុលឡោះតាអាឡាអើយ ទ្រង់សម្រេចដូច្នេះ ស្របតាមបំណងរបស់ទ្រង់!»។ 15 បន្ទាប់មក ពួកគេលើកយូណើសបោះទៅក្នុងសមុទ្រ សមុទ្រក៏ស្ងប់ឈឹងភ្លាម។ 16 អ្នកទាំងនោះកោតស្ញប់ស្ញែងអុលឡោះតាអាឡាយ៉ាងខ្លាំង ពួកគេនាំគ្នាធ្វើគូរបានជូនអុលឡោះតាអាឡា ព្រមទាំងបន់ស្រន់ទៀតផង។ |
© 2014 United Bible Societies, UK.
United Bible Societies