ស្រុកអ៊ីស្រអែល និងស្រុកយូដា នឹងត្រូវស្ដារឡើងវិញ1 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រានោះ យើងនឹងធ្វើជា ម្ចាស់របស់កុលសម្ព័ន្ធអ៊ីស្រអែលទាំងមូល ពួកគេនឹងធ្វើជាប្រជារាស្ត្ររបស់យើង»។ 2 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «នៅវាលរហោស្ថាន យើងបានសំដែងការប្រណីសន្ដោសដល់ ប្រជាជនដែលសេសសល់ពីស្លាប់ក្នុងចំបាំង ហើយអ៊ីស្រអែលនឹងបានសុខសាន្តត្រាណ។ 3 ពួកគេពោលថា អុលឡោះតាអាឡាបានសំដែង ឲ្យខ្ញុំឃើញពីចម្ងាយ។ ទ្រង់មានបន្ទូលមកខ្ញុំថា “យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នក ព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។ 4 នាងព្រហ្មចារីអ៊ីស្រអែលអើយ! យើងនឹងស្អាងនាងឲ្យមាំមួនឡើងវិញ រួចនាងនឹងចេញមកលោតរាំ ទាំងលេងក្រាប់យ៉ាងសប្បាយ។ 5 នាងនឹងដាំទំពាំងបាយជូរក្នុងចម្ការ នៅតាមភ្នំក្នុងស្រុកសាម៉ារីឡើងវិញ។ អ្នកណាដាំ អ្នកនោះនឹងបេះផ្លែបរិភោគ”។ 6 បន្តិចទៀត ពួកអ្នកយាមនឹងស្រែក នៅលើភ្នំអេប្រាអ៊ីមថា: “ចូរក្រោកឡើង! យើងនាំគ្នាឡើងទៅលើភ្នំស៊ីយ៉ូន ថ្វាយបង្គំអុលឡោះតាអាឡាជាម្ចាស់របស់យើង!”» 7 អុលឡោះតាអាឡាមានបន្ទូលថា៖ «ចូរហ៊ោកញ្ជ្រៀវអបអរសាទរកូនចៅយ៉ាកកូប! ចូរទទួលប្រជាជនដែលជាមេដឹកនាំ នៃប្រជាជាតិទាំងឡាយ ឲ្យបានគគ្រឹកគគ្រេងឡើង! ចូរបន្លឺសំឡេង ចូរលើកតម្កើងអុលឡោះ! ហើយពោលថា: “អុលឡោះតាអាឡាអើយ! សូមសង្គ្រោះប្រជារាស្ដ្ររបស់ទ្រង់ គឺជនជាតិអ៊ីស្រអែលដែលនៅសេសសល់”។ 8 យើងនឹងនាំពួកគេមកពីស្រុកខាងជើង ហើយក៏ប្រមូលពួកគេពីទីដាច់ស្រយាល នៃផែនដីមកវិញដែរ។ ពួកគេមកទាំងអស់គ្នា គឺមានទាំងមនុស្សខ្វាក់មនុស្សខ្វិន ស្ត្រីមានផ្ទៃពោះ និងស្ត្រីទើបសំរាលកូន។ ពួកគេវិលត្រឡប់មកវិញយ៉ាងច្រើនឥតគណនា។ 9 ពួកគេមកដល់ ទាំងយំផង ទាំងទូរអាអង្វរផង យើងនឹងដឹកនាំពួកគេដើរតាមផ្លូវរាបស្មើ គ្មានអ្វីជំពប់ជើង តម្រង់ទៅកន្លែងដែលមានទឹកហូរ ដ្បិតយើងជាឪពុករបស់ជនជាតិអ៊ីស្រអែល ហើយអេប្រាអ៊ីមជាកូនច្បងរបស់យើង»។ 10 ប្រជាជាតិទាំងឡាយអើយ ចូរនាំគ្នាស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា ហើយផ្សព្វផ្សាយរហូតដល់កោះឆ្ងាយៗ! ចូរប្រកាសថា: «អុលឡោះដែលកំចាត់កំចាយជនជាតិអ៊ីស្រអែល