ណាពីយេរេមាយកនឹមមកដាក់លើស្មា1 នៅដើមរជ្ជកាលស្តេចសេដេគា បុត្រស្តេចយ៉ូសៀស ជាស្ដេចស្រុកយូដា អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ដូចតទៅ: 2 អុលឡោះតាអាឡាមានបន្ទូលមកខ្ញុំថា៖ «ចូរធ្វើនឹម និងវេញខ្សែ យកមកពាក់នៅលើស្មារបស់អ្នក។ 3 បន្ទាប់មក ចូរផ្ញើខ្សែ និងនឹមទាំងនោះ ទៅឲ្យស្ដេចស្រុកអេដុម ស្ដេចស្រុកម៉ូអាប់ ស្ដេចស្រុកអាំម៉ូន ស្ដេចក្រុងទីរ៉ុស និងស្ដេចក្រុងស៊ីដូន តាមរយៈពួករាជទូត ដែលមកជួបសេដេគា ជាស្ដេចស្រុកយូដា នៅក្រុងយេរូសាឡឹម។ 4 ចូរផ្ដាំអ្នកទាំងនោះឲ្យទៅជម្រាបស្ដេចរបស់ខ្លួនថា: អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: ចូរទៅជម្រាបស្ដេចរបស់អ្នករាល់គ្នាថា 5 យើងបានបង្កើតផែនដី ព្រមទាំងមនុស្ស និងសត្វដែលរស់នៅលើផែនដី ដោយអំណាច និងបារមីរបស់យើង។ យើងប្រគល់ផែនដីនេះទៅឲ្យនរណាក៏បាន ស្រេចតែចិត្តយើង។ 6 ឥឡូវនេះ យើងប្រគល់ស្រុកទាំងនេះទៅក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ស្ដេចស្រុកបាប៊ីឡូន ជាអ្នកបម្រើរបស់យើង។ សូម្បីតែសត្វព្រៃទាំងឡាយ ក៏យើងដាក់ឲ្យនៅក្រោមអំណាចស្តេចនេប៊ូក្នេសាដែរ។ 7 ប្រជាជាតិទាំងអស់នឹងនាំគ្នាបម្រើនេប៊ូក្នេសា ព្រមទាំងកូន និងចៅរបស់គេ រហូតដល់ពេលកំណត់ ដែលស្រុករបស់នេប៊ូក្នេសាត្រូវប្រជាជាតិជាច្រើន និងស្ដេចដ៏ខ្លាំងពូកែយកធ្វើជាចំណុះ។ 8 ប្រសិនបើមានប្រជាជាតិណាមួយមិនព្រមបម្រើនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន គឺប្រសិនបើគេមិនព្រមស្ថិតនៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូនទេនោះ យើងនឹងដាក់ទោសប្រជាជាតិនោះ ឲ្យស្លាប់ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ រហូតទាល់តែយើងប្រហារពួកគេឲ្យវិនាសសូន្យ ក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 9 រីឯអ្នករាល់គ្នាវិញ ពេលព្យាការី គ្រូទាយ អ្នកកាត់សប្ដិ គ្រូហោរ និងគ្រូធ្មប់របស់អ្នករាល់គ្នាប្រាប់ថា “កុំចុះចូលនឹងស្ដេចនេប៊ូក្នេសា!” នោះមិនត្រូវស្ដាប់ពាក្យរបស់គេឡើយ 10 ដ្បិតពួកគេទាយកុហក ធ្វើឲ្យអ្នករាល់គ្នាចាកចេញឆ្ងាយពីទឹកដីរបស់ខ្លួន គឺឲ្យយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នាត្រូវវិនាស។ 11 ផ្ទុយទៅវិញ បើប្រជាជាតិណាសុខចិត្តនៅក្រោមនឹម និងបម្រើស្ដេចស្រុកបាប៊ីឡូន យើងនឹងឲ្យប្រជាជាតិនោះបានសេចក្ដីសុខនៅក្នុងស្រុក ព្រមទាំងធ្វើស្រែចម្ការ និងរស់នៅលើទឹកដីរបស់ខ្លួន» - នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ 12 ខ្ញុំក៏បាននាំពាក្យទាំងនេះទៅជម្រាបស្តេចសេដេគា ជាស្ដេចស្រុកយូដា ដូចតទៅ: សូមស្តេច និងប្រជាជនដាក់ខ្លួននៅក្រោមនឹមស្ដេចស្រុកបាប៊ីឡូន សូមបម្រើស្ដេច