ពួកចៅហ្វាយ 9 - អាល់គីតាបអប៊ីម៉ាឡេកតាំងខ្លួនជាស្តេចនៅស៊ីគែម 1 លោកអប៊ីម៉ាឡេក ជាកូនរបស់លោកយេរូបាល បានទៅស៊ីគែម រកបងប្អូនខាងម្តាយរបស់គាត់ និងញាតិសន្តានទាំងប៉ុន្មានខាងម្តាយ ហើយពោលថា៖ 2 «សូមបងប្អូនទៅសួរអ្នកមុខអ្នកការទាំងអស់ នៅស៊ីគែមថា តើអស់លោកចង់ឲ្យកូនរបស់លោកយេរូបាល ទាំងចិតសិបនាក់គ្រប់គ្រងលើអស់លោក ឬក៏ចង់ឲ្យមានតែម្នាក់ប៉ុណ្ណោះ? សូមកុំភ្លេចថា ខ្ញុំជាសាច់ឈាមរបស់អស់លោក»។ 3 បងប្អូនខាងម្តាយរបស់លោកអប៊ីម៉ាឡេកនាំពាក្យនេះ ទៅជម្រាបពួកអ្នកមុខអ្នកការនៅស៊ីគែម។ ពួកគេនាំគ្នាគាំទ្រលោកអប៊ីម៉ាឡេក ដោយគិតថា គាត់ជាសាច់ឈាមរបស់ពួកគេ។ 4 ពួកគេយកប្រាក់ម្ភៃតម្លឹង ពីវិហាររបស់ព្រះបាលបេរីតជូនគាត់។ លោកអប៊ីម៉ាឡេក យកប្រាក់នេះទៅជួលមនុស្សពាល និងមនុស្សអានាថា ឲ្យមកតាមគាត់។ 5 បន្ទាប់មក គាត់ទៅផ្ទះឪពុករបស់គាត់ នៅអូប្រា ហើយនៅទីនោះ គាត់សម្លាប់បងប្អូនរបស់គាត់ គឺកូនរបស់លោកយេរូបាលទាំងចិតសិបនាក់ ក្នុងពេលតែមួយ។ មានតែយ៉ូថាម ដែលជាកូនពៅម្នាក់គត់បានរួចជីវិត ព្រោះគាត់លាក់ខ្លួន។ 6 ពួកអ្នកមុខអ្នកការនៅស៊ីគែម និងប្រជាជនទាំងប៉ុន្មាននៅបន្ទាយមីឡូបានជួបជុំគ្នាត្រង់ដើមជ្រៃ នៅស៊ីគែម ជិតស្តូបថ្ម ហើយតែងតាំងលោកអប៊ីម៉ាឡេក ជាស្តេច។ ពាក្យប្រស្នារបស់លោកយ៉ូថាម 7 ពេលលោកយ៉ូថាមទទួលដំណឹងនេះ លោកក៏ឡើងទៅលើកំពូលភ្នំកេរិស៊ីម ទាំងស្រែកយ៉ាងអស់ទំហឹងថា៖ ពួកអ្នកមុខអ្នកការនៅក្រុងស៊ីគែមអើយ សូមស្តាប់ខ្ញុំ ហើយសូមអុលឡោះស្តាប់ អ្នករាល់គ្នាដែរ! 8 ថ្ងៃមួយ ដើមឈើទាំងឡាយដើរផ្សងរកស្តេច ឲ្យគ្រងរាជ្យលើគេ។ ពួកគេពោលទៅកាន់ដើមអូលីវថា: សូមគ្រងរាជ្យលើយើងខ្ញុំទៅ។ 9 ប៉ុន្តែ ដើមអូលីវឆ្លើយថា: អុលឡោះ និងមនុស្សលោក ពេញចិត្តនឹងប្រេងរបស់ខ្ញុំគ្រប់ៗគ្នា តើឲ្យខ្ញុំលះបង់ប្រេងរបស់ខ្ញុំ ហើយទៅយោលខ្លួនលើដើមឈើឯទៀតៗ ដូចម្តេចកើត។ 10 ពេលនោះដើមឈើទាំងឡាយពោលទៅកាន់ ដើមឧទុម្ពរថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ! 11 ប៉ុន្តែ ដើមឧទុម្ពរឆ្លើយថា: តើឲ្យខ្ញុំលះបង់ផ្លែដ៏ផ្អែម និងឆ្ងាញ់ពិសា ហើយទៅយោលខ្លួនលើដើមឈើឯទៀតៗ ដូចម្តេចកើត? 12 ពេលនោះ ដើមឈើទាំងឡាយពោលទៅកាន់ ដើមទំពាំងបាយជូរថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ! 