ទ្រង់ប្រមូលពួកគេមកវិញហើយ ទ្រង់ថែរក្សាអ៊ីស្រអែល ដូចអ្នកគង្វាលរក្សាហ្វូងចៀមរបស់ខ្លួន។ 11 អុលឡោះតាអាឡារំដោះកូនចៅរបស់យ៉ាកកូប ទ្រង់លោះពួកគេឲ្យរួចពីខ្មាំង ដែលមានកម្លាំងខ្លាំងជាងពួកគេ។ 12 ពួកគេត្រឡប់មកវិញ ទាំងស្រែកហ៊ោដោយអំណរ នៅលើភ្នំស៊ីយ៉ូន ពួកគេនាំគ្នារត់ទៅទទួលទ្រព្យសម្បត្តិ ដែលអុលឡោះតាអាឡាប្រទានឲ្យ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី ប្រេង ហ្វូងចៀម និងហ្វូងគោ។ ចិត្តរបស់ពួកគេប្រៀបដូចសួនឧទ្យាន ដែលមានទឹកស្រោចស្រព ពួកគេនឹងលែងខ្សោះល្វើយទៀតហើយ។ 13 ពេលនោះ ស្ត្រីក្រមុំនឹងនាំគ្នារាំយ៉ាងសប្បាយ ហើយពួកយុវជន និងពួកចាស់ទុំ ក៏នឹងរាំយ៉ាងសប្បាយដែរ។ យើងនឹងធ្វើឲ្យទុក្ខព្រួយរបស់ពួកគេ ប្រែទៅជាអំណររីករាយ យើងនឹងសំរាលទុក្ខពួកគេ ហើយធ្វើឲ្យពួកគេមានអំណរសប្បាយ ឡើងវិញ។ 14 យើងនឹងឲ្យសាច់ដ៏ល្អៗដល់ ពួកអ៊ីមុាំបរិភោគយ៉ាងស្កប់ស្កល់ ហើយយើងនឹងផ្ដល់សម្បត្តិដ៏បរិបូណ៌ ដល់ប្រជារាស្ត្ររបស់យើង» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 15 អុលឡោះតាអាឡាមានបន្ទូលថា៖ «មានឮសំឡេងយំនៅភូមិរ៉ាម៉ា ជាទំនួញសោកសៅ និងសំរែកឈឺចាប់ គឺនាងរ៉ាជែលយំសោកអាណិតកូន នាងមិនព្រមឲ្យនរណាលួងលោមឡើយ ព្រោះកូនរបស់នាងបាត់បង់ជីវិត អស់ទៅហើយ»។ 16 អុលឡោះតាអាឡាមានបន្ទូលថា៖ «ឈប់យំសោក និងឈប់បង្ហូរទឹកភ្នែកទៅ! ដ្បិតនាងទទួលផលពីអំពើដែលខ្លួនប្រព្រឹត្ត កូនចៅរបស់នាងនឹងវិលត្រឡប់ពីស្រុក របស់ខ្មាំងសត្រូវមកវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា - 17 អនាគតនាងពោរពេញដោយសេចក្ដីសង្ឃឹម ព្រោះកូនចៅរបស់នាងវិលត្រឡប់មក ទឹកដីរបស់ខ្លួនវិញ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 18 យើងឮអេប្រាអ៊ីមយំរៀបរាប់ថា: “ទ្រង់បានដាក់ទោសខ្ញុំ ហើយខ្ញុំក៏ទទួលទោស ដូចកូនគោដែលមិនទាន់ផ្សាំង។ សូមនាំខ្ញុំឲ្យវិលមកវិញ នោះខ្ញុំនឹងវិលមកវិញ ដ្បិតទ្រង់ជាអុលឡោះតាអាឡា និងជាម្ចាស់របស់ខ្ញុំ។ 19 ខ្ញុំវិលមកវិញ ទាំងនឹកស្តាយកំហុស។ ពេលដឹងខ្លួនខុសខ្ញុំក៏គក់ទ្រូង នឹកស្តាយ ហើយអៀនខ្មាស។ ខ្ញុំបាក់មុខ ព្រោះតែអំពើដែលខ្ញុំ ប្រព្រឹត្តកាលនៅពីក្មេង”។ 20 អេប្រាអ៊ីមជាកូនសម្លាញ់ ជាកូនសំណព្វចិត្តរបស់យើង។ ពេលណាយើងគិតនឹងដាក់ទោសអេប្រាអ៊ីម យើងចេះតែនឹកឃើញគេជានិច្ច យើងខ្លោចចិត្តអាណិតគេ យើងស្រឡាញ់គេខ្លាំងណាស់» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 21 «ចូរលើកទង់សញ្ញា និងបង្គោលចំណាំឡើង ចូរប្រុងប្រយ័ត្ននឹងផ្លូវដែលអ្នកដើរ នាងព្រហ្មចារីអ៊ីស្រអែលអើយ ចូរវិលត្រឡប់មកវិញ ចូរវិលត្រឡប់មកក្រុងនានារបស់នាងវិញ។ 22 កូនស្រីដែលបះបោរអើយ តើនាងនៅតែដើរតែលតោល ដល់កាលណាទៀត? អុលឡោះតាអាឡាបានធ្វើឲ្យមានការមួយថ្មី កើតឡើងនៅលើផែនដីនេះ គឺប្រពន្ធបែរជាស្វែងរកប្ដីទៅវិញ!»។ សម្ពន្ធមេត្រីថ្មី23 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់នៃជនជាតិអ៊ីស្រអែល មានបន្ទូលថា៖ «នៅពេលដែលយើងស្ដារស្រុកទេសឡើងវិញ ប្រជាជនក្នុងស្រុកយូដា និងក្នុងក្រុងទាំងឡាយ នឹងពោលថា: “អ្នកជាដំណាក់ដ៏សុចរិត និងជាភ្នំដ៏វិសុទ្ធ សូមអុលឡោះតាអាឡាប្រទានពរអ្នក!” 24 អ្នកស្រែចម្ការ ព្រមទាំងអ្នកចិញ្ចឹមសត្វ នឹងរស់នៅជាមួយគ្នា នៅតាមទីក្រុងទាំងប៉ុន្មានក្នុងស្រុកយូដា។ 25 យើងនឹងឲ្យទឹកដល់អ្នកដែលស្រេក ហើយជួយអ្នកខ្សោះល្វើយឲ្យមានកម្លាំងឡើងវិញ»។ 26 ពេលនោះ ខ្ញុំភ្ញាក់ឡើង ហើយឃើញថា ខ្ញុំដេកលក់យ៉ាងស្កប់ស្កល់! 27 អុលឡោះតាអាឡាមានបន្ទូលថា៖ «នៅគ្រាខាងមុខយើងនឹងធ្វើឲ្យទាំងមនុស្ស ទាំងសត្វ កើនចំនួនច្រើនឡើង នៅស្រុកអ៊ីស្រអែល និងស្រុកយូដា។ 28 ពីមុន យើងធ្លាប់មករកពួកគេ ដើម្បីរំលើង រំលំ កំទេច និងបំផ្លាញឲ្យវិនាសយ៉ាងណា យើងនឹងមករកពួកគេ ដើម្បីសង់ និងដាំឡើងវិញយ៉ាងនោះដែរ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 29 នៅគ្រានោះ គេលែងពោលថា “ឪពុកបរិភោគក្តឹបទំពាំងបាយជូរ តែកូនបែរជាឈឺធ្មេញ”ទៀតហើយ 30 គឺម្នាក់ៗត្រូវស្លាប់ ព្រោះតែកំហុសរបស់ខ្លួន។ អ្នកណាបរិភោគក្តឹបទំពាំងបាយជូរ អ្នកនោះនឹងឈឺធ្មេញ»។ 31 អុលឡោះតាអាឡាមានបន្ទូលថា៖ «បន្តិចទៀតយើងនឹងចងសម្ពន្ធមេត្រីមួយថ្មីជាមួយពូជពង្សរបស់អ៊ីស្រអែល និងពូជពង្សរបស់យូដា។ 32 សម្ពន្ធមេត្រីថ្មីនេះមិនដូចសម្ពន្ធមេត្រី ដែលយើងបានចងជាមួយបុព្វបុរសរបស់គេ នៅថ្ងៃដែលយើងដឹកដៃបុព្វបុរសនោះ ចេញពីស្រុកអេស៊ីបឡើយ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្ដាច់សម្ពន្ធមេត្រីរបស់យើងដែរ។ 