ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 88 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 88

សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ខ្ញុំ​ហើយ
គីតាបសាបូរ​របស់​កូន​ចៅ​លោក​កូរេ។ ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ ចាប់​ផ្តើម​ជា​មួយ​ខ្លុយ។ កំណាព្យ​របស់​លោក​ហេម៉ាន់​ជា​អ្នក​ស្រុក​អេស‌រ៉ាគីត។

1 ឱ​អុលឡោះ‌តាអាឡា ជា​ម្ចាស់‌សង្គ្រោះ​នៃ​ខ្ញុំ​អើយ ពេល​ថ្ងៃ​ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ហើយ​ពេល​យប់ ខ្ញុំ​នៅ​តែ​រក​ទ្រង់​ដដែល។

2 សូម​ឲ្យ​ពាក្យ​ទូរអា​របស់​ខ្ញុំ បាន​ឡើង​ទៅ​ដល់​ទ្រង់! សូម​ស្តាប់​សំរែក​របស់​ខ្ញុំ​ផង!

3 ដ្បិត​ខ្ញុំ​មាន​ទុក្ខ​ខ្លោច‌ផ្សា​ឥត​ឧបមា សេចក្ដី​ស្លាប់​បាន​ខិត​មក​ជិត​ខ្ញុំ​ហើយ។

4 គេ​ចាត់​ទុក​ខ្ញុំ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​ដែល​ត្រូវ​ធ្លាក់​ទៅ​ក្នុង​រណ្ដៅ ឬ​ជា​អ្នក​ស្ថិត​នៅ​ក្នុង​ចំណោម​មនុស្ស ដែល​លែង​មាន​កម្លាំង​ទៀត។

5 ខ្ញុំ​ដេក​ស្តូក​ដូច​មនុស្ស​ស្លាប់​នៅ​ក្នុង​ផ្នូរ ខ្ញុំ​ប្រៀប​បាន​នឹង​អស់​អ្នក​ដែល​ទ្រង់ លែង​នឹក​នា និង​លែង​ជួយ​ទៀត។

6 ទ្រង់​បាន​បោះ​ខ្ញុំ​ទៅ​ក្នុង​រណ្ដៅ​ដ៏​ជ្រៅ ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​នៃ​សេចក្ដី​ស្លាប់។

7 កំហឹង​របស់​ទ្រង់​សង្កត់​មក​លើ​ខ្ញុំ ដូច​ទឹក​រលក​បក់​បោក​មក​លើ​ខ្ញុំ។ - សម្រាក

8 ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​អ្នក ដែល​ជិត​ស្និទ្ធ​នឹង​ខ្ញុំ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​អ្នក​ទាំង​នោះ​ខ្ពើម​ខ្ញុំ ខ្ញុំ​គេច​ពី​ស្លាប់​មិន​រួច​ឡើយ។

9 ភ្នែក​ខ្ញុំ​ស្រវាំង ដោយ​កើត​ទុក្ខ​វេទនា​ខ្លាំង​ពេក ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​អង្វរ​ទ្រង់​ជា​រៀង​រាល់​ថ្ងៃ! ខ្ញុំ​លើក​ដៃ​ឡើង​ទៅ​រក​ទ្រង់!

10 តើ​ទ្រង់​អាច​ធ្វើ​ការ​អស្ចារ្យ សម្រាប់​មនុស្ស​ស្លាប់​បាន​ឬ? តើ​មនុស្ស​ដែល​ស្លាប់​ទៅ​ហើយ អាច​ក្រោក​ឡើង​សរសើរ​តម្កើង​ទ្រង់​កើត​ឬ? - សម្រាក

11 តើ​អ្នក​នៅ​ក្នុង​ផ្នូរ​អាច​ថ្លែង​ពី​ចិត្ត មេត្តា‌ករុណា​របស់​ទ្រង់ ហើយ​អ្នក​ដែល​វិនាស​បាត់​បង់​ជីវិត​ទៅ​ហើយ​នោះ អាច​ថ្លែង​ពី​ចិត្ត​ស្មោះ‌ស្ម័គ្រ របស់​ទ្រង់​កើត​ឬ?

12 តើ​អ្នក​ដែល​នៅ​ក្នុង​ស្ថាន​ងងឹត​អាច​ស្គាល់ ស្នា‌ដៃ​ដ៏​អស្ចារ្យ​របស់​ទ្រង់​បាន​ឬ? តើ​អ្នក​ដែល​មនុស្ស‌ម្នា​ភ្លេច​សូន្យ​ទៅ​ហើយ​នោះ អាច​ស្គាល់​សេចក្ដី​សុចរិត របស់​ទ្រង់​ដូច​ម្ដេច​បាន?

13 ឱ​អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​ស្រែក​អង្វរ​ទ្រង់ ខ្ញុំ​ចូល​មក​ទូរអា នៅ​ចំពោះ​ទ្រង់​តាំង​ពី​ព្រឹក។

14 ឱ​អុលឡោះ‌តាអាឡា​អើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​បោះ បង់​ចោល​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​មុខ​នឹង​ខ្ញុំ?

15 ខ្ញុំ​លំបាក​វេទនា ជិត​ស្លាប់​តាំង​ពី​ក្មេង​មក​ម៉្លេះ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ​ភ័យ តក់‌ស្លុត​អស់​សង្ឃឹម។

16 កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​ទ្រង់ សង្កត់​មក​លើ​ខ្ញុំ ទ្រង់​ធ្វើ​ឲ្យ​ខ្ញុំ ភ័យ​តក់‌ស្លុត​បាត់​ស្មារតី។

17 ទុក្ខ​ទោស​ទាំង​នេះ​ប្រៀប​បាន នឹង​មហា‌សាគរ​ដែល​នៅ​ឡោម‌ព័ទ្ធ​ខ្ញុំ ព្រម​ទាំង​គ្រប​ពី​លើ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។

18 ទ្រង់​បាន​យក​មិត្ត‌ភក្ដិ ព្រម​ទាំង​អ្នក​ជិត‌ស្និទ្ធ នឹង​ខ្ញុំ ចេញ​ឆ្ងាយ​ពី​ខ្ញុំ គឺ​មាន​តែ​ភាព​ងងឹត​ប៉ុណ្ណោះ ដែល​នៅ​ជា​មួយ​ខ្ញុំ។

© 2014 United Bible Societies, UK.

United Bible Societies