13 ប៉ុន្តែ ដើមទំពាំងបាយជូរឆ្លើយថា: ស្រារបស់ខ្ញុំបានធ្វើឲ្យ អុលឡោះ និងមនុស្សលោក សប្បាយចិត្តគ្រប់ៗគ្នា តើឲ្យខ្ញុំលះបង់ស្រារបស់ខ្ញុំ ហើយទៅយោលខ្លួនលើដើមឈើឯទៀតៗ ដូចម្តេចកើត? 14 នៅទីបំផុត ដើមឈើទាំងឡាយពោលទៅកាន់ គុម្ពបន្លាថា: សូមអញ្ជើញមកគ្រងរាជ្យលើយើងខ្ញុំ! 15 គុម្ពបន្លាក៏ឆ្លើយទៅដើមឈើឯទៀតៗវិញថា: ប្រសិនបើអ្នករាល់គ្នាចង់តែងតាំងខ្ញុំឲ្យធ្វើ ជាស្តេចគ្រងរាជ្យលើអ្នករាល់គ្នាមែននោះ ចូរនាំគ្នាមកជ្រកក្រោមម្លប់ខ្ញុំចុះ! បើមិនធ្វើដូច្នោះទេ នឹងមានភ្លើងចេញពីគុម្ពបន្លាបញ្ឆេះ ដើមតាត្រៅនៅស្រុកលីបង់ថែមទៀតផង! 16 ឥឡូវនេះ តើអ្នករាល់គ្នាលើកអប៊ីម៉ាឡេកឡើងជាស្តេចដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែនឬ? តើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងគ្រួសារគាត់ដោយត្រឹមត្រូវឬ? តើអ្នករាល់គ្នាដឹងគុណគាត់ ចំពោះកិច្ចការដែលគាត់បានធ្វើដល់អ្នករាល់គ្នាឬទេ?។ 17 ឪពុករបស់ខ្ញុំបានច្បាំង ដើម្បីអ្នករាល់គ្នា គាត់បានស៊ូប្តូរជីវិតរបស់គាត់រំដោះអ្នករាល់គ្នា ឲ្យរួចពីកណ្តាប់ដៃរបស់ពួកម៉ាឌាន។ 18 ប៉ុន្តែ ឥឡូវនេះ អ្នករាល់គ្នាបះបោរប្រឆាំងនឹងក្រុមគ្រួសារគាត់ អ្នករាល់គ្នាសម្លាប់កូនប្រុសរបស់គាត់ទាំងចិតសិបនាក់ក្នុងពេលតែមួយ ព្រមទាំងលើកអប៊ីម៉ាឡេក ជាកូនស្ត្រីបម្រើរបស់គាត់ ឲ្យធ្វើជាស្តេច គ្រងរាជ្យលើអ្នកមុខអ្នកការ នៅស៊ីគែមថែមទៀតផង ព្រោះគាត់ត្រូវជាសាច់ញាតិរបស់អ្នករាល់គ្នា។ 19 ប្រសិនបើអ្នករាល់គ្នាប្រព្រឹត្តចំពោះលោកយេរូបាល និងក្រុមគ្រួសារគាត់ដោយទៀងត្រង់ និងស្មោះអស់ពីចិត្តមែននោះ សូមឲ្យអ្នករាល់គ្នាបានសប្បាយរីករាយ ដោយសារអប៊ីម៉ាឡេក ហើយសូមឲ្យគាត់បានសប្បាយរីករាយដោយសារអ្នករាល់គ្នាវិញដែរ។ 20 បើមិនដូច្នោះទេ សូមឲ្យមានភ្លើងចេញពីអប៊ីម៉ាឡេក មកឆេះអ្នកមុខអ្នកការនៅស៊ីគែម និងនៅបន្ទាយមីឡូ រួចឲ្យមានភ្លើងចេញពីអ្នកមុខអ្នកការនៅស៊ីគែម និងនៅបន្ទាយមីឡូ មកឆេះអប៊ីម៉ាឡេកវិញដែរ!»