ណាពីយេរេមាប្រកាសបន្ទូលរបស់អុលឡោះនៅក្នុងម៉ាស្ជិទ1 អុលឡោះតាអាឡាមានបន្ទូលមកយេរេមាដូចតទៅ៖ 2 «ចូរទៅឈរនៅមាត់ទ្វារម៉ាស្ជិទ ហើយប្រកាសពាក្យនេះថា: អ្នកទាំងអស់គ្នាជាជនជាតិយូដាអើយ! អ្នករាល់គ្នាចូលតាមទ្វារទាំងនេះ ដើម្បីទៅក្រាបថ្វាយបង្គំអុលឡោះតាអាឡា ចូរនាំគ្នាស្ដាប់បន្ទូលរបស់ទ្រង់! 3 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា: ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្តទៅ នោះយើងនឹងទុកឲ្យអ្នករាល់គ្នាចូលមកទីនេះតទៅមុខទៀត។ 4 មិនត្រូវអះអាងលើពាក្យ ដែលអ្នករាល់គ្នាធ្លាប់បញ្ឆោតខ្លួនឯងថា “ទីនេះជាម៉ាស្ជិទរបស់អុលឡោះតាអាឡា! ម៉ាស្ជិទរបស់អុលឡោះតាអាឡា! ម៉ាស្ជិទរបស់អុលឡោះតាអាឡា!”ឡើយ។ 5 ចូរកែប្រែកិរិយាមារយាទ និងលះបង់អំពើអាក្រក់ដែលអ្នករាល់គ្នាប្រព្រឹត្ត។ ចូររកយុត្តិធម៌ឲ្យគ្នាទៅវិញទៅមក។ 6 ចូរឈប់ជិះជាន់ជនបរទេស ក្មេងកំព្រា និងស្ត្រីមេម៉ាយ ចូរឈប់ប្រហារជីវិតជនស្លូតត្រង់នៅទីនេះ ហើយឈប់រត់ទៅគោរពព្រះដទៃដែលធ្វើឲ្យអ្នករាល់គ្នាត្រូវវេទនា។ 7 ប្រសិនបើអ្នករាល់គ្នាធ្វើដូច្នេះ យើងនឹងទុកឲ្យអ្នករាល់គ្នារស់នៅទីនេះ គឺនៅក្នុងស្រុកដែលយើងប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា តាំងពីដើមរៀងមក ហើយអស់កល្បតរៀងទៅ។ 8 ផ្ទុយទៅវិញ អ្នករាល់គ្នាអះអាងលើពាក្យដែលអ្នករាល់គ្នាបញ្ឆោតខ្លួនឯង ជាពាក្យឥតបានការនោះទៅវិញ។ 9 អ្នករាល់គ្នាលួចប្លន់ កាប់សម្លាប់ ផិតក្បត់ ស្បថបំពាន ដុតគ្រឿងសក្ការៈបូជាជូនព្រះបាល និងរត់ទៅគោរពព្រះដទៃ ដែលអ្នករាល់គ្នាពុំស្គាល់ពីមុន 10 រួចហើយនាំគ្នាចូលមកថ្វាយបង្គំយើងក្នុងម៉ាស្ជិទនេះ ដែលជាដំណាក់របស់យើង។ អ្នករាល់គ្នាហ៊ានប្រកាសថា “នៅកន្លែងនេះ យើងរួចខ្លួន!”។ អ្នករាល់គ្នាពោលដូច្នេះ ហើយប្រព្រឹត្តអំពើគួរឲ្យស្អប់ខ្ពើមតទៅទៀត។ 11 តើអ្នករាល់គ្នាស្មានថា ម៉ាស្ជិទដែលជាដំណាក់របស់យើងនេះ ជាសំបុកចោរឬ? តាមពិត យើងឃើញថា ទីនេះពិតជាសំបុកចោរមែន!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 «ចូរនាំគ្នាទៅទីសក្ការៈរបស់យើងនៅស៊ីឡូ ដែលជាដំណាក់របស់យើងកាលពីមុននោះ ហើយសង្កេតមើលទៅ! ដោយសារអំពើទុច្ចរិតរបស់អ៊ីស្រអែល ជាប្រជារាស្ត្ររបស់យើង យើងបានបំផ្លាញទីនោះឲ្យខ្ទេចខ្ទី»។ 13 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ដោយអ្នករាល់គ្នាប្រព្រឹត្តអំពើទុច្ចរិតទាំងនេះ ដោយអ្នករាល់គ្នាពុំស្ដាប់ពាក្យយើង