ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម

ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។


ទំនុកតម្កើង 56 - អាល់គីតាប អាល់គីតាប
ទំនុកតម្កើង 56

ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ​តើ​មនុស្ស​អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?
ទំនុក​ពី​សៀវភៅ​របស់​គ្រូ​ចំរៀង។ បទ «ព្រាប​ស្ងៀម​ស្ងាត់​នៅ​ស្រុក​ឆ្ងាយ»។ បទ​ចំរៀង​របស់​ណាពី​ទត នៅ​គ្រា​ដែល​ជន‌ជាតិ​ភីលី‌ស្ទីន​ចាប់​គាត់​នៅ​ក្រុង​កាដ។​

1 ឱ​អុលឡោះ​អើយ សូម​អាណិត​មេត្តា​ខ្ញុំ​ផង ដ្បិត​មាន​មនុស្ស​លើក​គ្នា​វាយ​ប្រហារ​ខ្ញុំ គេ​លើក​គ្នា​មក​ប្រយុទ្ធ និង បៀត‌បៀន​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។

2 ជា​រៀង​រាល់​ថ្ងៃ បច្ចា‌មិត្ត​របស់​ខ្ញុំ នាំ​គ្នា​ដេញ​វាយ​ប្រហារ​ខ្ញុំ ពួក​គេ​វាយ​ឫក​ខ្ពស់ ហើយ​គេ​មាន​គ្នា​ច្រើន មក​ប្រយុទ្ធ​នឹង​ខ្ញុំ។

3 ឱ​អុលឡោះ​អើយ នៅ​ថ្ងៃ​ខ្ញុំ​ភ័យ​ខ្លាច ខ្ញុំ​ផ្ញើ​ជីវិត​លើ​ទ្រង់។

4 ខ្ញុំ​សរសើរ​តម្កើង​បន្ទូល​សន្យា​របស់​អុលឡោះ ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់​ អាច​ធ្វើ​អ្វី​ខ្ញុំ​កើត?។

5 ជា​រៀង​រាល់​ថ្ងៃ ពួក​គេ​ជេរ​ប្រមាថ ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់ គេ​តែង​ប៉ុន‌ប៉ង​ធ្វើ​បាប​ខ្ញុំ​ជា‌និច្ច។

6 គេ​ឃុប‌ឃិត​គ្នា​ចាំ​ឃ្លាំ​មើល និង​តាម​ដាន​ខ្ញុំ ដើម្បី​រក​ឱកាស​សម្លាប់​ខ្ញុំ។

7 ឱ​អុលឡោះ​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សំដែង​កំហឹង បង្ក្រាប​ប្រជា‌ជន​ទាំង​នោះ។

8 ទ្រង់​ជ្រាប​ច្បាស់​ថា ខ្ញុំ​រង​ទុក្ខ​យ៉ាង​ណា សូម​ត្រង​ទឹក​ភ្នែក​ខ្ញុំ​ទុក ទ្រង់​បាន​រាប់​តំណក់​ទឹក​ភ្នែក ទាំង​នោះ​ក្នុង​បញ្ជី​ស្រាប់​ហើយ។

9 នៅ​ថ្ងៃ​ដែល​ខ្ញុំ​ស្រែក​រក​អុលឡោះ ខ្មាំង​សត្រូវ​របស់​ខ្ញុំ​មុខ​ជា​ដក​ខ្លួន​ថយ ខ្ញុំ​ដឹង​ច្បាស់​ថា​អុលឡោះ​នៅ​ខាង​ខ្ញុំ។

10 ខ្ញុំ​សរសើរ​តម្កើង​បន្ទូល​សន្យា​របស់​អុលឡោះ ខ្ញុំ​សរសើរ​តម្កើង​បន្ទូល​របស់​អុលឡោះ‌តាអាឡា។

11 ខ្ញុំ​ទុក​ចិត្ត​លើ​អុលឡោះ ហើយ​ខ្ញុំ​នឹង​មិន​ភ័យ​ខ្លាច​អ្វី​ឡើយ តើ​មនុស្ស​ដែល​តែងតែ​ស្លាប់ អាច​ធ្វើ​អ្វី​ខ្ញុំ​បាន?។

12 ឱ​អុលឡោះ​អើយ! ខ្ញុំ​ត្រូវ​តែ​ជូន​ជំនូន តាម​ពាក្យ​ដែល​ខ្ញុំ​បាន​សន្យា​ជា​មួយ​ទ្រង់ ខ្ញុំ​នឹង​ធ្វើ​គូរបាន​អរ​គុណ​ទ្រង់។

13 ដ្បិត​ទ្រង់​បាន​រំដោះ ខ្ញុំ​ឲ្យ​រួច​ពី​ស្លាប់ ជើង​ខ្ញុំ​នឹង​មិន​ត្រូវ​ជំពប់​ដួល​ឡើយ ហើយ​ខ្ញុំ​នឹង​ដើរ​នៅ​ចំពោះ​អុលឡោះ ក្រោម​ពន្លឺ​ដែល​បំភ្លឺ​មនុស្ស​លោក។

© 2014 United Bible Societies, UK.

United Bible Societies