1 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ គេនឹងយកឆ្អឹងស្ដេចរបស់ស្រុកយូដា ឆ្អឹងរបស់មន្ត្រី ឆ្អឹងរបស់អ៊ីមុាំ ឆ្អឹងរបស់ណាពី ព្រមទាំងឆ្អឹងរបស់អ្នកក្រុងយេរូសាឡឹមចេញពីផ្នូរ 2 ទៅដាក់ហាលចោលក្រោមព្រះអាទិត្យ ក្រោមព្រះច័ន្ទ និងក្រោមហ្វូងផ្កាយទាំងប៉ុន្មាន ដែលពួកគេធ្លាប់ស្រឡាញ់ ធ្លាប់គោរពបម្រើ ធ្លាប់ជំពាក់ចិត្ត ធ្លាប់យកមកទស្សន៍ទាយ និងធ្លាប់ក្រាបថ្វាយបង្គំ។ គ្មាននរណាប្រមូលឆ្អឹងទាំងនោះយកទៅបញ្ចុះវិញទេ គឺគេទុកចោលនៅលើដីដូចលាមកសត្វ។ 3 រីឯអ្នកដែលនៅសេសសល់ពីពូជមនុស្សដ៏អាក្រក់ ដែលយើងបំបរបង់ឲ្យទៅនៅគ្រប់ទីកន្លែងនោះវិញ គេចង់ស្លាប់ជាងនៅរស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល។ ប្រជាជាតិនេះឥតយល់អ្វីទាំងអស់4 ចូរប្រាប់ពួកគេថា អុលឡោះតាអាឡាមានបន្ទូល ដូចតទៅ: «ធម្មតា អ្នកដួលតែងតែក្រោកឡើងវិញ ហើយអ្នកវង្វេងផ្លូវ ក៏តែងតែបកក្រោយវិញដែរ។ 5 ចុះហេតុដូចម្ដេចបានជាប្រជាជន ក្រុងយេរូសាឡឹមនាំគ្នាវង្វេងចេញពីយើង ហើយចេះតែមានចិត្តសាវាដូច្នេះ? ពួកគេនៅតែឈ្លក់ចិត្តនឹងព្រះក្លែងក្លាយ ពួកគេពុំព្រមវិលត្រឡប់មកវិញទេ!។ 6 យើងផ្ទៀងត្រចៀកស្ដាប់ ឮពួកគេពោលពាក្យសុទ្ធតែឥតខ្លឹមសារ គ្មាននរណាម្នាក់សោកស្ដាយថា ខ្លួនបានប្រព្រឹត្តអំពើអាក្រក់ ដោយពោលថា “ខ្ញុំបានធ្វើខុសហើយ” នោះឡើយ គឺពួកគេទាំងអស់គ្នារត់ទៅប្រព្រឹត្តតាម អំពើចិត្តរបស់ខ្លួនដូចសេះបោលក្នុងសមរភូមិ។ 7 កុកដែលហើរនៅលើមេឃចេះស្គាល់រដូវកាល ហើយលលក ត្រចៀកកាំ និងស្មោញ ក៏ចេះសំគាល់មើលថា តើពេលណាវាត្រូវវិលមកវិញដែរ ប៉ុន្តែ ប្រជាជនរបស់យើងមិនស្គាល់ ហ៊ូកុំរបស់យើងទេ។ 8 តើធ្វើម្ដេចឲ្យអ្នករាល់គ្នាអាចពោលថា “ពួកយើងជាមនុស្សមានប្រាជ្ញា ដ្បិតពួកយើងមានហ៊ូកុំរបស់អុលឡោះតាអាឡា” បើស្មៀនចម្លងគីតាបហ៊ូកុំ នាំគ្នាចម្លងទាំងបង្ខុសដូច្នេះ? 9 អ្នកប្រាជ្ញរបស់អ្នករាល់គ្នានឹងត្រូវអាម៉ាស់ ពួកគេនឹងវង្វេងវង្វាន់ ជាប់អន្ទាក់។ ពួកគេមាក់ងាយបន្ទូលរបស់អុលឡោះតាអាឡា ដូច្នេះ តើគេមានប្រាជ្ញាអ្វី? 10 ហេតុនេះ យើងនឹងប្រគល់ប្រពន្ធរបស់ពួកគេ ទៅឲ្យអ្នកដទៃ ប្រគល់ស្រែចម្ការរបស់ពួកគេទៅឲ្យ អស់អ្នកដែលនឹងមកចាប់យក ដ្បិតពួកគេទាំងអស់គ្នាគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ ហើយចាប់តាំងពីណាពីរហូតដល់អ៊ីមុាំ សុទ្ធតែជាអ្នកបោកប្រាស់។ 11 ពួកគេមិនឈឺឆ្អាលនឹងទុក្ខវេទនា នៃប្រជាជនរបស់យើងទេ។ ពួកគេនិយាយពី «សន្តិភាព! សន្តិភាព!» តែគ្មានសន្តិភាពទាល់តែសោះ!