33 សម្ពន្ធមេត្រីថ្មី ដែលយើងនឹងចងជាមួយប្រជាជនអ៊ីស្រអែលនៅពេលខាងមុខ មានដូចតទៅ: យើងនឹងដាក់ហ៊ូកុំរបស់យើងនៅក្នុងជម្រៅចិត្តរបស់ពួកគេ យើងនឹងចារហ៊ូកុំនោះក្នុងចិត្តគំនិតរបស់ពួកគេ យើងនឹងធ្វើជាម្ចាស់របស់ពួកគេ ពួកគេធ្វើជាប្រជារាស្ត្ររបស់យើង - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 34 គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួន គេក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា “ត្រូវតែស្គាល់អុលឡោះតាអាឡា” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា។ យើងអត់អោនឲ្យគេចំពោះអំពើទុច្ចរិត ដែលគេបានប្រព្រឹត្ត ហើយយើងក៏លែងនឹកនាពីអំពើបាបរបស់គេទៀតដែរ» -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 35 អុលឡោះតាអាឡាដែលតែងតាំងព្រះអាទិត្យ ឲ្យបំភ្លឺនៅពេលថ្ងៃ ហើយព្រះច័ន្ទ និងហ្វូងតារា បំភ្លឺនៅពេលយប់ តាមពេលកំណត់ ទ្រង់ធ្វើឲ្យកក្រើកទឹកសមុទ្រ និងមានរលកបក់បោក ទ្រង់ដែលមាននាមថា “អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល” មានបន្ទូលថា៖ 36 «ប្រសិនបើច្បាប់ធម្មជាតិទាំងនេះលែងមាន នោះអ៊ីស្រអែលក៏លែងមានឈ្មោះជា ប្រជាជាតិនៅចំពោះមុខយើង រហូតតទៅដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 37 អុលឡោះតាអាឡាមានបន្ទូលទៀតថា៖ «ប្រសិនបើគេអាចវាស់បណ្ដោយផ្ទៃមេឃ និងជម្រៅផែនដីបាន នោះយើងក៏បោះបង់ចោលពូជពង្សអ៊ីស្រអែល ព្រោះតែអំពើទាំងប៉ុន្មាន ដែលពួកគេប្រព្រឹត្តដែរ» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 38 នៅគ្រាខាងមុខ គេនឹងសង់ទីក្រុងឡើងវិញជូនអុលឡោះតាអាឡា គឺចាប់តាំងពីប៉មហាណានាលរហូតដល់ទ្វារនៅជ្រុងកំពែង។ 39 គេនឹងកំណត់ព្រំប្រទល់ថ្មីរបស់ទីក្រុង ចាប់ពីកន្លែងនោះឆ្ពោះទៅទិសខាងលិច រហូតដល់ភ្នំការេប រួចបត់ឆ្ពោះទៅកូអាត។ 40 ជ្រលងភ្នំសាកសព និងផេះទាំងមូល ហើយចន្លោះទាំងប៉ុន្មានដែលលាតសន្ធឹងរហូតដល់ជ្រោះកេដ្រូន និងជ្រុងទ្វារសេះ ដែលនៅខាងកើត ត្រូវញែកជូនអុលឡោះតាអាឡា។ កន្លែងទាំងនោះ នឹងមិនត្រូវគាស់ ឬកំទេចឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies