កុលសម្ព័ន្ធអេប្រាអ៊ីមមិនសប្បាយចិត្ត1 កុលសម្ព័ន្ធអេប្រាអ៊ីមពោលទៅកាន់លោកគេឌានថា៖ «ហេតុអ្វីបានជាអ្នកប្រព្រឹត្តចំពោះយើងខ្ញុំដូច្នេះ? ពេលចេញទៅប្រយុទ្ធជាមួយជនជាតិម៉ាឌាន ហេតុអ្វីបានជាអ្នកមិនហៅយើងខ្ញុំទៅផង?»។ ពួកគេស្តីបន្ទោសលោកយ៉ាងខ្លាំង។ 2 លោកគេឌានឆ្លើយទៅពួកគេវិញថា៖ «ជ័យជំនះដែលខ្ញុំយកបាននោះ មិនអាចប្រៀបផ្ទឹមទៅនឹងការដែលបងប្អូនបានធ្វើឡើយ។ បងប្អូនកុលសម្ព័ន្ធអេប្រាអ៊ីមអើយ ការប្រយុទ្ធរបស់បងប្អូន ទោះបីបន្តិចបន្តួចក្តី ក៏ប្រសើរជាងការប្រយុទ្ធនៃអំបូរអបៀស៊ើររបស់ខ្ញុំទៅទៀត? 3 អុលឡោះបានប្រគល់មេដឹកនាំនៃពួកម៉ាឌាន គឺអូរិប និងសៀប មកក្នុងកណ្តាប់ដៃរបស់បងប្អូន។ ខ្ញុំមិនបានធ្វើអ្វីឲ្យស្មើនឹងកិច្ចការដែលបងប្អូនធ្វើឡើយ»។ កាលឮលោកគេឌាននិយាយដូច្នេះហើយ ពួកគេក៏បាត់ខឹង។ លោកគេឌាននៅខាងកើតទន្លេយ័រដាន់4 លោកគេឌាន និងទ័ពទាំងបីរយនាក់បានមកដល់ទន្លេយ័រដាន់ ហើយឆ្លងទៅត្រើយម្ខាង។ ទោះបីពួកគេនឿយហត់ខ្លាំងណាស់ទៅហើយក្តី ក៏ពួកគេនៅតែដេញតាមខ្មាំងសត្រូវតទៅទៀត។ 5 ពេលពួកគេទៅដល់ក្រុងសិកូត លោកគេឌាននិយាយទៅកាន់អ្នកក្រុងនោះថា៖ «សូមចែកនំបុ័ងឲ្យទ័ពដែលមកតាមខ្ញុំនេះផង ព្រោះគេហត់នឿយខ្លាំងណាស់ ខ្ញុំកំពុងតែដេញតាមសេបាស និងសាល់មូណា ស្តេចសាសន៍ម៉ាឌាន»។ 6 ប៉ុន្តែ មេដឹកនាំក្រុងសិកូតនាំគ្នាឆ្លើយមកគាត់វិញថា៖ «តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់លោកបរិភោគ?»។ 7 លោកគេឌានតបទៅគេវិញថា៖ «កាលណាអុលឡោះតាអាឡាប្រគល់ស្តេចសេបាស និងស្តេចសាល់មូណាមកក្នុងកណ្តាប់ដៃរបស់ខ្ញុំ ខ្ញុំមុខជាយកបន្លាស្អិត និងបន្លាដំបងយក្ស វាយអ្នករាល់គ្នាមិនខាន»។ 8 លោកគេឌានចេញពីទីនោះ ឡើងទៅក្រុងពេនួល ហើយសុំអាហារអ្នកក្រុងនោះ ដូចសុំអ្នកក្រុងសិកូតដែរ តែពួកគេឆ្លើយមកលោកវិញតាមរបៀបដដែល។ 9 លោកគេឌាននិយាយទៅកាន់អ្នកក្រុងពេនួលថា៖ «កាលណាខ្ញុំត្រឡប់មកវិញដោយជោគជ័យ ខ្ញុំនឹងរំលំប៉មក្រុងនេះចោល»។ 10 រីឯស្តេចសេបាស និងស្តេចសាល់មូណាបានទៅដល់តំបន់កើកូរជាមួយកងទ័ពរបស់គេ ប្រមាណមួយម៉ឺនប្រាំពាន់នាក់ ដែលនៅសល់ពីកងទ័ពទាំងមូលរបស់ពួកពនេចរពីស្រុកខាងកើត ដ្បិតពួកគេស្លាប់អស់មួយសែនពីរម៉ឺននាក់ហើយ។ 11 លោកគេឌានក៏ឡើងទៅតាមផ្លូវរបស់ពួកពេនចរ នៅខាងកើតភូមិណូបាស និងភូមិយ៉ុកបិហា ហើយវាយលុកទីតាំងទ័ពរបស់ខ្មាំង ដែលគេស្មានថាខ្លួនបានសុខសាន្តហើយ។ 12 