គឺទោះបីយើងនិយាយជាមួយអ្នករាល់គ្នាតាំងពីដំបូងមកក្ដី ហើយដោយអ្នករាល់គ្នាពុំបានឆ្លើយ នៅពេលយើងស្រែកហៅ 14 យើងនឹងប្រព្រឹត្តចំពោះម៉ាស្ជិទនេះ ដូចយើងបានប្រព្រឹត្តចំពោះស៊ីឡូដែរ ទោះបីទីនេះជាដំណាក់របស់យើង ជាកន្លែងដែលអ្នករាល់គ្នាទុកចិត្ត ហើយជាកន្លែងដែលយើងបានប្រគល់ឲ្យអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នាក៏ដោយ។ 15 យើងនឹងបំបរបង់អ្នករាល់គ្នាឲ្យឆ្ងាយពីយើង ដូចយើងបានបំបរបង់ពួកអេប្រាអ៊ីមទាំងមូលជាបងប្អូនរបស់អ្នករាល់គ្នាដែរ»។ ពាក្យទូរអាអង្វរដែលអុលឡោះពុំអាចឆ្លើយតបបាន16 «រីឯអ្នកវិញ កុំទូរអាអង្វរយើងសម្រាប់ប្រជាជននេះ កុំបន្លឺសំឡេងទូរអា ឬទទូចសុំឲ្យយើងប្រណីពួកគេឡើយ យើងមិនស្ដាប់ពាក្យអ្នកទេ។ 17 តើអ្នកមិនឃើញអំពើដែលគេប្រព្រឹត្តនៅតាមក្រុងនានាក្នុងស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹមទេឬ? 18 កូនៗនាំគ្នាដើររើសអុស ឪពុកបង្កាត់ភ្លើង ហើយម្ដាយច្របាច់ម្សៅធ្វើនំជូនព្រះនាងម្ចាស់សួគ៌ ពួកគេច្រួចស្រាជូនព្រះដទៃ ដើម្បីបញ្ឈឺចិត្តយើង។ 19 តាមពិត មិនមែនយើងទេដែលឈឺចិត្ត គឺពួកគេវិញឯណោះដែលឈឺចិត្ត ព្រោះត្រូវអាម៉ាស់មុខ!» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 20 ហេតុនេះ អុលឡោះតាអាឡាជាម្ចាស់មានបន្ទូលទៀតថា៖ «យើងជះកំហឹងដ៏ខ្លាំងរបស់យើងមកលើកន្លែងនេះ គឺលើមនុស្ស សត្វ ព្រៃព្រឹក្សា និងដំណាំដែលដុះចេញពីដី។ កំហឹងនេះប្រៀបបាននឹងភ្លើង ដែលឆេះពុំរលត់ឡើយ»។ 21 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ដែលជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «ចូរបន្ថែមគូរបានដុតពីលើគូរបានផ្សេងៗរបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ 22 ដ្បិតនៅថ្ងៃដែលយើងបាននាំបុព្វបុរសរបស់អ្នករាល់គ្នាចេញពីស្រុកអេស៊ីប យើងពុំបាននិយាយអ្វីជាមួយពួកគេ ហើយយើងក៏ពុំបានបង្គាប់ពួកគេស្តីអំពីគូរបានដុត និងគូរបានផ្សេងៗដែរ។ 23 យើងគ្រាន់តែបង្គាប់ពួកគេថា “ចូរស្ដាប់យើង ដើម្បីឲ្យយើងធ្វើជាម្ចាស់របស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាធ្វើជាប្រជារាស្ដ្ររបស់យើង។ ចូរដើរតាមមាគ៌ាទាំងប៉ុន្មានដែលយើងបង្ហាញអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងមានសុភមង្គលជាមិនខាន”។ 24 ប៉ុន្តែ ពួកគេមិនព្រមស្ដាប់ ហើយក៏មិនយកចិត្តទុកដាក់នឹងពាក្យយើងទេ។ ពួកគេបានធ្វើតាមទំនើងចិត្តរបស់ខ្លួន ពួកគេនៅតែចចេសរឹងរូស ប្រព្រឹត្តតាមចិត្តអាក្រក់របស់ខ្លួន ពួកគេបែរខ្នងដាក់យើង មិនព្រមងាកមុខមករកយើងទេ។ 25 តាំងពីថ្ងៃដែលបុព្វបុរសរបស់ពួកគេចេញពីស្រុកអេស៊ីបរហូតមកដល់សព្វថ្ងៃ យើងតែងតែចាត់ណាពីទាំងប៉ុន្មាន ជាអ្នកបម្រើរបស់យើង ឲ្យទៅរកពួកគេ ជារៀងរាល់ថ្ងៃ មិនដែលអាក់ខានឡើយ។ 26 ផ្ទុយទៅវិញ ពួកគេមិនព្រមស្ដាប់ មិនយកចិត្តទុកដាក់នឹងពាក្យរបស់យើងទេ ពួកគេតាំងចិត្តរឹងរូស ហើយប្រព្រឹត្តអំពើអាក្រក់ជាងបុព្វបុរសរបស់ខ្លួនទៅទៀត»។ 27 «ពេលអ្នកយកពាក្យទាំងនេះទៅថ្លែងប្រាប់ពួកគេ ពួកគេមិនព្រមស្ដាប់ ពេលអ្នកហៅពួកគេ ពួកគេមិនព្រមឆ្លើយ។ 28 ដូច្នេះ ចូរប្រាប់ពួកគេថា អ្នករាល់គ្នាជាប្រជាជាតិដែលមិនព្រមស្ដាប់ពាក្យរបស់អុលឡោះតាអាឡា ជាម្ចាស់របស់ខ្លួន ហើយក៏មិនព្រមទទួលបន្ទូលប្រៀនប្រដៅពីទ្រង់ដែរ។ អ្នករាល់គ្នាលែងស្មោះត្រង់ ពាក្យសំដីដែលអ្នករាល់គ្នានិយាយមិនពិតទាល់តែសោះ»។ ជ្រលងភ្នំពិឃាត29 ប្រជាជនក្រុងយេរូសាឡឹមអើយ អ្នកលែងជាប្រជាជនដែលញែកខ្លួនជូន អុលឡោះតាអាឡាទៀតហើយ! ចូរយំរៀបរាប់នៅលើភ្នំនេះទៅ! ដ្បិតអុលឡោះតាអាឡាមិនរវីរវល់នឹងអ្នកទេ ទ្រង់បោះបង់ចោលមនុស្សមួយជំនាន់នេះ ដែលបាននាំគ្នាធ្វើឲ្យទ្រង់ខឹង។ 30 «ជនជាតិយូដានាំគ្នាប្រព្រឹត្តអំពើអាក្រក់ ដែលយើងមិនពេញចិត្ត -នេះជាបន្ទូលរបស់អុលឡោះតាអាឡា- គឺពួកគេយករូបព្រះដ៏ចង្រៃមកតម្កល់ក្នុងដំណាក់របស់យើងផ្ទាល់ ធ្វើឲ្យកន្លែងនេះទៅជាសៅហ្មង។ 31 ពួកគេបានសង់ទីសក្ការៈនៅតូផេត ក្នុងជ្រលងភ្នំហ៊ីនណម ដើម្បីយកកូនប្រុសកូនស្រីរបស់ខ្លួនទៅដុតធ្វើជាយញ្ញបូជា។ យើងពុំដែលបង្គាប់ឲ្យពួកគេធ្វើអំពើបែបនេះសោះ ហើយយើងក៏មិនដែលនឹកឃើញអំពីការនេះដែរ។ 32 ដូច្នេះ នៅពេលខាងមុខ គេលែងហៅកន្លែងនោះថា “តូផេត” ឬ“ជ្រលងភ្នំហ៊ីនណម” ទៀតហើយ តែគេនឹងហៅថា “ជ្រលងភ្នំពិឃាត”។ គេនឹងយកសពទៅកប់នៅតូផេតនោះ ដ្បិតកន្លែងឯទៀតៗគ្មាននៅសល់ដីសម្រាប់កប់សាកសពទេ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 33 សាកសពរបស់ប្រជាជននេះនឹងក្លាយទៅជាចំណីរបស់ត្មាត និងឆ្កែចចក។ វានឹងស៊ីសាកសពទាំងនោះ ដោយឥតមាននរណាមកដេញវាឡើយ។ 34 តាមក្រុងនានានៅស្រុកយូដា និងតាមដងផ្លូវក្នុងក្រុងយេរូសាឡឹម យើងនឹងលែងឲ្យមានឮសូរសំឡេងដ៏សប្បាយ បទចំរៀងសម្រាប់ពិធីបុណ្យ ឬក៏ភ្លេងការទៀតហើយ ដ្បិតស្រុកនេះនឹងវិនាសសូន្យ»។ |
© 2014 United Bible Societies, UK.
United Bible Societies