1 អុលឡោះតាអាឡាមានបន្ទូលមកកាន់យេរេមា ដូចតទៅ៖ «ចូរចូលទៅក្នុងវាំងរបស់ស្ដេចស្រុកយូដា ហើយប្រកាសពាក្យទាំងនេះថា: 2 ស្តេចស្រុកយូដា ដែលគ្រងរាជ្យលើបល្ល័ង្ករបស់ស្តេចទត ព្រមទាំងមន្ត្រី និងប្រជាជនដែលចូលតាមទ្វារនេះ សូមស្តេច និងអស់លោកស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 3 អុលឡោះតាអាឡាមានបន្ទូលថា: ចូរនាំគ្នាប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ចូរដោះលែងអស់អ្នកដែលត្រូវគេជិះជាន់សង្កត់សង្កិន។ មិនត្រូវធ្វើបាបជនអន្តោប្រវេសន៍ ក្មេងកំព្រា និងស្ត្រីមេម៉ាយឡើយ ហើយក៏មិនត្រូវប្រើអំពើហិង្សា និងបង្ហូរឈាមជនស្លូតត្រង់នៅទីនេះដែរ។ 4 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តតាមពាក្យនេះ ស្ដេចទាំងឡាយដែលគ្រងរាជ្យតពីស្ដេចទត នឹងជិះរទេះ ជិះសេះ ចូលតាមទ្វារវាំងនេះជាមួយពួកមន្ត្រី និងប្រជាជនតទៅមុខទៀត។ 5 ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នាមិនស្ដាប់ពាក្យនេះទេ យើងសូមស្បថក្នុងនាមយើងផ្ទាល់ថា វាំងនេះនឹងក្លាយទៅជាគំនរឥដ្ឋ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា»។ 6 អុលឡោះតាអាឡាមានបន្ទូលថា៖ «ទោះបីយើងចាត់ទុកវាំងរបស់ស្ដេចស្រុកយូដា ថាស្អាតដូចព្រៃនៅស្រុកកាឡាដ និងដូចកំពូលភ្នំលីបង់ក៏ដោយ យើងនឹងធ្វើឲ្យវាំងនេះក្លាយទៅជា វាលរហោស្ថាន ជាកន្លែងដែលគ្មាននរណារស់នៅ។ 7 យើងនឹងចាត់មនុស្សឲ្យមកបំផ្លាញវាំងនេះ គេនឹងកាប់សសរដែលធ្វើអំពីឈើដ៏មានតម្លៃ បោះទៅក្នុងភ្លើង។ 8 ប្រជាជាតិជាច្រើនដែលនឹងដើរជិតទីក្រុង មុខជាសួរគ្នាថា “ហេតុអ្វីបានជាអុលឡោះតាអាឡា ដាក់ទោសទីក្រុងដ៏ធំនេះដូច្នេះ?” 9 គេនឹងឆ្លើយថា “មកពីអ្នកក្រុងផ្ដាច់ សម្ពន្ធមេត្រីរបស់អុលឡោះតាអាឡាជាម្ចាស់របស់ខ្លួន ហើយបែរទៅក្រាបថ្វាយបង្គំ និងគោរពបម្រើព្រះដទៃ”»។ បន្ទូលស្ដីអំពីស្ដេចសាលូម10 កុំយំស្រណោះស្ដេចយ៉ូសៀស ដែលស្លាប់ទៅនោះឡើយ កុំកាន់ទុក្ខអាឡោះអាល័យស្ដេចទៀត ផ្ទុយទៅវិញ ចូរយំស្រណោះស្ដេចសាលូម ដែលនឹងចាកចេញទៅ ដ្បិតស្តេចនឹងមិនវិលត្រឡប់មកវិញឡើយ ហើយគាត់ក៏នឹងមិនឃើញស្រុកកំណើត