ស្តេចទាំងពីរនាក់របស់ជនជាតិម៉ាឌាន គឺសេបាស និងសាល់មូណារត់គេចខ្លួន ប៉ុន្តែ លោកគេឌានដេញតាមចាប់បានស្តេចទាំងពីរ ព្រមទាំងវាយកងទ័ពរបស់ស្តេចឲ្យបាក់ទ័ពផង។ 13 លោកគេឌាន ជាកូនរបស់លោកយ៉ូអាសវិលត្រឡប់មកពីធ្វើសឹកវិញ តាមច្រកភ្នំហេរេស។ 14 ពេលនោះលោកចាប់ក្មេងប្រុសម្នាក់ពីក្រុងសិកូត មកសួរចម្លើយ ហើយឲ្យវាសរសេរឈ្មោះមេដឹកនាំ និងអ្នកចាស់ទុំ នៅក្រុងសិកូត ដែលមានចំនួនចិតសិបប្រាំពីរនាក់។ 15 បន្ទាប់មក លោកគេឌានទៅរកអ្នកក្រុងសិកូត ហើយមានប្រសាសន៍ថា៖ «នេះគឺសេបាស និងសាល់មូណា! អ្នករាល់គ្នាបាននិយាយមកខ្ញុំ ទាំងមើលងាយថា “តើអ្នកចាប់បានស្តេចសេបាស និងស្តេចសាល់មូណាហើយឬបានជាយើងត្រូវយកអាហារឲ្យពលទ័ពរបស់អ្នកដែលអស់កម្លាំងបរិភោគ?”»។ 16 គាត់ចាប់ពួកចាស់ទុំនៅក្រុងនោះមក ហើយយកបន្លាដំបងយក្ស និងបន្លាស្អិតមកវាយ ដើម្បីព្រមានអ្នកក្រុងសិកូត។ 17 គាត់បានរំលំប៉មក្រុងពេនួល ព្រមទាំងសម្លាប់ប្រជាជននៅក្រុងនោះទៀតផង។ 18 បន្ទាប់មក លោកគេឌានសួរទៅស្តេចសេបាស និងស្តេចសាល់មូណាថា៖ «តើមនុស្សដែលពួកឯងបានសម្លាប់នៅភ្នំតាបោរនោះ មានភិនភាគដូចម្តេច?»។ គេឆ្លើយឡើងថា៖ «ពួកគេមានភិនភាគដូចអ្នកដែរ គឺម្នាក់ៗដូចបុត្រស្តេច»។ 19 លោកគេឌានពោលថា៖ «ពួកគេជាបងប្អូនពោះមួយនឹងខ្ញុំ។ យើងសុំប្រាប់ពួកឯង ក្នុងនាមអុលឡោះតាអាឡាជាម្ចាស់ដ៏នៅអស់កល្បជានិច្ចថា ប្រសិនបើឯងពុំបានសម្លាប់អ្នកទាំងនោះទេ យើងនឹងទុកជីវិតពួកឯងជាមិនខាន!»។ 20 បន្ទាប់មក លោកបង្គាប់ទៅយេធើ ជាកូនច្បងរបស់គាត់ថា៖ «ចូរសម្លាប់ពួកគេចោលទៅ!»។ ប៉ុន្តែ យុវជននោះមិនហ៊ានហូតដាវទេ ដ្បិតគេខ្លាចដោយខ្លួននៅក្មេងពេក។ 21 ស្តេចសេបា និងស្តេចសាល់មូណាពោលទៅកាន់លោកគេឌានថា៖ «សូមសម្លាប់យើងដោយដៃអ្នកផ្ទាល់ទៅ ដ្បិតគួរឲ្យមនុស្សពេញកម្លាំងសម្លាប់យើងវិញ!»។ ពេលនោះ លោកគេឌានក្រោកឡើង ហើយសម្លាប់ស្តេចសេបាស និងស្តេចសាល់មូណាចោល រួចដោះយកគ្រឿងលំអ ដែលពាក់នៅកអូដ្ឋរបស់ពួកគេផង។ លោកគេឌានបដិសេធមិនព្រមគ្រងរាជ្យ22 ក្រោយពីព្រឹត្តិការណ៍នោះមក ជនជាតិអ៊ីស្រអែលពោលទៅកាន់លោកគេឌានថា៖ «សូមអ្នកមេត្តាគ្រប់គ្រងលើយើងខ្ញុំ ហើយក្រោយមក សូមឲ្យកូន និងចៅរបស់អ្នកគ្រប់គ្រងលើយើងខ្ញុំតទៅទៀតដែរ ពីព្រោះអ្នកបានសង្គ្រោះយើងខ្ញុំ ឲ្យរួចពីកណ្តាប់ដៃរបស់ពួកម៉ាឌាន»។ 23 លោកគេឌានតបទៅពួកគេវិញថា៖ «ទេ! ខ្ញុំមិនគ្រប់គ្រងលើអ្នករាល់គ្នាទេ ហើយកូនរបស់ខ្ញុំ ក៏មិនគ្រប់គ្រងលើអ្នករាល់គ្នាដែរ គឺអុលឡោះតាអាឡាទេ ដែលគ្រប់គ្រងលើអ្នករាល់គ្នា»។ 24 លោកគេឌាននិយាយទៅពួកគេទៀតថា៖ «ខ្ញុំមានសំណូមពរមួយ គឺសូមអ្នករាល់គ្នាប្រគល់ក្រវិល ដែលម្នាក់ៗរឹបអូសយកបានពីសត្រូវមកឲ្យខ្ញុំ»- ជនជាតិម៉ាឌានសុទ្ធតែពាក់ក្រវិលមាស ដ្បិតពួកគេសុទ្ធតែជាកូនចៅរបស់អ៊ីស្មាអែលទាំងអស់គ្នា។ 25 ជនជាតិអ៊ីស្រអែលឆ្លើយឡើងថា៖ «យើងខ្ញុំសូមជូនក្រវិលទៅគាត់ ដោយស្មោះអស់ពីចិត្ត»។ ពួកគេក៏ត្រដាងអាវធំមួយនៅលើដី ហើយម្នាក់ៗដាក់ក្រវិលដែលខ្លួនរឹបអូសយកបានពីសត្រូវលើអាវនោះ។ 26 ក្រវិលមាសទាំងអស់ដែលលោកគេឌានបានសុំពីគេនោះ មានទម្ងន់ប្រមាណប្រាំរយតម្លឹង។ គាត់ក៏បានទទួលគ្រឿងអលង្កា ទំហូ និងសម្លៀកបំពាក់ពណ៌ក្រហមទុំរបស់ស្តេចសាសន៍ម៉ាឌាន ព្រមទាំងគ្រឿងលំអដែលពាក់នៅកសត្វអូដ្ឋរបស់សត្រូវទៀតផង។ 27 លោកគេឌានបានយកមាសទាំងនោះ ទៅសូនធ្វើជារូបបដិមាមួយ ហើយតម្កល់នៅអូប្រា ជាភូមិកំណើតរបស់គាត់។ ដូច្នេះ ជនជាតិអ៊ីស្រអែលនាំគ្នាក្បត់អុលឡោះដោយគោរពថ្វាយបង្គំរូបចម្លាក់នោះ ហើយរូបនោះក្លាយទៅជាអន្ទាក់ដល់លោកគេឌាន និងក្រុមគ្រួសាររបស់លោក។ 28 ចាប់ពីពេលនោះមក ជនជាតិម៉ាឌានស្ថិតនៅជាចំណុះជនជាតិអ៊ីស្រអែល មិនអាចងើបមុខបានឡើយ ហើយស្រុកទេសក៏បានសុខសាន្តត្រាណអស់រយៈពេលសែសិបឆ្នាំ។ 29 លោកយេរូបាល ជាកូនរបស់លោកយ៉ូអាស វិលត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់គាត់វិញ។ 30 គាត់មានកូនប្រុសទាំងអស់ចិតសិបនាក់ ដ្បិតគាត់មានប្រពន្ធច្រើន។ 31 ប្រពន្ធចុងរបស់លោកនៅស៊ីគែម បង្កើតបានកូនប្រុសម្នាក់ជូនគាត់ ដែលគាត់ដាក់ឈ្មោះថា អប៊ីម៉ាឡេក។ 32 លោកគេឌាន ជាកូនរបស់លោកយ៉ូអាសបានរស់យ៉ាងយូរ ប្រកបដោយសុភមង្គល បន្ទាប់មក គាត់ក៏ស្លាប់ទៅ។ គេបានបញ្ចុះសពគាត់ ក្នុងផ្នូររបស់លោកយ៉ូអាស ជាឪពុកនៅអូប្រា ជាភូមិរបស់អំបូរអបៀស៊ើរ។ 33 ក្រោយពីលោកគេឌានស្លាប់ផុតទៅ ជនជាតិអ៊ីស្រអែលនាំគ្នាក្បត់អុលឡោះសាជាថ្មី ហើយបែរទៅគោរពព្រះបាល គឺគេយកព្រះបាល-បេរីត ធ្វើជាម្ចាស់របស់គេ 34 ពួកគេលែងនឹកនាដល់អុលឡោះតាអាឡា ជាម្ចាស់របស់គេ ដែលបានរំដោះគេ ឲ្យរួចពីខ្មាំងសត្រូវនៅជុំវិញ។ 35 ពួកគេពុំដឹងគុណគ្រួសារលោកគេឌាន ហៅយេរូបាល នូវការល្អទាំងប៉ុន្មានដែលលោកបានប្រព្រឹត្តចំពោះជនជាតិអ៊ីស្រអែលឡើយ។ |
© 2014 United Bible Societies, UK.
United Bible Societies