ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!គីតាបសាបូររបស់លោកអេសាភ។ 1 ឱអុលឡោះដែលជាអ្នកគង្វាល នៃជនជាតិអ៊ីស្រអែលអើយ សូមស្តាប់យើងខ្ញុំ ទ្រង់ដឹកនាំពូជពង្សរបស់យូសុះ ដូចអ្នកគង្វាលដឹកនាំហ្វូងចៀម ឱអុលឡោះដែលនៅលើពួកម៉ាឡាអ៊ីកាត់មានស្លាបអើយ សូមសំដែងអំណាចដ៏រុងរឿងរបស់ទ្រង់ 2 សូមសំដែងអំណាចឲ្យកុលសម្ព័ន្ធ អេប្រាអ៊ីម ពុនយ៉ាមីន និងម៉ាណាសេឃើញ សូមមកសង្គ្រោះយើងខ្ញុំផង! 3 ឱអុលឡោះអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! 4 ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ តើទ្រង់ខឹង មិនស្ដាប់ពាក្យទូរអាអង្វររបស់ប្រជារាស្ត្រទ្រង់ ដល់កាលណាទៀត? 5 ទ្រង់ធ្វើឲ្យយើងខ្ញុំសោកសង្រេង ឥតស្រាកស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។ 6 ទ្រង់ធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា ដណ្ដើមយកទឹកដីយើងខ្ញុំ ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។ 7 ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយ ចិត្តសប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! 8 ទ្រង់បានគាស់ទំពាំងបាយជូរមួយដើម ពីស្រុកអេស៊ីបមក ទ្រង់បានដេញប្រជាជាតិនានាចេញពីទឹកដី ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។ 9 ទ្រង់ឆ្ការដីកន្លែងនោះយ៉ាងស្អាត ដើមទំពាំងបាយជូរក៏ចាក់ឫស ហើយដុះពាសពេញនៅក្នុងស្រុក 10 ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា ហើយមែករបស់វាគ្របពីលើដើមតាត្រៅដ៏ខ្ពស់ៗ។ 11 ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ ហើយមានពន្លកលាស់ចេញមក រហូតទៅដល់ទន្លេអឺប្រាត។ 12 ហេតុអ្វីបានជាទ្រង់រំលំរបងចម្ការ ទំពាំងបាយជូរនេះ បណ្តាលឲ្យអស់អ្នកធ្វើដំណើរ កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ? 13 ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម ទំពាំងបាយជូរនេះដែរ។ 14 ឱអុលឡោះជាម្ចាស់នៃពិភពទាំងមូលអើយ សូមមកវិញ! សូមមើលពីសូរ៉កាមក! សូមមកជួយចម្ការទំពាំងបាយជូរនេះផង! 15 សូមការពារចម្ការទំពាំងបាយជូរ ដែលទ្រង់បានដាំ ដោយទ្រង់ផ្ទាល់ គឺបុត្រាដែលទ្រង់បានពង្រឹងឲ្យមាំមួនឡើង! 16 សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ ត្រូវវិនាសសូន្យទៅ នៅពេលទ្រង់គំរាមកំហែងពួកគេ។ 17 សូមដាក់ដៃលើមនុស្ស ដែលស្ថិតនៅខាងស្ដាំទ្រង់ គឺលើកូនមនុស្សដែលទ្រង់បានពង្រឹង ឲ្យមាំមួនឡើង។ 18 យើងខ្ញុំនឹងមិនបែកចិត្តចេញពីទ្រង់ទៀតឡើយ សូមប្រោសប្រទានឲ្យយើងខ្ញុំ រស់រានមានជីវិតឡើងវិញផង នោះយើងខ្ញុំគោរពបម្រើនាមរបស់ទ្រង់។ 19 ឱអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ សូមមើលមកយើងខ្ញុំដោយចិត្ត សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត! |
© 2014 United Bible Societies, UK.
United Bible Societies