ទៀតដែរ។ 11 អុលឡោះតាអាឡាមានបន្ទូលស្ដីអំពីស្ដេចសាលូម ជាបុត្ររបស់ស្ដេចយ៉ូសៀស ដែលស្នងរាជ្យបិតានៅស្រុកយូដា ហើយដែលចាកចេញពីទីនេះទៅថា គាត់នឹងមិនវិលត្រឡប់មកវិញទេ 12 គាត់នឹងស្លាប់នៅក្នុងស្រុកដែល គាត់ត្រូវគេកៀរយកទៅជាឈ្លើយ ដោយឥតបានឃើញស្រុកនេះវិញឡើយ។ បន្ទូលរបស់អុលឡោះចំពោះស្ដេចយេហូយ៉ាគីម13 «យេហូយ៉ាគីមអើយ អ្នកនឹងត្រូវវេទនាពុំខាន! ដ្បិតអ្នកសង់វាំង តែមិនប្រព្រឹត្តតាមសេចក្ដីសុចរិត អ្នកសង់បន្ទប់នៅជាន់ខាងលើ តែមិនប្រព្រឹត្តតាមសេចក្ដីយុត្តិធម៌ អ្នកប្រើប្រជារាស្ត្រឲ្យធ្វើការ តែមិនឲ្យប្រាក់ឈ្នួលទេ។ 14 អ្នកពោលថា “យើងនឹងសង់ដំណាក់មួយ ដ៏ស្កឹមស្កៃ មានបន្ទប់ធំទូលាយសម្រាប់យើង”។ អ្នកចោះបង្អួច និងធ្វើជញ្ជាំងពីឈើដ៏មានតម្លៃ ហើយលាបពណ៌ក្រហម។ 15 តើអ្នកចង់ពង្រឹងរាជសម្បត្តិ ដោយសង់ដំណាក់ពីឈើដ៏មានតម្លៃនេះឬ? បិតារបស់អ្នកធ្លាប់បរិភោគបាយទឹក ដូចអ្នកឯទៀតៗដែរ តែគេបានប្រព្រឹត្តតាមសេចក្ដីសុចរិត និងយុត្តិធម៌ ហេតុនេះហើយបានជាបិតារបស់អ្នក បានប្រកបដោយសេចក្ដីសុខសាន្ត។ 16 បិតារបស់អ្នករកយុត្តិធម៌ឲ្យជនទុគ៌ត និងជនក្រីក្រ ហេតុនេះហើយបានជាស្រុកទេស មានសេចក្ដីសុខសាន្ត។ ដ្បិតអ្នកដែលស្គាល់យើងតែងតែប្រព្រឹត្តដូច្នេះ - នេះជាបន្ទូលរបស់អុលឡោះតាអាឡា -។ 17 រីឯអ្នកវិញ អ្នកគិតតែពីស្វែងរក ប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកបង្ហូរឈាមជនស្លូតត្រង់ និងជិះជាន់ប្រជារាស្ត្រយ៉ាងព្រៃផ្សៃ»។ 18 ហេតុនេះហើយបានជាអុលឡោះតាអាឡាមានបន្ទូល ស្ដីអំពីស្ដេចយេហូយ៉ាគីម ជាបុត្ររបស់ ស្តេចយ៉ូសៀស និងជាស្ដេចស្រុកយូដាថា៖ «ពេលយេហូយ៉ាគីមស្លាប់ នឹងគ្មាននរណាយំរៀបរាប់ថា “ឱបងអើយ ឱប្អូនអើយ ម្ដេចក៏វេទនាម៉្លេះ!” ហើយក៏គ្មាននរណាយំសោក ដោយពោលថា “ស្តេចអើយ ម្ដេចក៏វេទនាម៉្លេះ!” 19 គេនឹងអូសសាកសពយេហូយ៉ាគីមចេញពី ក្រុងយេរូសាឡឹម យកទៅកប់ដូចខ្មោចលា»។ ភាពអាម៉ាស់របស់ក្រុងយេរូសាឡឹម20 «យេរូសាឡឹមអើយ ចូរឡើងទៅភ្នំលីបង់ ហើយស្រែកយំចុះ! ចូរទៅយំសោកនៅខ្ពង់រាបបាសាន! ចូរទៅស្រែកពីលើភ្នំអាបារីម! ដ្បិតគូស្នេហ៍របស់អ្នក បានវិនាសហិនហោចអស់ហើយ។ 21 ពេលស្រុកសុខសាន្ត យើងបាននិយាយជាមួយអ្នក តែអ្នកមិនព្រមស្ដាប់ទេ។ អ្នកតែងប្រកាន់ឫកពាដូច្នេះតាំងពីក្មេងមក គឺអ្នកមិនព្រមស្ដាប់យើងឡើយ។ 22 ខ្យល់នឹងផាត់យកពួកមេដឹកនាំរបស់អ្នក ទៅបាត់អស់ គូស្នេហ៍របស់អ្នក នឹងត្រូវគេចាប់យកទៅជាឈ្លើយសឹក។ ពេលនោះ អ្នកនឹងត្រូវអាម៉ាស់ បាក់មុខ ព្រោះតែអំពើទុច្ចរិតរបស់អ្នក។ 23 អ្នកធ្លាប់រស់នៅយ៉ាងស្រួលលើភ្នំលីបង់ និងមានទ្រនំធ្វើពីដើមឈើដ៏មានតម្លៃ។ ប៉ុន្តែ ពេលទុក្ខវេទនាមកដល់ អ្នកនឹងស្រែកថ្ងូរ រមួលខ្លួន ដូចស្ត្រីសំរាលកូន!»។ បន្ទូលរបស់អុលឡោះសម្រាប់ស្ដេចយេកូនាស24 អុលឡោះតាអាឡាមានបន្ទូលយ៉ាងម៉ឺងម៉ាត់ទៅកាន់ស្តេចយេកូនាស បុត្ររបស់ស្ដេចយេហូយ៉ាគីម ជាស្ដេចស្រុកយូដាថា៖ «ទោះបីអ្នកប្រៀបបាននឹងត្រាដែលយើងពាក់នៅដៃស្ដាំក្ដី ក៏យើងត្រូវដកអ្នកចេញដែរ។ 25 យើងនឹងប្រគល់អ្នកទៅឲ្យពួកដែលចង់ប្រហារជីវិតអ្នក។ យើងនឹងប្រគល់អ្នកទៅក្នុងកណ្ដាប់ដៃរបស់ពួកដែលធ្វើឲ្យអ្នកញ័ររន្ធត់ គឺក្នុងកណ្ដាប់ដៃរបស់នេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន និងក្នុងកណ្ដាប់ដៃរបស់ជនជាតិខាល់ដេ។ 26 យើងនឹងបោះបង់ចោលអ្នក ព្រមទាំងម្ដាយដែលបានបង្កើតអ្នក។ អ្នកនឹងត្រូវស្លាប់នៅក្នុងស្រុកមួយ ដែលមិនមែនជាស្រុកកំណើតរបស់អ្នក។ 27 អ្នកប្រាថ្នាចង់វិលមកស្រុកកំណើតវិញណាស់ តែពុំអាចវិលត្រឡប់មកវិញបានឡើយ»។ 28 តើស្តេចយេកូនាសក្លាយទៅជាមនុស្សគួរឲ្យមាក់ងាយ ដូចថូកំបែកដែលគេបោះចោល គ្មាននរណាចង់បានឬ? ហេតុអ្វីបានជាស្ដេចនេះ និងរាជវង្ស ត្រូវអុលឡោះតាអាឡាបោះបង់ចោល ហើយខ្មាំងចាប់យកទៅជាឈ្លើយ នៅក្នុងស្រុកមួយដែលគេពុំធ្លាប់ស្គាល់? 29 ឱមាតុភូមិ ឱមាតុភូមិអើយ ចូរស្ដាប់បន្ទូលរបស់អុលឡោះតាអាឡា! 30 អុលឡោះតាអាឡាមានបន្ទូលដូចតទៅ៖ «ចូរចាត់ទុកបុរសនេះដូចមនុស្សគ្មានកូនតពូជ និងដូចមនុស្សធ្វើអ្វីពុំបានសម្រេចនៅក្នុងជីវិត ដ្បិតក្នុងចំណោមពូជពង្សរបស់គេ នឹងគ្មាននរណាម្នាក់ស្នងរាជ្យរបស់ទត ហើយក៏គ្មាននរណាម្នាក់គ្រប់គ្រងលើស្រុកយូដាដែរ»។ |
© 2014 United Bible Societies, UK.
United Bible Societies