ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 6 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 6

អុលឡោះ​ខឹង​នឹង​ខ្ញុំ តែ​សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ កំដរ​ដោយ​ក្រុម​តន្ដ្រី​មាន​ខ្សែ និង​ពិណ​ប្រាំ​បី​ខ្សែ។ ទំនុក​របស់​ណាពី​ទត។

1 ឱ​អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ ទោះ​បី​ទ្រង់ ខឹង​នឹង​ខ្ញុំ​ក្តី សូម​កុំ​ដាក់​ទោស​ខ្ញុំ​ឡើយ ទោះ​បី​ទ្រង់​ខឹង​នឹង​ខ្ញុំ​ក្តី ក៏​សូម​កុំ​ធ្វើ​ទោស​ខ្ញុំ​ដែរ!

2 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រណី​សន្ដោស​ខ្ញុំ​ផង ដ្បិត​ខ្ញុំ​កាន់​តែ​ខ្សោយ​ណាស់​ហើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ប្រោស​ខ្ញុំ​ឲ្យ​ជា​ផង ដ្បិត​រូប​កាយ​ខ្ញុំ​ទាំង​មូល​ញ័រ‌ញាក់​ ។

3 ចិត្ត​គំនិត​ខ្ញុំ​តប់‌ប្រមល់​ជា​ខ្លាំង អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ តើ​ទុក​ឲ្យ​ខ្ញុំ​នៅ​ដូច្នេះ ដល់​កាល​ណា​ទៀត?

4 អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ សូម​ទ្រង់​មក​វិញ ហើយ​សង្គ្រោះ​ខ្ញុំ​ផង សូម​រំដោះ​ខ្ញុំ ដោយ​ចិត្ត​សប្បុរស

5 ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ទ្រង់​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ទ្រង់ នៅ​ក្នុង​ផ្នូរ​ខ្មោច​បាន​ឡើយ។

6 ខ្ញុំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ខ្ញុំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

7 ទុក្ខ​កង្វល់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្លក់​មុខ ភ្នែក​ខ្ញុំ​ក៏​ប្រែ​ទៅ​ជា​ស្រវាំង ព្រោះ​តែ​បច្ចា‌មិត្ត​របស់​ខ្ញុំ។

8 អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​អើយ ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​ខ្ញុំ​ទៅ​ ដ្បិត​អុលឡោះ‌តាអាឡា ទ្រង់​ស្តាប់​ឮ​សំឡេង យំ​សោក​របស់​ខ្ញុំ​ហើយ។

9 អុលឡោះ‌តាអាឡា​ទ្រង់​ស្តាប់​ឮ​ពាក្យ ទទូច​អង្វរ​របស់​ខ្ញុំ អុលឡោះ‌តាអាឡា​ទទួល​ពាក្យ​ទូរអា​របស់​ខ្ញុំ​ហើយ។

10 សូម​ឲ្យ​ខ្មាំង​សត្រូវ​ទាំង​ប៉ុន្មាន​របស់​ខ្ញុំ ត្រូវ​អាម៉ាស់ និង​ញ័រ​រន្ធត់ ហើយ​ឲ្យ​គេ​ដក​ខ្លួន​ថយ​ទៅ​វិញ ទាំង​អៀន​ខ្មាស​យ៉ាង​ខ្លាំង។

© 2014 United Bible Societies, UK.

United Bible Societies