យេរេមា 28 - អាល់គីតាបណាពីយេរេមាតទល់នឹងលោកហាណានា 1 ក្នុងឆ្នាំដដែល នៅដើមរជ្ជកាលស្តេចសេដេគា ជាស្ដេចស្រុកយូដា គឺនៅខែទីប្រាំ ក្នុងឆ្នាំទីបួន លោកហាណានា ជាកូនរបស់លោកអស៊ើរ ដែលជាណាពីនៅភូមិគីបៀន ពោលមកខ្ញុំក្នុងដំណាក់របស់អុលឡោះតាអាឡា នៅចំពោះមុខក្រុមអ៊ីមុាំ និងប្រជាជនទាំងមូលថា៖ 2 «អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលដូចតទៅ: “យើងនឹងបំបាក់នឹមស្ដេចស្រុកបាប៊ីឡូន! 3 ពីរឆ្នាំទៀត យើងនឹងនាំសម្ភារៈទាំងប៉ុន្មាននៃដំណាក់របស់អុលឡោះតាអាឡា ដែលនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានដឹកទៅនោះ យកមកទុកនៅកន្លែងនេះវិញ។ 4 យើងក៏នាំយេកូនាស ជាបុត្ររបស់យេហូយ៉ាគីម ស្ដេចស្រុកយូដា និងអ្នកស្រុកយូដាទាំងប៉ុន្មាន ដែលគេកៀរយកទៅជាឈ្លើយសឹកនៅស្រុកបាប៊ីឡូននោះត្រឡប់មកវិញដែរ ដ្បិតយើងនឹងបំបាក់នឹមរបស់ស្ដេចស្រុកបាប៊ីឡូន”»។ 5 ណាពីយេរេមាបានតបទៅណាពីហាណានា នៅចំពោះមុខក្រុមអ៊ីមុាំ និងប្រជាជនទាំងមូល ដែលស្ថិតនៅក្នុងដំណាក់របស់អុលឡោះតាអាឡាថា៖ 6 «អាមីន! សូមអុលឡោះតាអាឡាធ្វើតាមពាក្យរបស់អ្នក! សូមអុលឡោះតាអាឡាសម្រេចតាមពាក្យដែលអ្នកប្រកាសនេះចុះ! គឺសូមទ្រង់នាំសម្ភារៈរបស់ម៉ាស្ជិទ និងប្រជាជនដែលគេកៀរយកទៅជាឈ្លើយសឹកនោះមកវិញ! 7 ប៉ុន្តែ សូមស្ដាប់សេចក្ដីដែលខ្ញុំយកមកជម្រាបអ្នក និងប្រជាជនទាំងមូល ឲ្យបានជ្រាប ដូចតទៅ: 8 ណាពីទាំងប៉ុន្មានដែលរស់នៅមុនយើងទាំងពីរនាក់ បានថ្លែងបន្ទូលតាំងពីយូរយារណាស់មកហើយថា ប្រទេស និងនគរធំៗជាច្រើន ត្រូវកើតសង្គ្រាម កើតអន្តរាយ និងកើតជំងឺអាសន្នរោគ។ 9 ប្រសិនបើមានណាពីណាម្នាក់ប្រកាសថា ស្រុកបានសុខសាន្ត យើងដឹងថា អុលឡោះតាអាឡាចាត់ណាពីនោះឲ្យមកមែន លុះត្រាណាតែស្រុកបានសុខសាន្ត ដូចពាក្យគាត់ប្រកាស»។ 10 ពេលនោះ ណាពីហាណានាបានដោះនឹមចេញពីស្មារបស់ណាពីយេរេមា មកកាច់បំបាក់ 11 ហើយពោលនៅចំពោះមុខប្រជាជនទាំងអស់ដូចតទៅ៖ «អុលឡោះតាអាឡាមានបន្ទូលថា: ពីរឆ្នាំទៀត យើងនឹងបំបាក់នឹមរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន ហើយរំដោះប្រជាជាតិទាំងអស់»។ ណាពីយេរេមាក៏ដើរចេញពីកន្លែងនោះទៅ។ 12 បន្ទាប់ពីណាពីហាណានាបំបាក់នឹមដែលស្ថិតនៅលើស្មារបស់ណាពីយេរេមា អុលឡោះតាអាឡាមានបន្ទូលមកកាន់ណាពីយេរេមាដូចតទៅ៖ 13 «ចូរទៅប្រាប់ហាណានាថា: អុលឡោះតាអាឡាមានបន្ទូលដូចតទៅនេះ: អ្នកបានបំបាក់នឹមដែលធ្វើពីឈើ តែយើងនឹងយកនឹមដែកមកដាក់ជំនួសវិញ។ 14 អុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល ជាម្ចាស់របស់ជនជាតិអ៊ីស្រអែល មានបន្ទូលថា យើងដាក់នឹមដែកលើប្រជាជាតិទាំងនោះ ដើម្បីបង្ក្រាបពួកគេឲ្យនៅក្រោមអំណាចនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន។ ប្រជាជាតិទាំងនោះនឹងបម្រើនេប៊ូក្នេសា សូម្បីតែសត្វព្រៃក៏យើងប្រគល់ឲ្យស្ដេចនោះដែរ»។ 15 បន្ទាប់មក ណាពីយេរេមាមានប្រសាសន៍ទៅកាន់ណាពីហាណានាថា៖ «លោកហាណានាអើយ! សូមស្ដាប់ខ្ញុំសិន! អុលឡោះតាអាឡាមិនបានចាត់អ្នកឲ្យមកទេ! អ្នកនាំប្រជាជននេះឲ្យសង្ឃឹមលើពាក្យមិនពិត។ 16 អុលឡោះតាអាឡាមានបន្ទូលថា យើងនឹងបណ្ដេញអ្នកឲ្យចាកចេញពីផែនដី! ឆ្នាំនេះ អ្នកត្រូវតែស្លាប់ ព្រោះអ្នកបានប្រកាសឲ្យគេបះបោរប្រឆាំងនឹងអុលឡោះតាអាឡា»។ 17 ណាពីហាណានាស្លាប់ នៅខែទីប្រាំពីរ នាឆ្នាំនោះ។ |
© 2014 United Bible Societies, UK.
United Bible Societies