ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 96 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 96

ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា!

1 ចូរ​ច្រៀង​បទ​ថ្មី​ជូន​អុលឡោះ‌តាអាឡា! មនុស្ស​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​ច្រៀង​ជូន​អុលឡោះ‌តាអាឡា!

2 ចូរ​ច្រៀង​ជូន​អុលឡោះ‌តាអាឡា និង​សរសើរ​តម្កើង​នាម​ទ្រង់ ចូរ​ប្រកាស​ជា​រៀង​រាល់​ថ្ងៃ អំពី​ការ​សង្គ្រោះ​របស់​ទ្រង់។

3 ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា អំពី​សិរី‌រុង‌រឿង​របស់​ទ្រង់ ហើយ​ប្រកាស​នៅ​ក្នុង​ចំណោម ប្រជា‌ជន​ទាំង‌ឡាយ អំពី​ស្នា‌ដៃ ដ៏​អស្ចារ្យ​របស់​ទ្រង់!

4 ដ្បិត​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​ដ៏​ប្រសើរ​ឧត្ដម ដែល​យើង​ត្រូវ​តែ​សរសើរ​តម្កើង​អស់​ពី​ចិត្ត ទ្រង់​គួរ​ជា​ទី​ស្ញែង​ខ្លាច​ជាង​ព្រះ​ផង​ទាំង​ពួង។

5 ព្រះ​ទាំង​ប៉ុន្មាន​របស់​សាសន៍​នានា សុទ្ធ​តែ​ឥត​បាន​ការ​អ្វី​ទាំង​អស់ រីឯ​អុលឡោះ‌តាអាឡា​វិញ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ។

6 មាន​ពន្លឺ​រស្មី​ចិញ្ចែង‌ចិញ្ចាច ចាំង​ចេញ​ពី​ទ្រង់ ដំណាក់​របស់​ទ្រង់​ពោរ‌ពេញ ទៅ​ដោយ​អំណាច​ដ៏​ថ្កុំ‌ថ្កើង​រុង‌រឿង។

7 ប្រជា‌ជាតិ​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​លើក​តម្កើង​សិរី‌រុង‌រឿង​អុលឡោះ‌តាអាឡា ហើយ​ថ្លែង​អំពី​អំណាច​របស់​ទ្រង់។

8 ចូរ​លើក​តម្កើង​សិរី‌រុង‌រឿង នាម​របស់​អុលឡោះ‌តាអាឡា! ចូរ​នាំ​គ្នា​យក​ជំនូន​ចូល​មក ក្នុង​ម៉ាស្ជិទ​របស់​ទ្រង់!

9 ចូរ​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អុលឡោះ‌តាអាឡា នៅ​ពេល​ទ្រង់​សំដែង​ភាព​វិសុទ្ធ​របស់​ទ្រង់! មនុស្ស​នៅ​លើ​ផែនដី​ទាំង​មូល​អើយ ចូរ​ញាប់‌ញ័រ​ចំពោះ​ទ្រង់​ចុះ!

10 ចូរ​ប្រកាស​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​នានា​ថា អុលឡោះ‌តាអាឡា​គ្រង​រាជ្យ ពិភព​លោក​រឹង‌មាំ​ឥត​រង្គើ​សោះ​ឡើយ។ អុលឡោះ‌តាអាឡា​គ្រប់‌គ្រង​លើ​ប្រជា‌រាស្ត្រ​នានា ដោយ​យុត្តិធម៌។

11 ចូរ​ឲ្យ​ផ្ទៃ​មេឃ​មាន​អំណរ​សប្បាយ ឲ្យ​ផែនដី​បាន​រីក‌រាយ​ឡើង ហើយ​សមុទ្រ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ក្នុង​សមុទ្រ បន្លឺ​សំឡេង​យ៉ាង​អឺង‌កង!

12 ចូរ​ឲ្យ​ស្រែ​ចម្ការ និង​អ្វីៗ​ដែល​ស្ថិត​នៅ​ទី​នោះ ត្រេក‌អរ​សប្បាយ ចូរ​ឲ្យ​ព្រៃ​ព្រឹក្សា​ទាំង​ប៉ុន្មាន ស្រែក​ហ៊ោ​ចំពោះ​អុលឡោះ‌តាអាឡា

13 ដ្បិត​ទ្រង់​មក​ហើយ ទ្រង់​មក​វិនិច្ឆ័យ​ទោស​ផែនដី ទ្រង់​វិនិច្ឆ័យ​ទោស​ផែនដី ដោយ​យុត្តិធម៌ ទ្រង់​វិនិច្ឆ័យ​ប្រជា‌ជន​ទាំង‌ឡាយ ដោយ​ទៀង​ត្រង់។

© 2014 United Bible Societies, UK.

United Bible Societies