។ 12 ពួកគេគួរតែអាម៉ាស់ ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ ប៉ុន្តែ ពួកគេមានមុខក្រាស់ មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ ហេតុនេះហើយបានជាពួកគេត្រូវវិនាស ជាមួយអស់អ្នកដែលត្រូវវិនាស។ នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេ ពួកគេនឹងត្រូវដួលជាមិនខាន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 13 អុលឡោះតាអាឡាមានបន្ទូលទៀតថា: «យើងសម្រេចចិត្តបំផ្លាញពួកគេចោល ព្រោះពេលយើងចង់ប្រមូលផល ពួកគេគ្មានផលអ្វីទាល់តែសោះ គឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែ ដូចដើមឧទុម្ពរដែលគ្មានផ្លែ ហើយស្លឹករបស់វាក៏ស្វិតក្រៀម។ ដូច្នេះ យើងនឹងប្រគល់ដីឲ្យ អស់អ្នកដែលដើរកាត់តាមនោះ»។ 14 «ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះ ចូរប្រមែប្រមូលគ្នាមក ពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំ ហើយសំងំចាំស្លាប់នៅទីនោះ ដ្បិតអុលឡោះតាអាឡា ជាម្ចាស់នៃយើង ធ្វើឲ្យយើងវិនាស ទ្រង់ឲ្យយើងផឹកទឹកដែលមានពិសពុល ព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹង ទ្រង់។ 15 ពួកយើងសង្ឃឹមថានឹងបានសុខ តែគ្មានអ្វីល្អប្រសើរកើតឡើងសោះ! យើងសង្ឃឹមថា នឹងមានពេលមួយ យើងបានជាសះស្បើយ តែយើងបែរជាជួបភ័យអាសន្នទៅវិញ! 16 សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់ សំរែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រ ពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុក និងអ្វីៗដែលមាននៅក្នុងស្រុក ពួកគេបំផ្លាញក្រុង និងប្រជាជនដែលរស់នៅក្នុងក្រុង»។ 17 «យើងនឹងប្រើពស់វែក និងពស់អសិរពិស ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ ទំនួញរបស់ណាពីយេរេមា18 ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណ តែគ្មានអ្វីអាចសំរាលទុក្ខរបស់ខ្ញុំបានទេ 19 សំរែកយំសោកនៃប្រជាជនរបស់ខ្ញុំ លាន់ឮពីដែនដីដ៏សែនឆ្ងាយ អុលឡោះតាអាឡាលែងនៅក្រុងស៊ីយ៉ូនហើយឬ? ក្រុងស៊ីយ៉ូនលែងមានស្តេចហើយឬ? «ហេតុអ្វីបានជាពួកគេធ្វើឲ្យយើងខឹង ដោយសាររូបព្រះក្លែងក្លាយជាព្រះឥតបានការ របស់សាសន៍ដទៃដូច្នេះ?»។ 20 រដូវចម្រូតកន្លងផុតទៅ រដូវប្រាំងក៏ជិតផុតទៅដែរ តែពួកយើងពុំបានទទួលការសង្គ្រោះសោះ! 21 ដួងចិត្តខ្ញុំត្រូវខ្ទេចខ្ទាំ ដោយសារមហន្តរាយនៃប្រជាជនរបស់ខ្ញុំ ខ្ញុំវិលវល់ស្មារតី ដោយសារទុក្ខព្រួយដ៏ធ្ងន់។ 22 តើនៅស្រុកកាឡាដលែងមានប្រេង សម្រាប់រឹតឲ្យបានធូរស្រាលហើយឬ? តើនៅទីនោះ លែងមានគ្រូពេទ្យហើយឬ? ហេតុអ្វីបានជាដំបៅនៃប្រជាជនរបស់ខ្ញុំ មិនព្រមសះដូច្នេះ? |
© 2014 United Bible Societies, UK.
United Bible Societies