។ 21 បន្ទាប់មក លោកយ៉ូថាមក៏គេចខ្លួន រត់ទៅស្រុកបៀរ ហើយរស់នៅទីនោះឆ្ងាយពីលោកអប៊ីម៉ាឡេក ជាបង។ បណ្តាជននៅស៊ីគែមប្រឆាំងនឹងអប៊ីម៉ាឡេក 22 លោកអប៊ីម៉ាឡេក បានដឹកនាំស្រុកអ៊ីស្រអែលអស់រយៈពេលបីឆ្នាំ។ 23 ក្រោយមក អុលឡោះបានធ្វើឲ្យលោកអប៊ីម៉ាឡេក និងពួកអ្នកមុខអ្នកការនៅស៊ីគែម មានគំនិតបាក់បែកគ្នា គឺពួកគេបាននាំគ្នាក្បត់នឹងលោកអប៊ីម៉ាឡេក។ 24 ដូច្នេះ ពួកគេទទួលទោសចំពោះឃាតកម្មដែលខ្លួនបានប្រព្រឹត្ត គឺសម្លាប់កូនប្រុសរបស់លោកយេរូបាល ទាំងចិតសិបនាក់។ លោកអប៊ីម៉ាឡេកទទួលទោស ព្រោះបានសម្លាប់បងប្អូនរបស់ខ្លួន រីឯអ្នកមុខអ្នកការនៅស៊ីគែម ទទួលទោសព្រោះតែសមគំនិតជាមួយគាត់ក្នុងឃាតកម្មនេះ។ 25 ពួកអ្នកមុខអ្នកការនៅស៊ីគែម បានចាត់មនុស្សឲ្យទៅបង្កប់ខ្លួននៅលើកំពូលភ្នំ ដើម្បីប្លន់អស់អ្នកដែលធ្វើដំណើរតាមផ្លូវនោះ គឺក្នុងគោលបំណងប្រឆាំងនឹងលោកអប៊ីម៉ាឡេក។ មានគេនាំដំណឹងនេះទៅប្រាប់លោកអប៊ីម៉ាឡេក។ 26 ថ្ងៃមួយលោកកាអាល ជាកូនរបស់លោកអេបេដ បានធ្វើដំណើរដល់ស៊ីគែមជាមួយបងប្អូនរបស់គាត់។ ពួកអ្នកមុខអ្នកការនៅស៊ីគែមទុកចិត្តគាត់។ 27 ពួកគេចេញទៅចម្ការ បេះផ្លែទំពាំងបាយជូរ ហើយគាបយកទឹក រួចនាំគ្នាធ្វើបុណ្យយ៉ាងសប្បាយ។ បន្ទាប់មក គេចូលទៅក្នុងវិហារព្រះរបស់គេ គេនាំគ្នាស៊ីផឹក ហើយដាក់បណ្តាសាលោកអប៊ីម៉ាឡេក។ 28 ពេលនោះ លោកកាអាលពោលឡើងថា៖ «តើអប៊ីម៉ាឡេកជានរណា ហើយយើងទាំងអស់គ្នានៅស៊ីគែមនេះ ជានរណាដែរ បានជាត្រូវចំណុះគាត់? គាត់ជាកូនរបស់លោកយេរូបាល ហើយសេប៊ូលជាតំណាងរបស់គាត់។ ដូច្នេះ អ្នករាល់គ្នាមិនត្រូវបម្រើគាត់ឡើយ ចូរស្មោះត្រង់នឹងពូជពង្សលោកហាម៉ោរ ដែលត្រូវជាឪពុករបស់លោកស៊ីគែមនោះវិញ។ 29 ប្រសិនបើមានគេប្រគល់ប្រជាជននៅស៊ីគែមនេះមកឲ្យខ្ញុំត្រួតត្រា ខ្ញុំនឹងផ្តួលអប៊ីម៉ាឡេកជាមិនខាន»។ បន្ទាប់មក លោកកាអាលក៏ស្រែកថា៖ «អប៊ីម៉ាឡេកអើយ ចូរប្រមូលកងទ័ពរបស់ឯង ចេញមកប្រយុទ្ធជាមួយនឹងយើង!»។ 30 កាលលោកសេប៊ូលជាចៅហ្វាយក្រុង បានឮពាក្យដែលលោកកាអាល ជាកូនរបស់លោកអេបេដនិយាយ គាត់ខឹងយ៉ាងខ្លាំង។ 31 គាត់ក៏ចាត់អ្នកនាំសារឲ្យទៅជាសម្ងាត់ ប្រាប់លោកអប៊ីម៉ាឡេកថា៖ «កាអាល ជាកូនរបស់លោកអេបេដ ព្រមទាំងបងប្អូនរបស់គេទើបនឹងមកដល់ស៊ីគែម ហើយកំពុងតែញុះញង់អ្នកក្រុងឲ្យប្រឆាំងនឹងគាត់។ 32 ដូច្នេះ នៅយប់នេះ សូមអ្នកចេញទៅបង្កប់ខ្លួននៅឯស្រុកស្រែ ជាមួយទាហានរបស់អ្នកទៅ។ 33 ស្អែកឡើង ពេលថ្ងៃរះ សឹមវាយសំរុកចូលទីក្រុង។ នៅពេលដែលកាអាល និងបក្សពួករបស់គេចេញទៅតទល់នឹងអ្នកនោះ អ្នកអាចប្រព្រឹត្តចំពោះពួកគេតាមតែអ្នកយល់ឃើញទៅចុះ»។ 34 លោកអប៊ីម៉ាឡេក និងទាហានទាំងប៉ុន្មានដែលនៅជាមួយគាត់ ក្រោកឡើងទាំងយប់ ចែកគ្នាជាបួនក្រុម រួចទៅបង្កប់ខ្លួននៅក្បែរស៊ីគែម។ 35 ពេលនោះ លោកកាអាល ជាកូនរបស់លោកអេបេដ ក៏ចេញទៅឈរនៅមាត់ទ្វារទីក្រុង។ រីឯលោកអប៊ីម៉ាឡេក និងទាហានរបស់គាត់ ក៏ស្ទុះចេញមកពីទីបង្កប់ខ្លួនដែរ។ 36 លោកកាអាលឃើញពួកគេ ក៏និយាយទៅកាន់លោកសេប៊ូលថា៖ «មើល! មានមនុស្សចុះពីលើកំពូលភ្នំមក»។ ប៉ុន្តែ លោកសេប៊ូលឆ្លើយថា៖ «មិនមែនទេ គឺជាស្រមោលភ្នំទេតើ តែអ្នកមើលឃើញថាជាមនុស្សទៅវិញ!»។ 37 លោកកាអាលក៏ពោលទៀតថា៖ «មើលន៎ គឺពិតជាមានមនុស្សចុះពីភ្នំដែលនៅកណ្តាលនោះមែន ហើយក៏មានមួយក្រុមទៀតមកតាមផ្លូវដើមជ្រៃរបស់ពួកហោរាដែរ»។ 38 លោកសេប៊ូលឆ្លើយតបថា៖ «ម្តេចក៏អ្នកឯងមិនក្អេងក្អាងទៀតទៅ? កាលពីមុនអ្នកឯងបានពោលថា “តើអប៊ីម៉ាឡេក ជានរណា បានជាយើងត្រូវចំណុះគាត់?”។ ឥឡូវនេះពួកដែលអ្នកឯងមើលងាយ មកដល់ហើយ ចូរចេញទៅប្រយុទ្ធជាមួយគេទៅ!»។ 39 លោកកាអាលក៏នាំមុខអ្នកក្រុងស៊ីគែម ចេញទៅប្រយុទ្ធជាមួយលោកអប៊ីម៉ាឡេក។ 40 លោកកាអាលបាក់ទ័ព ហើយលោកអប៊ីម៉ាឡេក ដេញតាមពីក្រោយ។ មនុស្សមួយចំនួនធំត្រូវរបួស ដួលស្លាប់មុនទៅដល់មាត់ទ្វារក្រុង។ 41 លោកអប៊ីម៉ាឡេក ទៅស្នាក់នៅភូមិអារូម៉ា ចំណែកលោកសេប៊ូលវិញ គាត់ដេញលោកកាអាល និងបងប្អូនរបស់គេចេញពីស៊ីគែម មិនឲ្យគេនៅក្នុងក្រុងនោះឡើយ។ 42 លុះស្អែកឡើង លោកអប៊ីម៉ាឡេក បានទទួលដំណឹងថា អ្នកក្រុងស៊ីគែមរៀបចំខ្លួនចេញទៅវាល។ 43 គាត់ក៏ប្រមូលទាហានរបស់គាត់មកចែកគេជាបីក្រុម ហើយឲ្យទៅបង្កប់ខ្លួននៅតាមវាល។ ពេលគាត់ឃើញអ្នកក្រុងស៊ីគែម ចេញពីទីក្រុងមក គាត់ក៏ស្ទុះទៅវាយប្រហារពួកគេភ្លាម។ 44 លោកអប៊ីម៉ាឡេក និងក្រុមដែលនៅជាមួយគាត់ នាំគ្នាទៅស្ទាក់នៅមាត់ទ្វារក្រុង ក្នុងពេលដែលក្រុមពីរទៀតកំពុងតែដេញប្រហារជីវិតអស់អ្នកដែលនៅតាមវាល។ 45 លោកអប៊ីម៉ាឡេកវាយទីក្រុងពេញមួយថ្ងៃ ទើបដណ្តើមយកទីក្រុងបាន។ គាត់សម្លាប់ប្រជាជននៅក្នុងទីក្រុង