និងប្រជារាស្ត្រនោះទៅ ទើបស្តេច និងប្រជាជនយូដាបានរួចជីវិត។ 13 មិនគួរឲ្យស្តេច និងប្រជាជនត្រូវបាត់បង់ជីវិត ដោយមុខដាវ ដោយទុរ្ភិក្ស និងដោយជំងឺអាសន្នរោគ ដូចអុលឡោះតាអាឡាមានបន្ទូលទុកអំពីប្រជាជាតិ ដែលពុំព្រមបម្រើស្ដេចស្រុកបាប៊ីឡូននោះឡើយ។ 14 សូមកុំស្ដាប់ពាក្យរបស់ពួកណាពីដែលពោលថា “អ្នករាល់គ្នានឹងមិនបម្រើស្ដេចស្រុកបាប៊ីឡូនទេ” ដ្បិតពាក្យដែលគេថ្លែងនោះមិនពិតឡើយ។ 15 អុលឡោះតាអាឡាមានបន្ទូលថា: យើងពុំបានចាត់អ្នកទាំងនោះឲ្យមកទេ ពួកគេបានយកឈ្មោះយើងមកប្រើ ដើម្បីថ្លែងពាក្យកុហក ធ្វើឲ្យយើងកំចាត់កំចាយអ្នករាល់គ្នា ហើយអ្នករាល់គ្នា ព្រមទាំងពួកណាពី ដែលថ្លែងពាក្យក្លែងក្លាយប្រាប់អ្នករាល់គ្នាមុខជាត្រូវវិនាសពុំខាន។ 16 ខ្ញុំបានប្រាប់ក្រុមអ៊ីមុាំ និងប្រជាជនទាំងមូលដូចតទៅ: អុលឡោះតាអាឡាមានបន្ទូលថា ណាពីរបស់អ្នករាល់គ្នាបានប្រកាសថា “សម្ភារៈសម្រាប់ប្រើប្រាស់ក្នុងដំណាក់របស់អុលឡោះតាអាឡានឹងត្រូវគេនាំយកពីស្រុកបាប៊ីឡូនមកវិញ ក្នុងពេលឆាប់ៗ!” កុំស្ដាប់ពាក្យគេឲ្យសោះ ដ្បិតសេចក្ដីដែលគេថ្លែងនោះមិនពិតទេ។ 17 កុំស្ដាប់ណាពីទាំងនោះឡើយ ចូរនាំគ្នាបម្រើស្ដេចស្រុកបាប៊ីឡូនវិញ ទើបអ្នករាល់គ្នាបានរួចជីវិត។ កុំបណ្ដោយឲ្យក្រុងនេះវិនាសឡើយ។ 18 ប្រសិនបើអ្នកទាំងនោះពិតជាណាពី ហើយប្រសិនបើអុលឡោះតាអាឡាពិតជាមានបន្ទូលតាមរយៈពួកគេមែន ចូរឲ្យពួកគេទូរអាអង្វរអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល សូមឲ្យសម្ភារៈដែលនៅសេសសល់ក្នុងដំណាក់របស់អុលឡោះតាអាឡា ក្នុងដំណាក់របស់ស្ដេចស្រុកយូដា និងក្នុងក្រុងយេរូសាឡឹម បានគង់វង្ស គឺកុំឲ្យគេដឹកយកទៅក្រុងបាប៊ីឡូនឡើយ។ 19 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលមានបន្ទូលអំពីសសរ អាងធំ និងដែកកំណល់ ព្រមទាំងរបស់ឯទៀតៗដែលនៅសេសសល់ក្នុងក្រុងនេះ 20 គឺរបស់ដែលស្តេចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ពុំបានយកទៅជាមួយ នៅពេលស្ដេចចាប់ស្តេចយេកូនាស បុត្ររបស់ស្តេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដា ព្រមទាំងអ្នកធំនៅក្រុងយេរូសាឡឹម និងនៅស្រុកយូដា យកពីក្រុងយេរូសាឡឹម ទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូន។ 21 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលស្ដីអំពីសម្ភារៈដែលនៅសល់ក្នុងដំណាក់របស់អុលឡោះតាអាឡា និងរបស់នៅក្នុងដំណាក់ស្ដេច ព្រមទាំងរបស់នៅក្នុងក្រុងយេរូសាឡឹមថា: 22 គេនឹងដឹកជញ្ជូនរបស់ទាំងនោះទៅស្រុកបាប៊ីឡូន រួចទុកនៅទីនោះ រហូតដល់ថ្ងៃដែលយើងនឹងមក ហើយនាំយកទៅទុកនៅកន្លែងដើមវិញ -នេះជាបន្ទូលរបស់អុលឡោះតាអាឡា។ |
© 2014 United Bible Societies, UK.
United Bible Societies