ហើយបំផ្លាញទីក្រុង ព្រមទាំងបាចអំបិលទៀតផង។ 46 នៅពេលដែលឮដំណឹងនេះ ពួកអ្នកមុខអ្នកការទាំងប៉ុន្មានដែលស្ថិតនៅក្នុងប៉មស៊ីគែម នាំគ្នាទៅជ្រកនៅក្នុងរូងភ្នំ ដែលនៅក្រោមវិហារព្រះបេរីត។ 47 លោកអប៊ីម៉ាឡេកបានទទួលដំណឹងថា ពួកគេប្រមូលផ្តុំគ្នានៅទីនោះ 48 គាត់ក៏ឡើងទៅលើភ្នំសាល់ម៉ូន ជាមួយទាហានរបស់គាត់។ គាត់យកពូថៅទៅកាប់មែកឈើមួយ រួចលើកលី ទាំងបង្គាប់ទៅទាហានរបស់គាត់ថា៖ «ចូរធ្វើតាមខ្ញុំជាប្រញាប់!»។ 49 ពួកទាហានក៏កាប់មែកឈើម្នាក់មួយមែកៗ ហើយលីទៅតាមលោកអប៊ីម៉ាឡេក។ ពួកគេយកមែកឈើទាំងនោះ ទៅគរនៅមាត់រូងភ្នំ រួចដុតភ្លើងបញ្ឆេះរូងភ្នំ ព្រមទាំងមនុស្សដែលនៅក្នុងនោះផង។ អស់អ្នកដែលនៅក្នុងប៉មស៊ីគែម បានស្លាប់បែបនេះឯង ពួកគេទាំងប្រុសទាំងស្រី មានចំនួនប្រមាណមួយពាន់នាក់។ 50 ក្រោយមក លោកអប៊ីម៉ាឡេក ទៅក្រុងថេបេស គាត់ឡោមព័ទ្ធក្រុងនោះ ហើយដណ្តើមយកបាន។ 51 នៅកណ្តាលក្រុងនោះមានប៉មមួយយ៉ាងមាំ ប្រជាជនទាំងប្រុសទាំងស្រី និងអ្នកមុខអ្នកការទាំងប៉ុន្មាននៅក្រុងនោះ នាំគ្នាទៅជ្រកក្នុងប៉មនោះ។ ពួកគេបិទទ្វារយ៉ាងជិត រួចនាំគ្នាឡើងទៅលើកំពូល។ 52 លោកអប៊ីម៉ាឡេក ចូលទៅវាយយកប៉មនោះ គឺគាត់ទៅជិតមាត់ទ្វារដើម្បីដុតបំផ្លាញចោល។ 53 ពេលនោះ ស្ត្រីម្នាក់បានទម្លាក់ត្បាល់ថ្មមួយទៅលើក្បាលគាត់ ហើយក្បាលគាត់ក៏បែក។ 54 ភ្លាមនោះ លោកអប៊ីម៉ាឡេកហៅយុវជនដែលកាន់អាវុធរបស់គាត់មក ហើយបង្គាប់ថា៖ «ចូរហូតដាវសម្លាប់ខ្ញុំទៅ ដើម្បីកុំឲ្យគេនិយាយថា មានស្ត្រីម្នាក់បានសម្លាប់ខ្ញុំឡើយ»។ យុវជននោះក៏ចាក់ទម្លុះគាត់ ហើយគាត់ក៏ស្លាប់ទៅ។ 55 កាលជនជាតិអ៊ីស្រអែលឃើញថា គាត់បានស្លាប់ហើយនោះ គេក៏វិលត្រឡប់ទៅកាន់ទីលំនៅរបស់គេរៀងៗខ្លួនវិញ។ 56 គឺយ៉ាងនេះហើយ ដែលអុលឡោះដាក់ទោសលោកអប៊ីម៉ាឡេក សមនឹងអំពើអាក្រក់ដែលគាត់បានធ្វើចំពោះឪពុករបស់គាត់ ដោយសម្លាប់បងប្អូនគាត់ទាំងចិតសិបនាក់។ 57 អុលឡោះក៏បានដាក់ទោសអ្នកក្រុងស៊ីគែមសមនឹងអំពើអាក្រក់ទាំងប៉ុន្មានដែលពួកគេបានប្រព្រឹត្តដែរ គឺស្របតាមពាក្យបណ្តាសារបស់លោកយ៉ូថាម ជាកូនរបស់លោកយេរូបាលបានថ្លែងទាស់នឹងពួកគេ។ |
© 2014 United Bible Societies, UK.
United Bible Societies